ភ្នំពេញៈ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងគណៈប្រតិភូអង្គការជំនួយប្រជាជនន័រវែស(NPA)ប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាលើការបោសសម្អាតគ្រាប់បែកចង្កោម និងការកៀរគរថវិកាបន្ថែម ខណៈគ្រាប់មីនចង្កោមនៅសល់លើផ្ទៃដីជាង៧០០គីឡូម៉ែត្រក្រឡាទៀត ដែលកំពុងគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោកហេង រតនា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Eva Veble ទីប្រឹក្សារបស់អង្គការ NPA មកពីប្រទេសន័រវែស និងលោក Rune Dale-Andresen ប្រធានអង្គការជំនួយប្រជាជនន័រវែស(NPA)ប្រចាំកម្ពុជា និងសហការី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ លោកហេង រតនា ឱ្យដឹងថា ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការពង្រឹងកិច្ចសហការបន្ថែមទៀតក្នុងវិស័យសកម្មភាពមីន និងកិច្ចសហប្រតិបត្តិការ លើគម្រោងបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់សង្គ្រាមនៅកម្ពុជា រវាងអង្គភាព CMAC និងអង្គការ NPA។ ជាពិសេសពង្រឹងយន្តការគ្រប់គ្រងគម្រោងជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផ្តល់មកអង្គភាព CMAC តាមរយ:អង្គការNPA។
លោកថ្លែងថា៖«ការជួបគ្នានោះ បានពិភាក្សាច្រើនទៅលើជំនួយរបស់ NPA ដែលបានទទួលជំនួយពីប្រទេសផ្សេងៗជាពិសេស ពីសហរដ្ឋអាមេរិក តាមរយៈ NPA ផ្តល់មកឱ្យស៊ីម៉ាក់ ដែលមានថវិកាប្រមាណ ៦លាន ៥សែនដុល្លារ ដែលយើងបានធ្វើឆ្នាំនេះ និង៣ឆ្នាំបន្តទៀត។ យើងជជែកគ្នាលើការគ្រប់គ្រងនេះ ហើយការកៀរគរដៃគូបន្ថែម ដែលមានព័ត៌មានវិជ្ជមានមួយចំនួនដែលអាចបង្កើនការផ្តល់ជំនួយ»។
លោកឱ្យដឹងថា ជំនួយជាង៦លានដុល្លារ ដែលផ្តល់ឱ្យស៊ីម៉ាក់នេះ គឺប្រើប្រាស់សម្រាប់រយៈពេល៤៥ខែ ពីឆ្នា២០២២ ដល់ចុងឆ្នាំ២០២៥ ដោយក្នុង១ឆ្នាំ ស៊ីម៉ាក់ទទួលបាន១លាន ៦សែនដុល្លារ សម្រាប់ការងារបោសសម្អាតគ្រាប់បែកចង្កោម។
លោកបញ្ជាក់ថា៖«តាមរយៈជំនួយនេះនឹងជួយឱ្យស៊ីម៉ាក់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ[ហ៊ុន សែន]ក្នុងការជំរុញការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់មីននៅកម្ពុជាឱ្យបានឆាប់។ យើងបានរំដោះផ្ទៃដីគ្រាប់បែកចង្កោមតាមផែនការ គឺត្រៀមរំដោះផ្ទៃដីប្រមាណជិត១០០គីឡូម៉ែត្រក្រឡា ក្នុងរយៈពេល៤៤ខែ ហើយ១ឆ្នាំមានន័យថា យើងអាចបោសសម្អាតបានជិត ៣០គីឡូម៉ែត្រ» ។
លោកហេង រតនា បានឱ្យដឹថា សម្រាប់គ្រាប់បែកចង្កោមនៅសល់ជាង៧០០គីឡូម៉ែត្រក្រឡា គឺនៅធំជាងផ្ទៃដីចម្ការមីន។លោកបន្ថែមថា ជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ បានឯកភាពគ្នា ក្នុងគោលដៅធ្វើការបោសសម្អាតសំណល់គ្រាប់បែកចង្កោម ដែលជាសំណល់ពីសង្គ្រាមឥណ្ឌូចិន-អាមេរិក មានអាយុកាល៥០ឆ្នាំ ជាប្រភេទគ្រាប់បែកនៅតែបន្តគ្រោះថ្នាក់ដល់មនុស្សសត្វ។
លោកបញ្ជាក់ថា គ្រាប់បែកចង្កោម បើប្រៀបធៀបជាមួយគ្រាប់មីន ទោះបី មីនមានហានិភ័យខ្ពស់ជាង ដែលងាយផ្ទុះ និងងាយបង្កគ្រោះថ្នាក់ក្តី ប៉ុន្តែបើកម្រិតគ្រោះថ្នាក់វិញនោះ គ្រាប់បែកចង្កោមនេះ ក៏មានហានិភ័យខ្លាំងដែរ ព្រោះបើគ្រាប់បែកចង្កោមផ្ទុះ គ្រោះថ្នាក់ច្រើនតែស្លាប់តែម្តង ដោយសារកម្លាំងផ្ទុះ និងអំបែងដែកខ្លាំង។
លោកបញ្ជាក់ថា៖«ប៉ុន្តែគ្រាប់មីនមានប្រភេទមីនខ្យល់ ធ្វើឱ្យរបួស និងពិការ បើគ្រាប់បែកចង្កោមបើមានករណីផ្ទុះ គឺត្រូវស្លាប់ហើយ បើរបួសគឺធ្ងន់ធ្ងរ។ អ៊ីចឹងហានិភ័យគ្រាប់បែកចង្កោមនៅមានបន្តគ្រោះថ្នាក់ ប៉ុន្តែកម្រិតគ្រោះថ្នាក់បង្កឱ្យផ្ទុះមានកម្រិតទាបជាងគ្រាប់មីន»។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមកអង្គភាព CMAC តាមរយៈអង្គការ NPA មានចំនួនថវិកា២៩ ៩២៥ ៥៥៨ដុល្លារអាមេរិក និងសម្រេចបានលទ្ធផលប្រតិបតិ្តការបោសសម្អាតផ្ទៃដីបានជាង២២ ២០០ហិកតា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ចំនួន ២២១ ៧៩៣គ្រាប់ និងបានអប់រំ ផ្សព្វផ្សាយយល់ដឹងអំពីមីន បានចំនួន១ ៣០៤ ២៦០នាក់៕