ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានជំនួបដាច់ដោយឡែកពីគ្នា ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា និងគុយបា ពិភាក្សា និងផ្លាស់ប្ដូរយោបល់ក្នុងបញ្ហាវិស័យកសិកម្ម និងឱកាសបើកទីផ្សារសម្រាប់លក់កសិផលកសិកម្មចេញទៅក្រៅប្រទេស។
លោក ឌិត ទីណា បានស្នើឱ្យមានការផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើកសិកម្ម ជាមួយប្រទេសឥណ្ឌា ដោយអញ្ជើញអ្នកវិនិយោគទុនឥណ្ឌា មកទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលរបស់វិស័យកសិកម្មកម្ពុជា និងបើកឱកាសទីផ្សារឱ្យកសិផលកម្ពុជា។
លោក ឌិត ទីណា បានលើកឡើងបែបនេះនៅពេលជួបពិភាក្សាការងារជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២។
លោករដ្ឋមន្ត្រី បានថ្លែងថា៖ «ឥណ្ឌាសម្បូរដោយគ្រឿងយន្តកសិកម្ម ជាច្រើនដែលអាចកាត់បន្ថយថ្លៃចំណាយកសិករ។ ទន្ទឹមគ្នានេះ ខ្ញុំក៏បានពិភាក្សា ជាមួយលោកជំទាវ Devyani Khobragade អំពីការសិក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់ជីគីមីពីឥណ្ឌា ដោយផ្តោតសំខាន់ លើ គុណភាព និងតម្លៃនៃជី ដែលអាចប្រកួតប្រជែងនៅលើទីផ្សារកម្ពុជាបាន»។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែធ្នូថា ក្នុងជំនួបនេះលោករដ្ឋមន្ត្រីបានលើកឡើងអំពីលទ្ធភាពនៃការផ្តល់ឱកាសទៅដល់ក្រុមអ្នកជំនាញកសិកម្មកម្ពុជា អញ្ជើញទៅធ្វើទស្សនកិច្ច និងទទួលការបណ្តុះបណ្តាលនៅប្រទេសឥណ្ឌាដើម្បីស្វែងយល់ពីការរីកចម្រើននៅក្នុងវិស័យកសិកម្ម របស់ឥណ្ឌា ជាពិសេស ក្នុងការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការបូមទឹកដោយប្រើពន្លឺព្រះអាទិត្យ និងការស្រាវជ្រាវពូជជាដើម។
កញ្ញាលើកឡើងថា៖ «ទន្ទឹមគ្នានោះកម្ពុជាក៏បានស្នើសុំជំនាញការឥណ្ឌាមកកម្ពុជាដើម្បីពង្រឹងការស្រាវជ្រាវបច្ចេកទេសដើម្បីអភិវឌ្ឍ និងការស្រាវជ្រាវវិស័យកសិកម្មនៅកម្ពុជា»។
កញ្ញាថ្លែងថា ក្រៅពីជួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃដដែលនោះ លោក ឌិត ទីណា ក៏បានជួបជាមួយ លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាផងដែរ។ ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតបានលើកឡើងពីតម្រូវការស្រូវ ព្រោះគុយបាជាប្រទេសដែលប្រជាជនបរិភោគបាយជាអាហារចម្បង និងបានអញ្ជើញរដ្ឋមន្ត្រីកសិកម្មកម្ពុជា និងមន្ត្រីជំនាញទៅធ្វើទស្សនកិច្ចនៅប្រទេសគុយបា។
កញ្ញាថ្លែងថា៖ «គុយបាស្នើឱ្យបញ្ជូនអ្នកជំនាញបច្ចេកទេសដាំស្រូវពីកម្ពុជាទៅគុយបាដើម្បីពិសោធ និងបង្ហាត់បង្ហាញចែករំលែកចំណេះដឹង អំពីការដាំដុះដំណាំស្រូវទៅដល់ អ្នកជំនាញរបស់គុយបា»។
កញ្ញា រចនា បានថ្លែងថា លោក ឌិត ទីណា បានសម្ដែងការស្វាគមន៍ និងបញ្ជាក់ទៅវិញថា កម្ពុជានឹងបញ្ជូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីធ្វើការពិសោធ និងបង្ហាត់បង្ហាញដោយផ្ទាល់។
កញ្ញាថ្លែងថា៖ «កម្ពុជានឹងរៀបចំគណៈប្រតិភូកម្ពុជា ១ ក្រុម ដែលរួមមានអ្នកពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម មិនមែនតែអ្នកជំនាញទេ ប៉ុន្តែក៏មានផងដែរស្ថាប័នពាក់ព័ន្ធផ្សេងទៀត និងវិស័យឯកជនដើម្បីទៅគុយបាក្នុងបំណងចែករំលែកចំណេះដឹង ពិនិត្យ ក៏ដូចជាសិក្សា ហើយនឹងឈានទៅអភិវឌ្ឍវិស័យកសិកម្មជាពិសេសដំណាំស្រូវនៅប្រទេសគុយបា»៕