សៀមរាបៈ គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (អាយស៊ីស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ និងកិច្ចប្រជុំពេញអង្គលើកទី២៩ ចាប់ពីថ្ងៃទី១៥ដល់១៦ ខែធ្នូ នៅខេត្តសៀមរាប ស្របពេលមានការប្រារព្ធព្រឹត្តិការណ៍រំឭកគុណអង្គររយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ធ្នូ។
បើតាមអាជ្ញាធរជាតិអប្សរា កិច្ចប្រជុំទាំង២ របស់អាយស៊ីស៊ី-អង្គរ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ដែលមានលោក ឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំកម្ពុជា និងលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
របៀបវារ:នៃកិច្ចប្រជុំទាំងនេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំកន្លងមក អំពីកិច្ចការអភិរក្សជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ របាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្ស និងកិច្ចការស្រាវជ្រាវបុរាណវិទ្យា។
បើតាមអាជ្ញាធរជាតិអប្សរា អាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំរបស់ខ្លួន២ដងក្នុង១ឆ្នាំ ម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀត គឺកិច្ចប្រជុំបច្ចេកទេស។
ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធព្រឹត្តិការណ៍រំឭកគុណអង្គររយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ធ្នូ។
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា តាមការគ្រោងទុកពិធីរំឭកគុណអង្គរ ចំនួន៣ថ្ងៃ គឺមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។
ដោយចាប់ផ្តើមនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ពិធីបួងសួងព្រឹត្តិការណ៍រំឭកគុណអង្គរ នឹងត្រូវធ្វើឡើងនៅបរិវេណមុខប្រាសាទអង្គរវត្ត ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។
នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។
បើតាមអាជ្ញាធរជាតិអប្សរា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។
រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ ៕