ភ្នំពេញៈ​ព្រឹទ្ធ​សភា​បាន​ពិនិត្យ​ និង​ឯក​ភាព​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ហិរញ្ញ​វត្ថុ​សម្រាប់​ការគ្រប់​គ្រង​ឆ្នាំ​២០២៣ ​ដើម្បី​បើកផ្លូវ​ឱ្យ​រាជ​រដ្ឋាភិ​បាល​យក​ច្បាប់​នេះ​ទៅ​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​បរិការ​ណ៍​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​។​

​ការ​ពិនិត្យ​ និង​ឯក​ភាព​នេះ ត្រូវ​បាន​អនុម័ត​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៩ព្រឹទ្ធសភា​ នីតិកាល​ទី​៤ ក្រោម​អធិបតី​ភាព ​អនុប្រធាន​ទី​២​ព្រឹទ្ធ​សភា​ លោក​ ទេព ​ងន​ ដែល​មាន​វត្ត​មានសមាជិក​ព្រឹទ្ធ​សភា​ ចំនួន ​៥៧​រូប កាល​ពី​ថ្ងៃទី​៨ ​ខែធ្នូ ​ឆ្នាំ​២០២២ ។​

​សមាជិក ​និង​ជា​អ្នកនាំ​ពាក្យ​ព្រឹទ្ធ​សភា​លោក ម៉ម ប៊ុននាង មាន​ប្រសាសន៍​ថា អង្គ​ប្រជុំ​ព្រឹទ្ធ​សភា​បាន​ពិនិត្យ​ ហើយ​ឱ្យ​យោ​បល់​ឯក​ភាព​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល​ដោយ​ឥត​កែប្រែ​ចំនួន​៥៧​សំឡេង​នៃ​ចំនួន​សមា​ជិក​ព្រឹទ្ធ​សភា​ទាំង​មូល​។​

​លោក​បន្ត​ថា​៖ «​សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវបាន​រៀបចំ​ឡើងនៅក្នុង​បរិការណ៍​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ងើប​ឡើង​វិញ និង​ត្រឡប់​ទៅរក​ភាព​ប្រក្រតី ​បន្ទាប់ពី​រាជរដ្ឋាភិ​បាល​ទទួល​បាន​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់ក្នុងការ​ប្រយុទ្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ក្នុងការ​គ្រប់​គ្រង​ផលប៉ះ​ពាល់​ពី​វិបត្តិ​ជំងឺ​នេះ​បាន​យ៉ាង​ល្អ ទាំង​កា​រការពារ​សុខ​ភាព​សាធារណៈ ​ការរក្សា​លំនឹង​សង្គម​សេដ្ឋ​កិច្ច និង​ការ​ធានា​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​បើក​ប្រទេស​ឡើង​វិញ ចាប់​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ និង​បាន​ធ្វើឱ្យ​សកម្ម​ភាព​សង្គម​សេដ្ឋ​កិច្ច​ក្នុងស្រុ​ក​ចាប់ផ្តើម​វិល​ត្រឡប់​ទៅរក​ប្រក្រតី​ភាព​ឡើង​វិញ​»​។

​ជា​មួយ​គ្នានេះដែ​រ រដ្ឋមន្ត្រីក្រ​សួង​សេដ្ឋកិ​ច្ច និង​ហិរញ្ញ​វត្ថុលោក​ ​អូន ព័ន្ធ​មុនីរ័ត្ន ដែល​បាន​ឡើង​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​បំភ្លឺ​ជូន​អង្គ​ប្រជុំ​ព្រឹទ្ធ​សភា​ថា ថវិកា​ឆ្នាំ​២០២៣​ ​ត្រូវ​បាន​គិត​គូរ និង​រៀបចំ​ឡើង​ ដើម្បី​តម្រង់​ធនធាន​ឆ្ពោះទៅ​បន្ត​ការពារ​អាយុ​ជីវិត រក្សា​លំនឹង​ជីវភាព ​ការងារ ​និង​ប្រាក់​ចំណូល​របស់​ប្រជា​ជន ​ព្រមទាំង​ទ្រទ្រង់​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ពិសេស​ការ​បន្ត​អនុវត្ត​ក្រប​ខ័ណ្ឌ​យុទ្ធ​សាស្ត្រ និង​កម្មវិធី​ស្តារ ​និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជា​មួយ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រ​តី​ថ្មី​សម្រាប់​​ឆ្នាំ​២០២១-​២០២៣​។

​លោក​ថា​៖«​សេចក្តី​ព្រាង​នេះក៏​ធានា​ដល់​ជោគ​ជ័យ​នៃ​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៧ និង​ការ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ ក៏ដូច​ជា​ការបន្ត​និរន្ត​រភាព​នៃ​ប្រតិ​បត្តិ​ការ​របស់​រដ្ឋ និង​ការ​សម្រេច​ឱ្យបាន​នូវ​គោល​ដៅ​សំខាន់ៗ​នៃ​កម្មវិធី​នយោបា​យ​របស់​រាជរដ្ឋាភិ​បាលដែល​ត្រូវ​បាន​កំណត់​នៅក្នុ​ង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​៤ និង​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវ​ឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩​-២០២៣»​។​

​សេចក្តី​ព្រាង​ច្បាប់​ហរិញ្ញ​វត្ថុ​នេះ​តាក់​តែង​ឡើង​មាន៥​ជំពូក ​និង​១៤​មាត្រា ត្រូ​វបាន​រដ្ឋ​សភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា អនុ​ម័ត​យល់​ព្រម​ជា​លើក​ដំបូង​ចំនួន​៨៩ សំឡេង ​នៃ​ចំនួន​សមា​ជិក​រដ្ឋ​សភា​ទាំង​មូល កាល​ពី​ថ្ងៃទី​២៩ ​ខែវិច្ឆិកា ឆ្នាំ​២០២២ នា​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៨ នីតិ​កាល​ទី​៦​។​

​ព្រម​ជាមួយ​គ្នានេះ​ដែរ ព្រឹ​ទ្ធសភា បាន​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កា​រទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២១ ​និង​សេចក្តី​ព្រាង​ច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើពិ​ធីសារ​ទាក់​ទង​នឹង​ការធ្វើ​វិសោធន​កម្ម​អនុ​សញ្ញា​ស្តីពី​អាកាសច​រណ៍​ស៊ីវិល​អន្តរ​ជាតិ ដោយ​បន្ថែម​មាត្រា​៣​ស្ទួន​ផង​ដែរ​​៕