ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី២០ របស់​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (គ.ជ.អ.ប) ដោយ​បានថ្លែងថា ក្រសួង​មហា​ផ្ទៃ​​បានផ្ទេរ​បុគ្គលិក​ក្របខណ្ឌ​របស់​ក្រសួង​ជាង៧ ០០០នាក់ ឱ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

នៅ​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រសួង​មហាផ្ទៃ បានរៀបចំ​កិច្ចប្រជុំ​លើក​ទី២០ របស់ គ.ជ.អ.ប ដោយមាន​ការចូលរួម​ដោយផ្ទាល់​នៅ​ទីស្តីការក្រសួង និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាច្រើនរូប។

គ.ជ.អ.ប ឱ្យដឹងថា កិច្ចប្រជុំ​លើក​ទី២០នេះ គឺ​បាន​ពិនិត្យ ពិភាក្សា​លើ​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ពិភាក្សា​លើ​សេចក្តីព្រាងសំខាន់ៗមួយ​ចំនួន ដូចជា​ការពិនិត្យ និង​អនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់ គ.ជ.អ.ប លើក​ទី១៩ ការពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​ឯកសារ​ស្តីពី​ផែនការ​អនុវត្ត​រយៈពេល​៥​ឆ្នាំ​ដំណាក់កាល​ទី១ (២០២១-២០២៥) និង​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​ច្បាប់​ចំនួន៣ទៀត។

គ.ជ.អ.ប ​បញ្ជាក់ថា៖«សេចក្តីព្រាងច្បាប់​ចំនួន៣ រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ សេចក្តីព្រាង​ច្បាប់​ស្តីពី​ជលផល និង​សេចក្តីព្រាងច្បាប់​ស្តីពី​ព្រៃឈើ។ ជាមួយគ្នា​នោះ​ក៏​នឹង​ពិនិត្យមើល​ឡើងវិញ​ពី​រចនាសម្ព័ន្ធ ប្រព័ន្ធ​គ្រប់គ្រង ការបែងចែក​មុខងារ និង​សិទ្ធិអំណាច តួនាទី ភារកិច្ច រវាង​ក្រសួង​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បីឱ្យ​ការប្រគល់​មុខងារ​នេះ​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍ និង​លើកកម្ពស់​គោលនយោបាយ​មុខងា​សារ​ធារ​ណៈ​សំដៅ​ចូលរួមចំណែក​លុបបំបាត់​ភាពក្រីក្រ លើកកម្ពស់​គុណ​ភាព​សិទ្ធិ​របស់​ប្រជាព​លរដ្ឋ»។

ក្នុងឱកាស​នោះ ស ខេង បាន​លើកឡើងថា រយៈពេល៣ឆ្នាំ​កន្លងមកនេះ ប្រទេស​កម្ពុជា ក៏ដូចជា​ប្រទេស​នៅក្នុង​សកលលោក បាន​តម្រូវឱ្យមាន​ការផ្លាស់ប្តូ​រ​នូវ​របៀប​នៃ​ការរស់នៅ និង​ការបំពេញ​ការងារ។ សម្រាប់​ប្រទេស​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​រក្សាបាន​នូវ​ស្ថានភាព​ដ៏​ល្អប្រសើរ និង​បង្កលក្ខណៈ​ឱ្យ​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បានរួម​សហការគ្នា​រៀបចំ​អនុវត្ត​ការងារ​ចាំបាច់​នានា​ផ្សារភ្ជាប់​ទៅនឹង​កំណែទម្រង់​ពាក់ព័ន្ធ​ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​ជូន​ប្រជាពលរដ្ឋ។

លោកឱ្យដឹងថា ក្នុងការ​អនុវត្ត​គោលនយោបាយ​ថ្នាក់ជាតិ២០១០-២០២០ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​នានា ព្រម​ទាំង​ក្រសួងមហាផ្ទៃ​ផងដែរ បាន​ផ្ទេរ​មុខងារ សិទ្ធិអំណាច និង​ធនធាន​មួយចំនួនធំ ​ទៅ​ថ្នាក់ក្រោម​ជាតិហើយ​កិច្ចការ​នេះ​ត្រូវ​បានរៀបចំ​ជា​ជំហាន និង​ជា​ដំណាក់កាល​ដោយមាន​ការពិភាក្សា និង​ពិគ្រោះ​យោ​បល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ផងដែរ។

លោក បាន​បញ្ជាក់ថា៖«ក្នុង​ដំណើរ​ការធ្វើ​វិមជ្ឈការ និង​វិសហមជ្ឈការ​កន្លងមកនេះ ក្រសួងមហាផ្ទៃ បាន​ផ្ទេរ​សិទ្ធិអំណាច មុខងារ ធនធាន និង​ការទទួលខុសត្រូវ​ជាច្រើន​រួចមកហើយ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមមាន​ដូចជា ការផ្ទេរ​សិទ្ធិអំណាច ធនធាន និង​ការទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ការផ្ទេរ​បុគ្គលិក​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​ប្រមាណ​ជាង៧ ០០០នាក់ ទៅ​ស្ថិតក្រោម​ការ​គ្រប់ គ្រង​ដោយផ្ទាល់​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ»។

លោក ចាន់ សុធា អនុរដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប បាន​និយាយ​ថា រាជរដ្ឋាភិបាល បានចាត់ទុក​កំណែទម្រង់​អភិបាលកិច្ច គឺជា​កិច្ចការ​ដ៏​ចាំបាច់ និង​មាន​សារៈសំខាន់​ក្នុងការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​ឱ្យបាន​នូវ​ឋានៈ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។

លោក​បញ្ជាក់ថា ដើម្បី​សម្រេច​គោលដៅ​នេះ រាជរដ្ឋាភិបាល បាន​និង​កំពុង​ធ្វើ​ទំនើបកម្ម​យ៉ាង​ទូលំទូលាយ និង​ស៊ីជម្រៅ​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​តាមរយៈ​កម្មវិធី​កំណែទម្រង់​នានា រួមមាន​កំណែទម្រង់​កា​រ​អភិវឌ្ឍ​តាមបែប​ប្រជាធិប​តេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ឬ​ហៅថា​ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែ​ទម្រង់រដ្ឋបាល​សាធា​រណៈ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ និង​កំណែ​ទម្រង់​តាម​វិស័យ​នានា។

លោក បាន​និយាយ​បន្តថា​៖«ដើម្បី​ឱ្យ​ការធ្វើ​កំណែទម្រង់​ខាងលើ​មាន​ប្រសិទ្ធភាព​ខ្ពស់ រាជរដ្ឋាភិបាល​បានរៀបចំ និង​ដាក់ឱ្យអនុវត្ត​នូវ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​ន៍តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ជាដំណាក់​កាលៗ ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​កម្មវិធី​កំណែទម្រង់​ស្នូល និង​កំណែទម្រង់​តាម​វិស័យ​នានា​របស់​រាជរដ្ឋា​ភិបាល»។

បើតាម​លោក ចាន់ សុធា កម្ពុជា កំពុង​រៀបចំ​នូវ​សេចក្តីព្រាង​ផែនការ​អនុវត្ត​រយៈពេល៥ឆ្នាំ​ដំណាក់កាល​ទី១ មាន៥​ជំពូក និង១១៧ទំព័រ ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ប្រកប​ដោយ​បរិ​យាប័​ន្ន យុត្តិធម៌ និង​សមធម៌​សង្គម តាមរយៈ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អភិបាលកិច្ច​ថ្នាក់ក្រោម​ជាតិ និង​ការកែលម្អ​ដំណើរ​ការ​ផ្តល់សេវា និង​គុណភាព​សេវា ដែលជា​ការរួមចំណែក​ក្នុងការ​លុបបំបាត់​ភាពក្រីក្រ និង​ការ​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ។

​លោកឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ចូលរួម​ធ្វើ​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាងច្បាប់​ស្តីពី​ជលផល បាន​ថ្លែង​ថា ក្រសួង បាន​ជំរុញ​ដល់​ដំណើរការ​នៃ​ការរៀបចំ​ក្រុមការ​ងារ​ក្រសួង​នៅក្នុង​ការធ្វើ​ការពិនិត្យ​រៀបចំ​កែសម្រួល​យ៉ាង​យកចិត្តទុកដាក់ និង​មាន​វឌ្ឍនភាព​យ៉ាង​ល្អ​ប្រសើរ។

លោក​បាន​បញ្ជាក់​ថា៖«សេចក្តីព្រាង​ច្បាប់​ស្តីពី​ជលផល បាន​ពិនិត្យ​ពិភាក្សា និង​កែសម្រួល​ជា​បន្តបន្ទាប់​តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នានា​ជា​សាធារណៈ​ជាមួយ​អ្នកពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​អង្គភាព​ពាក់ព័ន្ធ​សម្រេច​បានជា​សេចក្តី​សម្រេច​ចុងក្រោយ មាន១៧ជំពូក និង១២៩​មាត្រា។ ច្បាប់​នេះ​ឆ្លើយតប​ទៅនឹង​បរិបទ​ថ្មី​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា សេដ្ឋ​កិច្ចសង្គម ការធ្វើសមាហរណកម្ម​វិស័យ​ជលផល​កម្ពុជា​ទៅក្នុង​តំបន់ និង​អន្តរជាតិ ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​បទប្បញ្ញត្តិ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់​គ្រង​នេសាទ​សមុទ្រ»។

ចំណែក​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​បាន​ចូលរួម​ធ្វើ​សេចក្តីរា​យការណ៍​ក្នុង​កិច្ចប្រជុំ​នោះ ដោយ​និយាយ​ថា កត្តាសំខាន់ៗជា​មូលដ្ឋាន ដើម្បី​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ព្រៃឈើ គឺ​ផ្អែកលើ​ការរីកចម្រើន​របស់​ប្រទេស និង​ជីវភាព​ប្រជាជន​នៅ​ទូទាំង​ប្រទេស។ លោក​បាន​បន្តថា កត្តា​នេះ គឺ​ទាមទារ​ឱ្យមាន​ការ​ថែ​ក្សា​ការពារ​តំបន់​ធនធានធម្មជាតិ​នានា​គ្រប់​ប្រភេទ​នៅក្នុង​ប្រទេស រួមមាន ព្រៃ​ឈើ ទន្លេ បឹងបួ ភ្នំ និង​សម្បត្តិ​ធម្មជាតិ​មួយចំនួនទៀត សម្រាប់​តម្កល់​ជា​សម្បត្តិ​ជាតិ​ដែល​មាន​រយៈពេល​យូរ​អង្វែង និង​អាច​ទាញយក​នូវ​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​ត្រឡប់​មកវិញ។

លោក​បាន​បញ្ជាក់ថា៖«ត្រូវមាន​ច្បាប់​ថ្មី​មួយ ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​លើ​កិច្ចការងារ​នេះ​ឱ្យបាន​ស្រប​ជាមួយ​ការវិវត្ត​របស់​សង្គម​នាពេល​បច្ចុប្បន្ន​ នោះគឺ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ។ ច្បាប់​ស្តីពី​តំបន់ការពារ​ធម្មជាតិ​នេះ មាន​គោលបំណង​ដើម្បី​កំណត់​អំពី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ប្រកបដោយ​និរន្តរ​ភាព ដើម្បី​ធ្វើការ​ការពារ និង​អភិរក្ស​ជីវចម្រុះ ធនធាន​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី បេតិកភណ្ឌ​វប្បធម៌ បេតិកភណ្ឌ​ធម្មជាតិ ព្រមទាំង​លើកកម្ពស់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី ជីវភាព​សហគមន៍​មូលដ្ឋាន អភិវឌ្ឍន៍ និង​ប្រើ​ប្រាស់​ធនធាន​ធម្ម​ជាតិ​ប្រកប​ដោយ​ចីរភាព នៅក្នុង​តំបន់ការ​ពារ​ធម្មជាតិ»៕