ភ្នំពេញៈ ក្មេងស្រីជនជាតិដើមភាគតិច និងក្រុមអ្នកធ្វើការជួយជំរុញការអភិវឌ្ឍរបស់ស្ដ្រីជនជាតិភាគតិច រកឃើញថា ក្មេងស្រីជនជាតិដើមភាគតិច រស់នៅក្នុងស្ថានភាពដែលខ្វះព័ត៌មាន ដោយសារផ្នត់គំនិតសង្គម និងសេវាសាធារណៈ។
ជនជាតិដើមភាគតិចព្រៅម្នាក់មកពីខេត្តរតនគិរី គឺយុវតី លេក ការី បានប្រាប់ថា នៅក្នុងសហគមន៍ដែលយុវតី ការី និងក្មេងស្រីដទៃទៀតរស់នៅ គឺមើលឃើញថាមិនទាន់មានការគាំទ្រពេញលេញទៅលើការផ្សព្វផ្សាយព័ត៌មាន និងការគាំទ្រពីសហគមន៍ ឬអាជ្ញាធរលើការសម្រេចចិត្តរបស់ពួកគេទេ។ យុវតីរូបនេះបន្តថា ខ្លួនរស់នៅ មានការឃ្លាតឆ្ងាយពីគ្នា ឬអាចជាតំបន់ដាច់ស្រយាល ដូច្នេះការទទួលបានការគាំទ្រអំពីសេវាសាធារណៈ និងការផ្លាស់ប្ដូរផ្នត់គំនិតអ្នករស់នៅក្នុងសហគមន៍ គឺវាមិនងាយស្រួលឡើយ។
យុវតី លេក ការី ថ្លែងថា៖ «គឺវាមានការពិបាក និងមានអារម្មណ៍ភ័យខ្លាចក្នុងទំនាក់ទំនងជាមួយមនុស្សដទៃទៀត ដូចជា ការបញ្ចេញមតិយោបល់ ឬក៏ការបង្ហាញពីការយល់ឃើញ ទៅកាន់សហគមន៍ និងអាជ្ញាធរមូលដ្ឋានជាដើម»។
យុវតី លេក ការី ថ្លែងថា៖ «ពួយយើងខ្វះការគាំទ្រការសម្រេចចិត្ត ខ្ញុំគិតថា វាអាចដោយសារប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសហគមន៍របស់ខ្ញុំ គឺវានៅមានកម្រិត មានន័យថា គេអត់បើកទូលាយក្នុងការផ្សព្វផ្សាយព័ត៌មាន ឬដំណឹងអ្វីមួយ អ៊ីចឹងយើងខ្វះព័ត៌មានមែនទែន។ រួមជាមួយការខ្វះចំណេះដឹងរបស់ធនធានស្ដ្រី និងក្មេងស្រីទៀត គាត់គិតថាមិនបាច់ត្រូវការគាំទ្រពីអ្នកណាទេ»។
លោកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារីដើម្បីសន្តិភាព បានបានប្រាប់ថា តាមរយៈការសិក្សាស្រាវជ្រាវថ្មីៗនេះបានរកឃើញក្មេងស្រីជនជាតិភាគតិចជិត៦០% មិនមានទំនាក់ទំនងជាមួយសហគមន៍ផ្សេងទៀតឡើយ ពីព្រោះដោយសារតែពួកគាត់មានកន្លែងរស់នៅក្នុងតំបន់ឆ្ងាយពីគ្នា។ លើសពីនេះទៀត ក្មេងស្រីទាំងនោះ មិនហ៊ានចេញមកខាងក្រៅទេ គឺដោយសារតែពួកគាត់មានការអៀនខ្មាស ក្នុងការនិយាយស្ដី រួមជាមួយនឹងភាពភ័យខ្លាចដែលមានអ្នករើសអើងជាដើម។
លោកស្រី គ្រី ស៊ុយហៀង ថ្លែងថា៖ «អ៊ីចឹង ខ្ញុំគិតថា ជាមួយបញ្ហាទាំងអស់នេះហើយ ដែលធ្វើឲ្យគាត់ពិបាកក្នុងការទទួលបានព័ត៌មាន ហើយបើមិនអាចទទួលបានព័ត៌មានឬទទួលបានដែរ ប៉ុន្តែទទួលបានព័ត៌មានតិច ដូច្នេះហើយគាត់អត់មានសេចក្ដីក្លាហានក្នុងការធ្វើការសម្រេចចិត្តនោះទេ»។
លោកស្រីបន្តថា ក្មេងស្រីទាំងនោះ ត្រូវបាត់បង់ឱកាស និងសិទ្ធិចូលរួមក្នុងការងារសហគមន៍ និងការងារសង្គមផ្សេងៗ ហើយការបាត់បង់ឱកាសនេះ នឹងធ្វើឲ្យពួកគាត់មានការភ័យខ្លាច មិនអាចបង្ហាញការយល់ឃើញអំពីបញ្ហាផ្សេងៗ ទៅកាន់អាជ្ញាធរភូមិ-ឃុំមូលដ្ឋានផងដែរ។
លោកស្រីបន្ថែមថា កត្តាប្រឈមទាំងនោះ គឺនៅជុំវិញក្មេងស្រីជនជាតិដើមភាគតិចទាំងនោះ រួមមានទាំងកត្តាសង្គម កត្តាបុគ្គល និងកត្តាជាប្រព័ន្ធផង ដែលធ្វើឲ្យក្មេងស្រី និងស្ដ្រីទាំងនោះត្រូវខ្វះខាតការទទួលបានព័ត៌មាន និងការគាំទ្រក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។
លោកស្រី ថ្លែងថា៖ «ជាដំណោះស្រាយ ចាំចាច់ត្រូវតែជាដំណោះស្រាយពហុវិស័យ មានន័យថាចាំចាច់ត្រូវតែមានការចូលរួមពីគ្រប់ភាគី ពហុតួអង្គពាក់ព័ន្ធទាំងអស់ ហើយការចាំចាច់ក្នុងការដោះស្រាយដំបូងគេ គឺស្ដ្រីជនជាតិភាគតិចខ្លួនឯង ដើម្បីពង្រឹងអំណាចក្នុងការក្រោកឈរឡើង និងទាមទារអ្វីដែលជាសិទ្ធិរបស់ខ្លួនឯង ហើយរួមជាមួយឪពុកម្ដាយរបស់គាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត រួមមាន សហគមន៍ និងអាជ្ញាធរភូមិ-ឃុំចូលរួមផ្លាស់ប្ដូរផ្នត់គំនិតទៅជាវិជ្ជមានចំពោះយេនឌ័រផងដែរ»។
លោកស្រីបន្ថែមថា ចំណែកតួអង្គសំខាន់មួយទៀត គឺវិស័យសារព័ត៌មាន ពីព្រោះអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយឱកាស និងត្រូវចែករំលែកព័ត៌មានណាដែលពិតប្រាកដសម្រាប់ស្ដ្រី និងក្មេងស្រីជនជាតិដើមភាគតិចទាំងនោះ។
ជុំវិញរឿងនេះអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត បានប្រាប់ថា ខាងក្រសួងក៏បានធ្វើការពង្រឹង និងសហការជាមួយមន្ទីរកិច្ចការនារីខេត្ត ដើម្បីពង្រឹងសមត្ថភាពអ្នកផ្ដល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយបន្ថែមទៀតសម្រាប់ក្មេងស្រី និងស្ដ្រីទាំងនោះផងដែរ។ លោកស្រីបន្ថែមថា ក្រសួងជំនាញមានការរៀបចំជាជាគោលនយោបាយ និងផែនការសកម្មភាព ឱ្យឆ្លើយតបតបទៅនឹងក្រុមងាយរងគ្រោះ ដោយជនជាតិដើមភាគតិច ត្រូវបានក្រសួងចាត់ទុកជាក្រុមដែលមានអាទិភាព។
លោកស្រី ស ស៊ីណែត ថ្លែងថា៖ «ដូច្នេះហើយ បានជាគ្រប់គោលនយោបាយ គ្រប់ផែនការ យើងបានដាក់បញ្ចូលបងប្អូនជនជាតិដើមភាគតិច ជាក្រុមងាយរងគ្រោះ ដែលមានន័យថា គិតគូរពីបរិយាប័ន្នយេនឌ័រ ក៏ដូចជាការាប់បញ្ជូលបរិយាប័ន្នហ្នឹងទៅក្នុងផែនការហ្នឹង ដោយមិនទុកឲ្យនរណាម្នាក់នៅឯកោទេ»។
លោកស្រីបន្តថា ក្រៅពីផែនការទាំងនេះហើយ ក្រសួងក៏បានអនុវត្ត និងផ្សព្វផ្សាយពីផែនការទាំងនេះដែរ ជាពិសេសគឺការផ្សព្វផ្សាយ ក្នុងការចូលរួមទប់ស្កាត់ និងបង្ការនៅតាមបណ្ដាខេត្តរតនគិរី អំពីផលប៉ះពាល់នៃការរៀបការ និងការមានផ្ទៃពោះនៅវ័យក្មេង។
លើសពីនេះទៀត ស្ដ្រី និងក្មេងស្រីជនជាតិដើមភាគតិចទាំងនោះ ដោយសារសហគមន៍របស់ពួកគាត់ស្ថិតក្នុងតំបន់ដាច់ស្រយាល ដែលនៅឆ្ងាយពីគ្នា ដូច្នេះហើយពួកគាត់នឹងប្រឈមនូវបញ្ហាផ្សេងៗ ដោយមិនបានទទួលព័ត៌មានពេញលេញ អំពីសេវាសាធារណៈជាដើម។
លោកស្រីស៊ីណែតបន្ថែមថា ៖ «អ៊ីចឹងហើយ បានជាក្រសួង និងមន្ទីរកិច្ចការនារីបានខិតចំធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មាន និងខិត្តប័ណ្ណ អំពីមាត្រាមួយចំនួន ដែលទាក់ទងជាមួយការរំលោភបំពានផ្សេងៗ»។
សូមបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២២ អង្គការនារីដើម្បីសន្តិភាព បានចេញការសិក្សាស្រាវជ្រាវមួយ ដែលមានឈ្មោះថា សំឡេងក្មេងស្រីជនជាតិដើមភាគតិច ដែលការសិក្សាស្រាវជ្រាវនេះបានបង្ហាញពីការប្រឈមរបស់ក្មេងស្រីជាង៣៤៣នាក់ រួមមាន ជនជាតិដើមភាគតិច ជនជាតិដើមភាគតិចវៀតណាម ជនជាតិចាមមូស្លីម និងខ្មែរក្រោម ហើយបានប្រឈមនឹងផ្នត់គំនិតសង្គម ទទួលបានការរើសអើង កង្វះសេវាសាធារណៈនៅតាមមូលដ្ឋាន និងអសន្តិសុខលំនៅដ្ឋានជាដើម៕