ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ជំរុញឱ្យពេទ្យឆ្មបទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដើម្បីធានាសុវត្ថិភាពដល់អ្នកទទួលសេវាទាំងអស់។ ការថ្លែងបែបនេះធ្វើឡើងក្នុងពេលលោកឆ្លើយសំណួររបស់អ្នកកាសែតដែលបានចោទសួរពីវិជ្ជាជីវៈឆ្មបកាលពីថ្ងៃទី ៥ ខែធ្នូ ក្នុងឱកាសបើកអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី ដែនកំណត់ និងនិយាមវិជ្ជាជីវៈឆ្មប។
លោក ធា គ្រុយ បានថ្លែងទៅកាន់អ្នកកាសែត ពន្យល់ និងរំឭកឡើងវិញពីវិជ្ជាជីវៈឆ្មប បន្ទាប់ពីកើតមានហេតុការណ៍ឆ្មបនៅខេត្តកំពង់ស្ពឺអនុវត្តខុសវិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឱ្យស្ត្រីម្នាក់ស្ទើរស្លាប់ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ លោកបន្តថា ឆ្មបត្រូវបំពេញតួនាទីជាអ្នកថែទាំ ទាំងម្ដាយទាំងទារក ដើម្បីធានាបានថា ពួកគេមានសុវត្ថិភាព និងមានសុខភាពល្អ។
លោកបន្តថា៖ «កិច្ចការឆ្មបមិនមែនកិច្ចការធម្មតាទេ ឆ្មបត្រូវតែមាំទាំយល់ដឹងជំនាញនេះឱ្យច្បាស់មែនទែន ត្រូវប្រយ័ត្នប្រយែងក្រែងមានបញ្ហា កុំធ្វើលើសពីជំនាញ បើសិនជាស្ថានភាពលើសសមត្ថភាពរបស់ខ្លួន សូមបញ្ជូនអ្នកជំងឺទៅទីតាំងមួយទៀតដែលល្អជាងហ្នឹង កុំធ្វើខ្លួនឯងព្រោះប្រឈមណាស់»។
លោកបន្ថែមថា៖ «កិច្ចការឆ្មប គឺមិនមែនជាកិច្ចការជួញដូរអីទេ ជាកិច្ចការដែលគិតគូរមុនគេនូវប្រយោជន៍ អតិថិជនរបស់ខ្លួនដែលទទួលយកសេវារបស់យើង។ ឆ្មបមិនមែនជាអ្នករកស៊ីទេជាអ្នកផ្ដល់សេវាចាំបាច់ដល់ស្ត្រីមាតានិងទារក សូមមេត្តាកុំច្រឡំថា វាជាមុខរបរជំនួញ»។
គណៈឆ្មបកម្ពុជាបានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីដែនកំណត់ និងនិយាមវិជ្ជាជីវៈឆ្មប ដើម្បីពង្រឹងវិជ្ជាជីវៈឆ្មបនៅកម្ពុជា។ នៅកម្ពុជា ឆ្មបទាំងអស់ដែលចង់ប្រកបអាជីពជាឆ្មបត្រូវចុះបញ្ជីនៅគណៈឆ្មបកម្ពុជា។ គណៈឆ្មបកម្ពុជាបញ្ជាក់ថា ការចុះបញ្ជីឆ្មបគឺមានសារៈសំខាន់ ក្នុងការការពារសាធារណជន ដើម្បីធានាថា ឆ្មបដែលអនុវត្តការងារមានគុណវុឌ្ឍិគ្រប់គ្រាន់ មានសុខភាពល្អ អាកប្បកិរិយា និងសីលធម៌ល្អ។ ការចុះបញ្ជីមានសុពលភាព ៣ ឆ្នាំ និងតម្រូវឱ្យចុះបញ្ជីឡើងវិញបន្ទាប់ពីចប់សុពលភាពនៅឆ្នាំកំណត់។
គណៈឆ្មបកម្ពុជាមានទស្សនវិស័យ «ធានាថាឆ្មបទាំងអស់ផ្តល់សេវាថែទាំសុខភាពដូចៗគ្នា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ដល់មាតា និងទារកទើបកើត តាមរយៈគោលនយោបាយ និងពិធីសារជាតិព្រមទាំបទដ្ឋានអន្តរជាតិនៃការអនុវត្តវិជ្ជាជីវៈឆ្មប»។
កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មន្ទីរពេទ្យឯកជនឈ្មោះ ដើមអង្គ្រងបានធ្វេសប្រហែសដោយអនុញ្ញាតឱ្យឆ្មបដែលមិនមានការបណ្ដុះបណ្ដាលធ្វើការពេញលេញធ្វើការវះកាត់យកកូនស្លាប់ក្នុងផ្ទៃម្ដាយចេញ ដោយកាត់ដោយទាំងពោះវៀនម្ដាយធ្វើឱ្យស្ត្រីរូបនោះរងរបួសធ្ងន់ធ្ងរ ហើយបច្ចុប្បន្ននៅកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតនៅឡើយ។ ក្រសួងសុខាភិបាលបានចាត់ទុកករណីនេះជាករណីគួរឱ្យយកចិត្តទុកដាក់ដោយសម្រេចបិទមន្ទីរពេទ្យនេះ ដាក់ពិន័យឆ្មបរូបនោះមិនឱ្យប្រកបវិជ្ជាជីវៈរយៈពេល ២ ឆ្នាំ។
ទោះជាយ៉ាងណាក្ដីអ្នកឃ្លាំមើលបញ្ហាសង្គមយល់ឃើញថា ការអនុវត្តវិជ្ជាជីវៈឆ្មបនៅកម្ពុជាមិនទាន់បានប្រសើរនៅឡើយ ពីព្រោះយូរៗម្តងតែងមានការរិះគន់ពីការមិនយកចិត្តទុកដាក់ចំពោះមាតាដែលជិតសម្រាល និងកំហុសបច្ចេកទេសវិជ្ជាជីវៈបណ្ដាលឱ្យអ្នកទទួលសេវាមានគ្រោះថ្នាក់ជាដើម។
សង្គមស៊ីវិលធ្លាប់ស្នើជាញឹកញាប់ឱ្យក្រសួងសុខាភិបាល និងរដ្ឋាភិបាល កែទម្រង់ប្រព័ន្ធសុខាភិបាល ខណៈដែលពលរដ្ឋអ្នកមានជីវភាពធូរធាររាប់ពាន់នាក់បានសម្រេចចិត្តចេញទៅទទួលសេវាសុខាភិបាលនៅក្រៅប្រទេសដោយទំនងជាមិនសូវមានទំនុកចិត្តលើគ្រូពេទ្យក្នុងស្រុក។ របាយការណ៍របស់គណៈឆ្មបកម្ពុជាបង្ហាញថា គិតត្រឹមឆ្នាំ ២០១៣ កម្ពុជាមានឆ្មបប្រមាណជាង ៥ ពាន់នាក់ បានចុះបញ្ជីប្រកបវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា៕