ភ្នំពេញៈ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បានបង្ហាញការប្តេជ្ញារបស់អាស៊ានដើម្បីបន្តការគាំទ្រសម្រាប់ការអភិវឌ្ឍ និងស្ថិរភាពពិភពលោក ក្រោយវិបត្តិជំងឺកូវីដ ១៩ ចំពេលមានភាពតានតឹងខាងភូមិសាស្ដ្រនយោបាយ និងការរារាំងសកម្មភាពពាណិជ្ជកម្មជុំវិញពិភពលោក។
លោក Lim Jock Hoi ថ្លែងនៅក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ានតាមប្រព័ន្ធវីដេអូនាថ្ងៃទី៧ ខែធ្នូថា៖ «ខណៈដែលមានភាពតានតឹងភូមិសាស្ដ្រនយោបាយ និងរារាំងសកម្មភាពពាណិជ្ជកម្មជុំវិញពិភពលោក យើងនឹងបន្តការគាំទ្រសម្រាប់ការអភិវឌ្ឍ និងស្ថិរភាពជាសកលក្រោយជំងឺកូវីដ១៩»។
លោក Hoi បន្តថា បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញថ្មីៗនេះ ថ្នាក់ដឹកអាស៊ានបានបញ្ជាក់ពីគោលនយោបាយឆ្លើយតបជាយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងប្រកបដោយចីរភាព ព្រមទាំងធានាភាពធន់រយៈពេលយូរក្នុងតំបន់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមថ្មីៗ ដូចជា ការបំផ្លាញចង្វាក់ផ្គត់ផ្គង់ ការឡើងថ្លៃនៃតម្លៃស្បៀង និងថាមពេល និងការប្រែប្រួលអាកាសធាតុ។
លោកបានបន្ថែមថា ទាំងអស់នេះនឹងបំពេញបន្ថែមនូវគំនិតផ្តួចផ្តើមដែលកំពុងបន្ត ដូចជា ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលនឹងត្រូវបានអនុវត្តបន្ថែមទៀតក្នុងអំឡុងពេលប្រធានអាស៊ាននៅឆ្នាំក្រោយ។
ក្រៅពីនេះ លោក Hoi ថ្លែងថា ដោយសារប្រព័ន្ធផ្សព្វផ្សាយគឺជាឧបករណ៍សំខាន់នៃព័ត៌មាន និងទំនាក់ទំនងនាពេលបច្ចុប្បន្ននេះ អាស៊ានកំពុងប្រើប្រាស់ឧបករណ៍ទាំងនេះដើម្បីនាំមនុស្សកាន់តែច្រើនចូលទៅក្នុងកិច្ចខិតខំប្រឹងប្រែងនៃការធ្វើសមាហរណកម្មក្នុងតំបន់។
លោកបន្តថា៖ ជាការពិត ប្រព័ន្ធផ្សព្វផ្សាយគឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលអាចជំរុញការអភិវឌ្ឍនៃការយល់ដឹង ការយកចិត្តទុកដាក់ដល់សង្គមដ៏សកម្ម ក៏ដូចជា អនុញ្ញាតឱ្យប្រជាជនរបស់យើងចូលរួមក្នុងជីវិតសាធារណៈ ទទួលបានសេវាជាមូលដ្ឋាន និងផ្តល់សិទ្ធិអំណាចដល់សហគមន៍របស់ពួកគេ»។
លោក Hoi បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយមានមុខងារសំខាន់ ជាអ្នកផ្តល់ចំណេះដឹង សំឡេងនៃសុចរិតភាព និងជាស្ពានសម្រាប់ផ្តល់ព័ត៌មាន ដោយលោកបន្ថែមថា៖«តាមរយៈការងាររបស់អ្នក មនុស្សកាន់តែច្រើននឹងមានការយល់ដឹងកាន់តែប្រសើរឡើងអំពីអាស៊ាន និងអាចរួមចំណែកដល់ការកសាងសហគមន៍ និងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់យើង»។
លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងវេទិកាថា អាស៊ានកំពុងពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក មិនមែនតែក្នុងតំបន់នោះទេ។ ឥឡូវនេះ រឿងដែលអាស៊ានត្រូវគិតផងដែរគឺរបៀបដែលអាស៊ាននឹងធ្វើឱ្យប្រាកដថា ភាពជាដៃគូនេះនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមក មិនត្រឹមតែសម្រាប់រដ្ឋជាសមាជិកអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ដៃគូរបស់អាស៊ានផងដែរ។
លោកបន្តថា ដៃគូទាំងនោះមកកាន់តំបន់នេះគឺដើម្បីធ្វើពាណិជ្ជកម្ម បង្កើតមិត្តភាព និងជំរុញផលប្រយោជន៍ ហើយអាស៊ានសង្ឃឹមថា ខ្លួនមានសមត្ថភាព ឬធនធានគ្រប់គ្រាន់ក្នុងការផ្តល់ការគាំទ្រទាំងនោះសម្រាប់ភាពជាដៃគូជាក់លាក់។
លោក គង់ ភោគ ថ្លែងជាភាសាអង់គ្លេស ដែលមានខ្លឹមសារថា៖ «រដ្ឋជាសមាជិក [អាស៊ាន]នឹងបន្តកិច្ចសន្ទនាអំពីរបៀបដែលយើងនឹងកសាងសមត្ថភាពរបស់យើង ជាពិសេសការពង្រឹងស្ថាប័នរបស់យើង ដើម្បីយើងអាចគាំទ្រភាពជាដៃគូនេះឱ្យបានល្អ និងធានាថា ភាពជាដៃគូដែលយើងមានជាមួយដៃគូខាងក្រៅរបស់យើងនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់គ្រប់ភាគីពាក់ព័ន្ធ»។
ពាក់ព័ន្ធបញ្ហាអ៊ុយក្រែន លោក គង់ ភោគ លើកឡើងថា តាមរយៈយន្តការដឹកនាំដោយអាស៊ាន ថ្នាក់ដឹកនាំអាស៊ានធ្លាប់បានពិភាក្សាអំពីបញ្ហាអ៊ុយក្រែននេះ និងបង្ហាញពីជំហររឹងមាំរបស់ខ្លួន ដោយឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ អធិបតេយ្យ និងបូរណភាព ឯករាជភាពនយោបាយ ការជំទាស់នឹងការកាត់យកទឹកដីអ៊ុយក្រែនបញ្ចូលទៅរុស្ស៊ី ជាដើម។
លោកថ្លែងថា៖«អាស៊ាននឹងបន្តដើរតួនាទីប្រកបដោយការស្ថាបនាតាមរយៈយន្តការដឹកនាំដោយអាស៊ាន។ តាមរយៈយន្តការនេះ យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍជាវិជ្ជមានក្នុងប្រទេសអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន»។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Stefan Messererលើកឡើងនៅក្នុងវេទិកានេះថា ក្នុងគ្រាដ៏លំបាកនេះ វាពិតមានសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងការពង្រឹងបទដ្ឋានអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ និងកសាងស្ថាប័នក្នុងតំបន់រឹងមាំដូចជា អាស៊ាន ដើម្បីធានាស្ថិរភាព សន្តិសុខ និងសន្តិភាព។
លោកបន្តថា៖ «ស្ថាប័នអន្តរជាតិ និងតំបន់ដ៏រឹងមាំគឺត្រូវការជាចាំបាច់ជាងពេលណាៗទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានប្រសិទ្ធភាព។ការពង្រឹងស្ថាប័នទាំងនេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការធ្វើឱ្យមានវឌ្ឍនភាពលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ»៕