ភ្នំពេញៈ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ ២០២២ ដែលបានដំណើរការរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៥ និងទី ៦ ខែធ្នូ បានបញ្ចប់ទៅដោយរលូនមានរបៀបរៀបរយ មានការជឿទុកចិត្តខ្ពស់ ជាមួយនឹងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោករស់ សុវាចា បានថ្លែងនៅល្ងាចថ្ងៃទី ៦ ខែធ្នូ ថា ទិដ្ឋភាពទូទៅស្តីពីដំណើរការសំណេរនៃការប្រឡងបាក់ឌុប នៅទូទាំងប្រទេសនាឆ្នាំ ២០២២ នេះបានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុកជាមួយនឹងភាពជឿជាក់គួរជាទីទុកចិត្តប្រកបដោយក្តីសង្ឃឹម។
លោកបញ្ជាក់ថា៖ «ជារួមនៅតាមមណ្ឌលប្រឡងទាំងអស់ មានដំណើរការល្អ ប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយ។ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តគោលការណ៍ទាំង ៤ គឺគោលការណ៍ច្បាប់, យុត្តិធម៌, តម្លាភាព និងលទ្ធផលទទួលយកបានគួរជាទីទុកចិត្ត ស្របនឹងវិធានការសុខភាពសុវត្ថិភាព»។
លោកបានលើកឡើងទៀតថា បេក្ខជនប្រឡងសមជាយុវជនមានភាពស័ក្តិសមជាពលរដ្ឋល្អ ប្រកបដោយភាពអត់ធ្មត់នឹង ការខិតខំប្រឹងប្រែងនិងមានទំនុកចិត្តលើខ្លួនឯងក្នុងការអនុវត្តបទប្បញ្ញត្តិប្រឡង ចេះថែទាំសុខភាពបុគ្គលនិងគោរពច្បាប់ចរាចរណ៍។នៅតាមមណ្ឌលប្រឡងបេក្ខជនមួយចំនួនតូច មានបញ្ហាសុខភាពកម្រិតស្រាល នៅក្នុងដំណើរការសំណេរទាំង២ថ្ងៃ។
យោងតាមការបូកសរុបដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ក្រសួងអប់រំឱ្យដឹងថា បេក្ខជនចំនួន ៧០ នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ៤ ករណី និងសង្ស័យវិជ្ជមានជំងឺកូវីដ ១៩ មាន ៤ ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមាន ៣ ករណី គណៈមេប្រយោគមានបញ្ហាសុខភាពមានចំនួន ១៤ នាក់ ក្នុងនោះម្នាក់មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ក្រសួងថា បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការធូរស្រាល។ ក្នុងនោះផងដែរ គណៈកម្មការមានបញ្ហាសុខភាពចំនួន ១៣ ករណី។
ទាក់ទងនឹងបញ្ហាសុខភាពនេះ លោក រស់ សុវាចា បញ្ជាក់ថា៖ «បញ្ហាសុខភាពរបស់បេក្ខជន រួមមានអាការវិលមុខ ខ្យល់គ ក្អួតនិងបានទទួលការជួយសង្គ្រោះបឋម ពីសំណាក់ក្រុមគ្រូពេទ្យ ប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបញ្ចប់ការប្រឡងបាន»។
លោកសុវាចា ក៏បញ្ជាក់ដែរថា លទ្ធផលនៃការប្រឡងបាក់ឌុបដែលនឹងប្រកាសនាពេលខាងមុខមិនមែនជាទីបញ្ចប់នៃការសិក្សារបស់សិស្សានុសិស្សនោះទេ តែជាចំណុចចាប់ផ្តើមថ្មីមួយរបស់អ្នកសិក្សាពេញមួយជីវិតដើម្បីបន្តសម្រេចគោលបំណងជីវិតបុគ្គល និងគ្រួសារ។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងអប់រំ ដំណើរការប្រឡងរយៈពេល ២ ថ្ងៃ មកនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥ នាក់ (ស្រី ៦៨-៧៧១ នាក់),មណ្ឌលប្រឡង ចំនួន ២២១ ត្រូវជា ៥១៧៤ បន្ទប់។
ដំណើរការសំណេរត្រូវបានចូលរួមរៀបចំ ដោយគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានាសរុបចំនួន ១៧ ២៤០ នាក់, ជំនួយការអប្បមាទ ដែលជាគរុសិស្ស និងគរុនិស្សិត ២ ៧៥៦ នាក់ អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ ចំនួន ៣៥០នាក់ និងអ្នកសង្កេតការណ៍ រាជធានីខេត្តចំនួន ២ ៧០០ នាក់។
ក្រសួងអប់រំ បញ្ជាក់ថា បេក្ខជនអវត្តមានសរុបចំនួន ២ ៤០០ នាក់ (ត្រូវជា ១,៨៧ ភាគរយនៃបេក្ខជនសរុប (ស្រី ១ ០៣៦ នាក់)។
ក្រសួងលើកឡើងថា៖ «នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ, បានអនុវត្តតាមសេចក្តី ណែនាំប្រតិបត្តិរបស់ក្រសួង មានការយកចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគ អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, ភ្នាក់ងារសុខាភិបាល, កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ»។
ទោះបីនៅតាមខេត្តមួយចំនួនមានភ្លៀងធ្លាក់ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយហើយបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ដោយមានបេក្ខជនប្រព្រឹត្តកំហុសឆ្គងតែ ១ ករណីប៉ុណ្ណោះ។
ដំណើរការសំណេរបានបញ្ចប់ទៅនៅម៉ោង ១៦:៣០ រសៀលថ្ងៃទី ៦ ខែធ្នូ ហើយហឹបសំណៅកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុត នឹងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី ៧ ខែធ្នូ ដើម្បីត្រៀមដំណើរការកំណែ។ «ជារួម ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ នេះ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន និងស្របតាមគោលការណ៍ អ្នកចេះគឺជាប់»។
តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងនៅភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី ២៧ ខែធ្នូ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នា ថ្ងៃទី ២៨ ធ្នូ និងផ្សព្វផ្សាយតាម facebook.com/moeys.gov.kh ៕