អាជ្ញាធរកម្ពុជា រៀបចំពិធីដាំឈើកោងកាង ២៣៨៨ ដើម ដើម្បីអបអរសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេលើលោកឆ្នាំនេះ។
តំណាងពីក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូបរទេស មហាសន្និបាតលើកទី១៦ ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ទៅដាំកូនកោងកាងនៅឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។ លោកបន្តថា កិច្ចសហប្រតិបត្តិការ រវាងសមាជិកក្លិបឆ្នេរទាំងអស់ នឹងបន្តរីកលូតលាស់ រឹងមាំ ស្ថិតស្ថេរយូរអង្វែង ដើម្បីជាមូលដ្ឋានក្នុងការជំរុញដោះស្រាយបញ្ហាប្រឈមរួមនានា ក្នុងកិច្ចគាំពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាសកល។
លោកបញ្ជាក់ថា ពិធីដាំដើមកោងកាងអនុស្សាវរីយ៍នាពេលនេះ ធ្វើឡើងដើម្បីជាអនុស្សាវរីយ៍ និងចង់ដាស់តឿនឱ្យអ្នកពាក់ព័ន្ធរក្សាការពារព្រៃកោងកាង។
លោក គួច ចំរើន៖«ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ។ ខ្ញុំធ្លាប់បានលើកឡើងថា “ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន កាប់ព្រៃឈើក្ររហេមរហាម»។
លោកបន្ថែមថា៖ «ព្រៃកោងកាងជាកន្លែងរក្សាផលស្តុក ជាដែនជម្រក ជាកន្លែងបង្កាត់ពូជ ប្រភពមេពូជនៃធម្មជាតិ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សតាមរយៈការផ្តល់ជាប្រភពអាហារ និងឱសថបុរាណ។ លើសពីនេះទៀត វាជារបាំងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរច្រោះឆ្នេរ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងការរក្សាទុកកាបូនដែលបានរួមចំណែក ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ»។
ទីតាំងរៀបចំដាំកូនកោងកាង ស្ថិតនៅក្នុងឃុំតានៃ ស្រុកព្រៃនប់នេះ ត្រូវបានប្រសិទ្ធនាមថា «កោងកាង សាងស្នេហ៍» ដែលបង្ហាញពីនិមិត្តរូប នៃសេចក្តីស្រឡាញ់ និងចំណងមិត្តភាព ភាតរភាព សាមគ្គីភាពយូរអង្វែង រវាងសមាជិកនៃក្លិបឆ្នេរទាំងអស់។
សកម្មភាពដាំដើមកោងកាងនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមមានវត្តមានលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, ឧកញ៉ា ម៉ុង ឫទ្ធី, លោក ប្រ៊ុយណូ បូដា សហស្ថាបនិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក លោក មីសែល ប៊ុយហ្សូល ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក រួមទាំងមានគណៈប្រតិភូជាតិនិងអន្តរជាតិជាច្រើនរូបទៀត។
ទន្ទឹមនឹងការដាំព្រៃកោងកាងនិងការអភិរក្សនោះ តំបន់ព្រៃកោងកាងមួយចំនួនកំពុងរងការគំរាមកំហែងដោយការកាប់ទន្ទា្រនយកដីធ្លី ពីសំណាក់បុគ្គលនិងក្រុមមានអំណាចមួយចំនួនដែលករណីខ្លះរហូតកើតមានទំនាស់ដីធ្លីទៀតផង។ ប្រទេសកម្ពុជាមានព្រៃកោងកាងសរុបចំនួន ៥៨ ៨៥២ ហិកតា ក្នុងនោះខេត្តព្រះសីហនុ មានផ្ទៃដីព្រៃកោងកាង ចំនួន ៩ ៣៥២ ហិកតា៕