ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត (​គជប​) បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ម​ន្ត្រី គជប គ្រប់​ជាន់ថ្នាក់​ដែល​ធ្វើឱ្យ​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះ​ឆ្នោត ឆ្នាំ ២០២២ រយៈ​ពេល​ ៥០ ​ថ្ងៃ​កន្លងមកនេះ បញ្ចប់​ទៅដោយ​រលូន​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បាន​ថ្លែង​ព្រឹក​ថ្ងៃទី​ ៨ ខែធ្នូ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ ស្តីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២២ ថា បើទោះបី​មាន​បញ្ហា​អាកាសធាតុ តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ភូមិសាស្ត្រ​ខ្លះ​ស្ថិតនៅ​ឆ្ងាយ​ដាច់ពីគ្នា និង​មាន​បញ្ហា​តិចតួច​បានកើត​ឡើង​ក្តី​ក៏ប៉ុន្ដែ​វា​មិនមែនជា​ឧបសគ្គ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរ​ការចុះ​ឈ្មោះ​បោះឆ្នោត​នោះឡើយ​។​

​លោក​ថា​៖ «​យើង​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែលមាន​សិទ្ធិ និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​និង​មាន​លក្ខ​​ខណ្ឌ​គ្រប់គ្រាន់​តាមច្បាប់​កំណត់ បាន​ចុះឈ្មោះ​។ សរុប​រួម​មក ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​ ៥០ ​ថ្ងៃ​កន្លងមកនេះ ខ្ញុំ​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ម​ន្ត្រី គជប និង​អ្នកពាក់ព័ន្ធ​គ្រប់​ជាន់​​ថ្នាក់ ធ្វើឱ្យ​ការចុះឈ្មោះ​បញ្ចប់​ទៅដោយ​រលូន និង​ដោយ​ជោគ​ជ័យ​»​។

​បើតាម​របាយការណ៍​គជប គិត​ត្រឹម​រសៀល​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២២ អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ៥៧៧៥៥០​ នាក់ (​ស្ត្រី ២៨៨ ៥៥១​ នាក់​) ដែល​ស្មើនឹង​ ១៤១,១៩% នៃ​ស្ថិតិ​ពលរដ្ឋ​ប៉ាន់ស្មាន​ដែល​អាចមក​ចុះឈ្មោះ​បោះឆ្នោត​។​

​របាយការណ៍​បន្តថា អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន​ ២៥៨ ៣៧២ ​នាក់ អ្នកស្នើសុំ​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៦០ ៧៦៩​ នាក់ និង​អ្នក​ផ្ទេរ​ចូល​មាន​ចំនួន​ ១៧៨ ៥២១​ នាក់ ។​

​លោក ហង្ស ពុទ្ធា ថា នេះ​ជា​លទ្ធផល​បណ្តោះអាសន្ន​ហើយ​តួលេខ​នេះ​នឹងត្រូវ​កើនឡើង​បន្ថែមទៀត នៅពេលដែល​បូក​បញ្ចូល​តួលេខ ដែល​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ចុះ​បន្ថែមទៀត នៅក្នុង​ថ្ងៃ​ចុងក្រោយ​គឺ ថ្ងៃទី​ ៨ ខែធ្នូ​។

​បើតាម គជប បន្ទាប់ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​ត្រូវបាន​បញ្ចប់ ហើយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការបដិសេធ​ការសុំ​ចុះឈ្មោះ​បោះឆ្នោត​ត្រូវបាន​ដោះស្រាយ​រួចរាល់ ​(​ក្នុងករណី​មាន​បណ្ដឹង​) ឬ​ប្រសិនបើ​ពុំមាន​បណ្តឹង ក្រុម​​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​ចាត់​ចែង​បំពេញ​នូវ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​តាម​ការិយាល័យ​បោះឆ្នោត​នៃ​ឃុំ សង្កាត់​នីមួយៗ​។​

​លោក ហង្ស ពុទ្ធា ថ្លែងថា បើ​មាន​បណ្ដឹងតវ៉ា​អំពី​ការបដិសេធ​ការសុំ​ចុះឈ្មោះ​បោះឆ្នោត ត្រូវបាន​ដាក់ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែល​ត្រូវអនុវត្ត​នៅ​ថ្ងៃទី​ ៧ បន្ទាប់​ពីថ្ងៃ​បញ្ចប់​ការ​ចុះឈ្មោះ​បោះឆ្នោត (​ថ្ងៃទី​ ១៥ ធ្នូ​ឆ្នាំ ២០២២​ ជា​ថ្ងៃ​ចុងក្រោយ​)​។​

​ពាក់ព័ន្ធ​នឹង​បណ្តឹង​ទាក់ទង​ទៅនឹង​ការចុះឈ្មោះ​បោះឆ្នោត លោក ហង្ស ពុទ្ធា បានឱ្យដឹងថា រហូតមកទល់​ពេលនេះ គជប បានទទួល​បណ្តឹង​សរុប​ចំនួន ១ បណ្តឹង (​បណ្តឹង​ផ្តន្ទាទោស​) ពី​គណបក្ស​ភ្លើងទៀន ករណី​ភ្នា​ក់​ងារ​គណបក្ស​ភ្លើងទៀន ប្ដឹង ចៅសង្កាត់រង​ទី ​១ នៃ​សង្កាត់ អូរឫស្សី​ទី​ ៣ ខណ្ឌ​ ៧មករា រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ពាក្យបណ្ដឹង​នេះ​ត្រូវបាន គជប សម្រេច​ធ្វើលិខិត​ជូនដំណឹង​បដិសេធ​។​

​អ្នកនាំពាក្យ​នៃ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា បានកត់សម្គាល់​ឃើញ​តាមរយៈ​ការតាមដាន​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២២​ នេះ​ថា ការផ្សព្វផ្សាយ​ហាក់បីដូចជា​មិនបាន​ទូលំទូលាយ និង​ជ្រួតជ្រាប​ទៅដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប​នៅឡើយ​ទេ ជា​​ពិសេស​យុវវ័យ​ដែល​គ្រប់​អាយុ​ដល់​ថ្ងៃ​បោះឆ្នោត​។

​លោក​ថ្លែងថា​៖ «​យើង​ឃើញថា ពលរដ្ឋ​មួយចំនួន​ដែល​ធ្វើ​ចំណាកស្រុក​មក​តាម​បណ្តា​ខេត្ត​មួយចំនួន ពិសេស​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​​ដែន​គឺ​បាន​ចាកចេញ​ទៅធ្វើជា​ពលករ​នៅក្រៅ​ប្រទេស​ច្រើន​មែនទែន បើតាម​របាយការណ៍រ​បស់​អង្គ​ការសង់​ត្រា​ល់​គឺមាន​ប្រមាណ​ជា​ ២ ​លាន​នាក់​ឯណោះ​។ អ៊ីចឹង យើង​មានការ​បារម្ភ​ថា ការ​ចុះឈ្មោះ​បោះឆ្នោត​នេះ​មិនបាន​ចុះឈ្មោះ​អស់​នូវ​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​សិទ្ធិ​ក្នុង​ការបោះ​​ឆ្នោត​នេះ​»​។

​លោក ស៊ឹង សែន​ករុណា ថា ៖ «​បើ​អាច​គួរតែ​ទុក​នៅ​ចន្លោះ​ណាមួយ​ដើម្បីឱ្យ​ពួក​​គាត់​ចុះឈ្មោះ​បន្តទៀត ដើម្បីឱ្យ​ពួកគាត់​អាចអនុវត្ត​នូវ​សិទ្ធិ​របស់​ពួកគាត់​បាន ហើយ​ជាការ​សម្រួល​ខាង​ពលករ​ចំណាកស្រុក​យើង​ចង់ឱ្យមាន​ការកែសម្រួល​ឬក៏​ធ្វើ​វិសោធនកម្ម​ច្បាប់​យ៉ាងណា​ឱ្យ​ពលករ​ចំណាកស្រុក​មានឱកាស​ចុះឈ្មោះ​បោះឆ្នោត​នៅក្រៅ​ប្រទេស ដើម្បី​ចៀសវាង​នូវ​ការចំណាយ​ផ្សេងៗ​ក្នុងការ​ធ្វើដំណើរ​ចុះ​ឡើងមក​ចុះឈ្មោះ​នេះ​»​។​

​អគ្គលេខាធិការរង គជប លោក សោម សូ​រី​ដា ថ្លែងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​បាន​បិទ​បញ្ចប់​នៅ​ម៉ោង ​៥ ​និង​ ៣០ ​នាទី​រសៀល ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២២ ហើយ គជប នឹងមិន​មានការ​ពន្យា​រ​ពេល ឬ​បន្ថែម​ថ្ងៃ​សម្រាប់​ការចុះឈ្មោះ​នេះ​ទៀត​នោះឡើយ​។ ជាមួយគ្នានេះ​លោក សូ​រី​ដា បានឱ្យដឹងថា បើ​ពិនិត្យ​ទៅលើ​ចំនួន​ពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត គិត​ត្រឹម​ថ្ងៃទី​ ៧ ខែធ្នូ មាន​ប្រមាណ​ជាង ៩​ លាន ​៧ ​សែន​នាក់ ឬ​ប្រមាណ​ជា​ជិត​ ៩០%​ បើ​ធៀប​ទៅនឹង​ចំនួន​ប្រជា​ពល​​រដ្ឋ​ប៉ាន់ស្មាន​អាយុ​១៨​ឆ្នាំ​គិតដល់​ថ្ងៃ​បោះឆ្នោត​នោះ​គឺមាន​ជាង​ ១០​ លាន​នាក់​។

​លោក​បាន​បញ្ជាក់ថា ដូចនេះ​តួលេខ​នេះ​គឺជា​តួលេខ​មួយ​ដែល​នៅសល់​ប្រហាក់ប្រហែល ​១ ​លាន​ ១ ​សែន​នាក់ ហើយ​លោក​សង្ឃឹមថា នៅ​ថ្ងៃ​ចុង​ក្រោយនេះ​នឹងមាន​ការចុះឈ្មោះ​ប្រជា​ពល​​រដ្ឋ​ថ្មី​បន្ថែមទៀត​៕