
ភ្នំពេញៈ កម្ពុជានាថ្ងៃទី ៩ ខែធ្នូ នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលកម្ចីអភិវឌ្ឍន៍ចំនួនជាង ១ ៨០០ លានដុល្លារអាមេរិកពីប្រទេសកូរ៉េខាងត្បូងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ និង សាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េពីផ្សារចាស់ទៅកាន់ជ្រោយចង្វារស្ថិតក្នុង រាជធានីភ្នំពេញ និងពីជ្រោយចង្វារទៅកាន់អរិយក្សត្រស្ថិតក្នុងខេត្តកណ្តាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីនេះរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងពិធីនោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ប៉ាក ហឹងឃ្យង (Park Heung-kyeong) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខ័ណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ៨ ខែធ្នូ បញ្ជាក់ថា ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ មានទំហំទឹកប្រាក់ចំនួន ១ ៥០០ លានដុល្លារអាមេរិក។
ក្នុងពិធីនោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហរ័ណអាហរ័ណកូរ៉េប្រចាំកម្ពុជា ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន ២។
ទី ១ គឺគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០ លានដុល្លារអាមេរិក និងទី ២ គឺគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ដែលមានទឹកប្រាក់ចំនួនជាង ២៤៥ លានដុល្លារអាមេរិក។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះថា៖ «ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែក ដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំង ២»៕