ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងវិទ្យុមិត្តភាពចិន-កម្ពុជា បានរៀបចំបើកជាផ្លូវការនូវដំណើរភាពយន្ដចល័តចិន-កម្ពុជាដ៏ឆ្នើម លើកទី៦ ដែលធ្វើឡើងនៅសាលមហោស្រពចតុមុខ ក្រោមអធិបតីភាពថ្នាក់ដឹកនាំពាក់ព័ន្ធ របស់ប្រទេសទាំង២។
ចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៦ ដំណើរភាពយន្តចល័តចិន-ខ្មែរដ៏ឆ្នើមកើតឡើងដោយក្រុមការងារចាក់បញ្ចាំងភាពយន្តដែលមកពីវិទ្យុមិត្តភាពកម្ពុជា-ចិន និងបានធ្វើដំណើរទៅកាន់២៥ខេត្ត-រាជធានីនៃប្រទេសកម្ពុជា និងបានចូលទៅដល់ទីជនបទដាច់ស្រយាល សហគមន៍ សាលារៀន បន្ទាយយោធា និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
រហូតមកដល់ឆ្នាំ២០២២នេះ ទំនាក់ទំនងដែកថែប រវាងកម្ពុជា និងចិនសម្រេចបាន ៦៤ឆ្នាំហើយ រីឯការចាក់បញ្ចាំងខ្សែភាពយន្ដនេះ គឺជាចំណែក១ ក្នុងការបន្តរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំង២។
លោកវ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបើកជាផ្លូវការនូវដំណើរភាពយន្ដចល័តចិន-ខ្មែរដ៏ឆ្នើមលើកទី៦នេះ និងបានសាទរចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំង២។
លោកវ៉ាង វិនធាន មានប្រសាសន៍ថា៖«មិត្តភាពរវាងចិន និងកម្ពុជា គឺជាមិត្តភាពដែកថែប ដែលកន្លងមកយើងមានកិច្ចសហប្រតិបត្តិការល្អ រវាងគ្នា។ ដោយឡែក សាធារណរដ្ឋប្រជាមានិតចិននឹងបន្តប្រកាន់ខ្ជាប់គោលនយោបាយដែលបម្រើឱ្យទំនាក់ទំនងជាមួយប្រទេសជាមិត្ត»។
លោកបានបន្តថា ប្រទេសទាំង២ នឹងបន្តសហការជាមួយគ្នាក្នុងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រ ព្រមទាំងបន្តចែករំលែកនូវវប្បធម៌ប្រពៃណីដ៏ចំណាស់ជាមួយគ្នា ក៏ដូចជាជំរុញការយល់ដឹងពីគ្នា ទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំង២។
ជាមួយគ្នានោះ លោកឯក សំអុល ទីប្រឹក្សារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជាចិនបានថ្លែងស្វាគមន៍ និងគាំទ្រផងដែរ ចំពោះសកម្មភាពទាំងឡាយណា ដែលបម្រើឱ្យទំនាក់ទំនងប្រទេសទាំង២។
លោកមានប្រសាសន៍ថា៖«ភាពយន្ដនេះជាចំណែក១ក្នុងការកសាងមិត្តភាព រវាងប្រជាជន និងប្រជាជន...មិនត្រឹមតែប៉ុណ្ណោះ ខ្សែភាពយន្ដទាំងនេះបានក្លាយជាស្ពានចម្លង ក្នុងការលើកកម្ពស់ចំណេះដឹង រវាងប្រទេសទាំង២ផងដែរ»។
សូមបញ្ជាក់ថា ដំណើរភាពយន្ដចល័តចិន-កម្ពុជាដ៏ឆ្នើមបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៦មកម្លេះ ដោយក្រុមការងារភាពយន្តនេះ បានធ្វើដំណើរទៅគ្រប់ខេត្ត-ក្រុងនៃកម្ពុជា ក្នុងរយៈពេល៥ឆ្នាំមកនេះ និងបានចាក់បញ្ចាំងភាពយន្ដជាង១០០រឿងឱ្យប្រជាជនកម្ពុជាប្រមាណជាង១សែននាក់ទស្សនា។
ចាប់ពីចុងខែធ្នូ ឆ្នាំ២០២២នេះតទៅ ដំណើរភាពយន្ដចល័តចិន-កម្ពុជា នឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានា ដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង ដើម្បីចាក់បញ្ចាំងខ្សែភាពយន្ដដ៏ឆ្នើម ដែលបានថតនៅប្រទេសកម្ពុជា និងប្រទេសចិនក្នុងរយៈពេលចុងក្រោយនេះ។ ភាពយន្ដដែលនឹងត្រូវយកទៅចាក់បញ្ចាំង រួមមាន រឿងដំណើរនៃប្រាក់ រឿងឆ្លងកាត់ទន្លេយារ៉ូ រឿងមួយគីឡូម៉ែត្រចុងក្រោយ និងរឿងផ្សេងៗទៀត៕