ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​ចំនួន​ជាង ៥០ ម៉ឺនដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ទិញ​ម៉ាស៊ីន​ផលិត​ឧបករណ៍​សិប្បនិមិ្មត និង​សាងសង់​អគារ​ស្នាក់នៅ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្ត​តាកែវ និង​គម្រោង​សាងសង់​អគារ​ផ្នែក​សម្ភព​និង​ថែទាំ​ទារក​ទើប​នឹង​កើត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម។​

​កិច្ចសន្យា​ផ្តល់ជំនួយ​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ៨ ខែធ្នូ ដោយ លោក តានិណៃ អ៊ិឈិតុម៉ុ (Taninai Ichitomo) ឧប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​តំណាង​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្ត​តាកែវ និង មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម។​

​គម្រោង​ទិញ​ម៉ាស៊ីន​ផលិត​ឧបករណ៍​សិប្ប​និ​មិ្ម​ត និង​សាងសង់​អគារ​ស្នាក់នៅ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្ត​តាកែវ មាន​ថវិកា​ចំនួន​ជាង ១៦ ម៉ឺន​ដុល្លារ​អាមេរិក។

​ជំនួយ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដំឡើង​ឧបករណ៍​ចំនួន ១៥ ប្រភេទ សម្រាប់​ផលិត​ឧបករណ៍​សិប្បនិមិ្មត និង​ស្តារនីតិសម្បទា និង​សាងសង់​អគារ​ស្នាក់​សម្រាប់​អ្នកជំងឺ នៅ​មជ្ឈមណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ខេត្ត​តាកែវ (PRC) ក្នុង​ខេត្ត​តាកែវ។

​សេចក្តីប្រកាស​ព័ត៌មាន​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី ៨ ខែធ្នូ ថា PRC នេះ បាន​និង​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​មួយចំនួន​ដោយសារ​ភាព​សឹករេចរឹល​នៃ​ឧបករណ៍​ចាំបាច់​នាពេល​បច្ចុប្បន្ន ដើម្បី​ផលិត​ឧបករណ៍​សិប្បនិម្មិត និង​រណប និង​ដោយ​សារភាព​ចាស់​ទ្រុឌទ្រោម​នៃ​អគារ​ស្នាក់​សម្រាប់​អ្នកជំងឺ។

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​តាមរយៈ​គម្រោង​នេះ យើង​រំពឹងថា​អ្នកជំងឺ​ចំនួន ៧០០ នាក់ ដែល​មក​ព្យាបាល​នៅ PRC នេះ ជា​រៀងរាល់​ឆ្នាំ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​បរិក្ខារ និង​សេវាកម្ម ដែល​មាន​ភាពប្រសើរ​ជាងមុន»។​

​ចំពោះ​គម្រោង​សាងសង់​អគារ​ផ្នែក​សម្ភព​និង​ថែទាំ​ទារក​ទើបនឹង​កើត នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម គឺមាន​ថវិកា​ចំនួន​ជាង ៣៤ ម៉ឺន ដុល្លារ​អាមេរិក។​

​ជំនួយ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​សាងសង់​អគារ​ចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ សម្រាប់​ផ្នែក​សម្ភព និង​ថែទាំ​ទារក​ទើបនឹង​កើត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម។

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានឱ្យដឹងថា មន្ទីរពេទ្យ​នេះ​បាន និង​កំពុង​ប្រឈម​នឹង​បញ្ហា​ដូចជា ការ​ស្នាក់នៅ​លើស​ចំណុះ​នៅក្នុង​អគារ​ផ្នែក​សម្ភព​បច្ចុប្បន្ន សម្រាប់​ម្តាយ និង​ការ​ចំណាយ​ពេល​ក្នុងការ​បញ្ចូន​ទារក​ទើបនឹង​កើត​ស្ថិត​ក្នុង​ករណី​សង្គ្រោះ​បន្ទាន់ ទៅកាន់​ផ្នែក​ថែទាំ​ទារក​ទើប​នឹង​កើត ដែល​នៅ​ឆ្ងាយ។

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា​៖ «​តាមរយៈ​ការសាងសង់​អគារ​ថ្មី​ផ្នែក​សម្ភព និង​ថែទាំ​ទារក​ទើប​នឹង​កើត​នេះ យើង​រំពឹងថា​មន្ទីរពេទ្យ​អាច​ផ្តល់​កន្លែង​ស្នាក់ ដែល​សមរម្យ​ជាង​មុន​សម្រាប់​ម្តាយ​ដែល​ទើប​សម្រាល និង​ដំណើរការ​ការព្យាបាល​ចាំបាច់​នានា​សម្រាប់​ទារក​ដែល​មាន​តម្រូវការ​ចាំបាច់​បាន​ភ្លាមៗ»៕​