ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាពិតជាមានមោទនភាពណាស់ដែលបានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាល តាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈដែលសត្វប្រភេទនេះ ស្ទើរតែផុតពូជពីលើពិភពលោកនេះទៅហើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា៖ «ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលវាពិតជាមោទនភាពបំផុតសម្រាប់កម្ពុជាដែលមានវត្តមានរបស់សត្វខ្លារខិន នៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត កាលពីខែមេសា កន្លងមកនេះ ដោយក្រុមការងារអភិរក្សក្រសួងបរិស្ថាននិងអង្គការ WWF»។
ខ្លារខិនត្រូវបានគេដឹងថាជាសត្វជើង៤ រត់លើដីលឿនជាងគេក្នុងលោក ហើយសត្វនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក នេត្រ ភក្ត្រា អះអាងថា ប្រទេសកម្ពុជាជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។
លោក ថ្លែងថា៖ «ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនាការអន្ទាក់សូន្យក្នុងគោលបំណងកាត់បន្ថយ និងលុបបំបាត់កត្តាគំរាមកំហែងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាពដល់ជីវចម្រុះទាំងអស់កុំឱ្យមានការគំរាមកំហែងពីអន្ទាក់ និងការបរបាញ់»។
យោងតាមការសិក្សាដែលបានចុះផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្ត្រអាមេរិកាំងឈ្មោះ Proceeding of the National Academy of Sciences បានឱ្យដឹងថា នៅទូទាំងពិភពលោក នៅមានវត្តមានសត្វខ្លារខិនស្ថិតក្នុងសេរីភាពពេញលេញមិនដល់ ៧ ១០០ក្បាលទេ និងមាន ៩៩% កំពុងរស់នៅលើទឹកដីអាហ្វ្រិក។ ទន្ទឹមគ្នានេះ ទីធ្លាដែលសត្វជើង៤មួយនេះកំពុងរស់នៅក៏មានទំហំកាន់តែតូចទៅៗដែរ ពោលនៅសល់តែជាង ៩% ប៉ុណ្ណោះ។
តួលេខនៃវត្តមានសត្វខ្លារខិន ត្រូវបានគេដឹងថា បានធ្លាក់ចុះច្រើន បើធៀបនឹងតួលេខចុះផ្សាយដោយក្រុមហ៊ុនសត្តវិទ្យាក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗកន្លងទៅដែលថា ចំនួនខ្លារខិនមានប្រមាណជា ១០០ ០០០ក្បាលនៅទូទាំងពិភពលោកនាដើមសតវត្សរ៍ទី២០។
លោក នេត្រ ភក្ត្រា ថ្លែងថា ពូជខ្លារខិនអាស៊ីគេឃើញមាននៅសល់ចំនួន ៤៣ក្បាលនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងប្រទេសអាហ្វ្រិក ស៊ីមបាវ៉េ ចំនួនខ្លារខិនបានធ្លាក់ចុះពី ១ ២០០ក្បាលមកនៅត្រឹម ១៧០ក្បាលប៉ុណ្ណោះក្នុងរយៈពេល ១៦ឆ្នាំ ពោលធ្លាក់ចុះ ៨៥%។
លោកថ្លែងថា ខ្លារខិន ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ និងស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។
លោកថ្លែងថា៖ «ប្រភេទនេះកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ទាក់ចាប់ ដើម្បីយកស្បែក ឆ្អឹង សំណាករបស់វាធ្វើពាណិជ្ជកម្ម និងការបាត់បង់ទីជម្រកដែលវាធ្លាប់រកចំណី និងរស់នៅ។ ខ្លារខិនត្រូវបានអង្គការ IUCN ចាត់ចូលក្នុងបញ្ជីក្រហមថា ជាប្រភេទរងគ្រោះថ្នាក់តិចតួច ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាគេកម្រជួបប្រភេទខ្លានេះណាស់»។
លោកបានបន្ថែមថា ខ្លារខិននេះមានរប៉ាយរស់នៅតិចតួចតាមតំបន់នានាដូចជា ភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា ចំណែករប៉ាយមានច្រើននៅអាហ្វ្រិក អាស៊ីភាគខាងត្បូង រួមទាំងអាស៊ីអាគ្នេយ៍ និងកោះចាវា។
សូមបញ្ជាក់ផងដែរថា ខ្លារខិនជាអម្បូរឆ្មាដែលមានមាឌធំលំដាប់ទី២បន្ទាប់ពីខ្លាធំ។ សត្វឈ្មោលអាចមានទម្ងន់ ៥៥គ.ក និងញីទម្ងន់ ៣៥គ.ក។ ខ្លារខិនមានភិនភាគងាយចំណាំណាស់ គឺមានពណ៌លឿង ក្រហម ត្នោត និងមានអុចៗ ពណ៌ខ្មៅជាកញ្ចុំនៅពាសពេញខ្លួន ពេលខ្លះហៅថា “Black Panther” ដែលមានរូបរាងពណ៌ខ្មៅ។
ខ្លារខិនរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ចាប់ពីព្រៃស្រោងរហូតដល់ព្រៃគម្ពោតដែលមានផ្ទាំងថ្ម។ វាជាសត្វរហ័សរហួន និងចូលចិត្តឡើងដើមឈើដែលជាជំនាញពិសេសរបស់វា។ វាពុំសូវចាញ់កម្តៅថ្ងៃដូចខ្លាធំទេ ហើយអាចរស់នៅឆ្ងាយពីទឹកបានទៀតផង។
បើទោះជាវាអាចហែលទឹកបានក៏ដោយ ក៏វានៅតែព្យាយាមគេចចេញពីតំបន់ទឹកដែរ។ ចំណីរបស់វាមានពពួកប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វស្លាប សត្វកកេរ និងសត្វល្អិត ហើយជារឿយៗវាចាប់ចំណី ដោយលោតសង្គ្រុបពីលើដើមឈើរួចទាញសត្វនោះឡើងទៅដើម្បីស៊ី។
សត្វខ្លារខិននេះ ចូលចិត្តរកចំណីតែឯង និងជាសត្វរាត្រីចរ។ វាដើរជាគូតែក្នុងរដូវបន្តពូជប៉ុណ្ណោះ។ ខ្លារខិនអាចបង្កើតកូនបានពី ១-៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេល ៩០-៩៥ថ្ងៃ កូនរស់នៅជាមួយមេរហូតដល់អាយុ ១-២ឆ្នាំ៕