ភ្នំពេញៈ រ​ដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គ​ណៈកម្មាធិ​ការ​ជាតិ​សុវត្ថិភា​ព​ចរាចរ​ណ៍​ផ្លូវគោក(​គ​.​ស​.​ច​.​គ​) លោក ស ខេង បាន​លើក​ឡើង​ថា តាម​ការ​សង្កេត​របស់​លោក​ឃើញ​ថា​ប្រជា​ពលរដ្ឋ​ដែល​​ជាអ្នកបើក​បរយាន​យន្ត​មួយចំនួន​ខ្លាច​ប៉ូលិស​ជាង​ខ្លាច​ច្បាប់​ ដោយ​សារ​នៅ​ពេល​សមត្ថ​កិច្ច​ចរាច​រណ៍​រឹ​តបន្តឹង​ គឺពួក​គាត់​ខ្លាច ប៉ុន្តែ​នៅ​ពេល​លែង​រឹត​បន្តឹង​ពួក​គាត់​ក៏​លែង​ខ្លាំង​ដែរ​។​

​លោក​បាន​ថ្លែង​ដូច​នេះនៅ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​រំឭក​ដល់​ជន​រ​ងគ្រោះដោ​យ​គ្រោះ​ថ្នាក់​ចរាច​រណ៍​ផ្លូវគោក លើក​ទី​១៧ កាលពី​ថ្ងៃទី​៧ ​ខែធ្នូ ឆ្នាំ​២០២២​។ លោក​បាន​ថ្លែង​ថា ប្រសិន​បើ​ជិះរថយន្ត​ពាក់​ខ្សែក្រវាត់​ និង​ពាក់​មួក​សុវត្ថិ​ភាព នោះ​នឹង​មិន​មាន​គ្រោះថ្នា​ក់​ធ្ងន់​ធ្ងរ​នោះ​ឡើយ នៅ​ពេល​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​។​

​លោក​មាន​ប្រសាសន៍​ថា៖«​ទាក់ទង​នឹង​ចំណុច​នេះ តាម​ការសង្កេត​របស់​ខ្ញុំ​ឃើញ​ថា ពេលដែល​ប៉ូលិស​សមត្ថ​កិច្ច​ចរាចរណ៍​រឹត​បន្តឹង​បន្តិច​ទៅ​ពួក​គាត់​ខ្លាច ​តែបើ​ប៉ូលិស​លែង​ស្រែក គាត់​ក៏​លែង​ខ្លាច​ដែរ​។ ដូចនេះ​ប្រែ​មក​ថា ពួកគាត់​មិន​ខ្លាច​ច្បាប់​ទេ តែ​ពួក​គាត់​ខ្លាច​ប៉ូលិស​»​។​

​លោក​ស ខេង បាន​បន្ថែម​ថា៖«​ចំណុច​នេះ ខ្ញុំ​សុំឱ្យ​ពួក​គាត់​ដូរ​នូវ​ការយល់​ឃើញ​នេះ ដូរ​នូវ​ទស្សនៈ​យល់​ឃើញ​នេះ​ចេញ​ដោយ​ត្រូវ​ខ្លាច​ច្បាប់​ជាង​ខ្លាច​ប៉ូលិស​។យើង​ត្រូវ​ម្ចាស់​ការ​ដើម្បី​ការពារ​ខ្លួន​ឯង ស្រឡាញ់​ខ្លួន​ឯង​»​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃបាន​ឱ្យដឹង​ទៀត​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុងពេល​យប់​នៅតែ​មាន​ច្រើន​គួរឱ្យ​បារម្ភ​ដោយ​លោក​បាន​បន្ត​អំពាវ​នាវ ​និង​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភ្ញាក់​រឭក​លើ​បញ្ហា​នេះ​ផងដែរ​។​

​ទាក់​ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះដែរ លោក គឹម បញ្ញា នាយក​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ឱ្យដឹង​ថា ចំនួន​យាន​យន្ត​ដែល​ចុះបញ្ជី​មាន​កាន់​តែច្រើ​ន​ ហើយ​អ្នក​បើកបរ​ក៏មាន​កាន់​តែច្រើន​ ទាំង​អ្នក​ប្រើ​ប្រាស់​រថយន្ត និង​ម៉ូតូ ​តែ​អ្នក​បើក​បរ​ម៉ូតូ​ភាគ​ច្រើន​មិន​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ​នោះទេ​។​

​លោក​បាន​ថ្លែង​ថា៖«​យើង​មើល​ឃើញ​ថា ពី១ថ្ងៃ​ទៅ១ថ្ងៃ​មាន​ចំនួន​យាន​យន្ត​កាន់​តែ​ច្រើន​ ហើយ​ម៉ូតូ​ក្រោម​១២៥Cគឺ​មិន​តម្រូវ​ឱ្យ​មាន​បណ្ណ​បើក​បរ​ផង​នោះ ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​ឥរិយា​បថ​បើកបរ​របស់​ពួកគាត់​នៅ​តាម​ដងផ្លូវ​មាន​លក្ខណៈ​ប្រថុយ​ប្រថាន​ច្រើន​»​។​

​លោក គឹម បញ្ញា បាន​បន្ថែម​ថា ​វិធាន​ការ​ចំនួន​៣ ដែល​រួមមាន ​វិធាន​ការអប់រំ​ផ្សព្វ​ផ្សាយ វិធាន​ការ​រដ្ឋបាល និង​វិធាន​ការ​ច្បាប់គឺ​លោក​ចង់​ធ្វើ​ឱ្យ​ស្ថាន​ភាព​ចរាចរ​ណ៍​ល្អប្រ​សើរ​ឡើង​ក្នុង​រយៈ​ពេល​យូរអង្វែង​ដោយ​មិន​ចង់​ធ្វើ​ឱ្យ​មាន​តែ​ក្នុង​រយៈ​ពេល​ភ្លាមៗ​នោះ​ទេ​។​

​ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា៖«​ពាក់​ព័ន្ធ​ទៅនឹង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ដូចជា​ស្លាក​សញ្ញា​បន្ថយ​ល្បឿន ​កែលម្អ​ផ្លូវ ​ការធ្វើ​បែប​នេះ​គឺ​ជួយ​បាន​ច្រើន​។យើង​បំពាក់​គំនូស​សញ្ញាអី​ផ្សេងៗ​គឺ​ជួយ​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​»​។

​ទោះ​ជា​យ៉ាង​ណា​ លោក​ថា ករណីនេះ​គួរតែ​មាន​ការជួប​ជុំ​ពីគ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​រៀង​រាល់​៣​ខែម្ដងដោយ​មានការចូលរួមពី​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន​ជាដើម ដែល​អាច​រក​ដំណោះ​ស្រាយ​ដ៏​សម​ស្រប​ក្នុង​រូប​ភាពយូ​រ​អង្វែង​

សម្រាប់​ធ្វើ​ឱ្យ​ចរាចរ​ណ៍​មាន​ភាព​ប្រសើរ​។​

​យោង​តាម​របាយ​ការណ៍​របស់គ​ណៈកម្មាធិ​ការ​ជាតិ​សុវត្ថិភា​ព​ចរាចរ​ណ៍​ផ្លូវគោកបា​នឱ្យដឹង​ថា រយៈ​ពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួន​ ២ ២៨៦ ​កើន​ឡើង​២១ភា​គរយ​ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​១ ៣៤២​នាក់ កើន​ឡើង ​២៧​ភាគ​រយ​៕