ភ្នំពេញៈ ​មុនពេល​ដែល​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​សាយភាយ​ចូលមក​បម្រើឱ្យ​ការរស់នៅ​របស់​មនុស្ស ការធ្វើការងារ​សព្វ​បែប​យ៉ាង​ច្រើនតែ​ប្រព្រឹត្តទៅ​ដោយផ្ទាល់ សូម្បីតែ​ការបង្កើត​ទំនាក់​ទំនង​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ក៏ត្រូវ​ធ្វើឡើង​ដោយផ្ទាល់​ផងដែរ​។

​តែ​បន្ទាប់ពី​សករាជ​នៃ​បច្ចេក​​វិទ្យា​បាន​ឈានចូល​មកដល់​ការ​ងារ​របស់​មនុស្ស​ភាគ​ច្រើន​ត្រូវបាន​សម្រាល​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​។ ការសិក្សា ការបង្កើត​ទំនាក់ទំនង ការធ្វើការ ការធ្វើ​ជំនួញ គឺ​សុទ្ធតែ​អាចធ្វើ​ទៅបាន​ពី​ចម្ងាយ​ដោយ​គ្រាន់តែ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត​។​

​សម្រាប់​ការអាន​សៀវភៅ​វិញ​ក៏​ដូចគ្នា ដោយ​អ្នកអាន​កាន់​តែមាន​ជម្រើស​ច្រើនជាង​មុន និង​ងាយស្រួល​ជាង​មុន​ក្នុងការ​ស្វែង​​រក​ចំណេះដឹង​។ ជំនួស​ដោយ​ការ​កាន់​យក​សៀវភៅ​ទៅគ្រប់​ទីកន្លែង បច្ចុប្បន្ន​គេ​អាច​អាន​សៀវភៅ​តាម​អេឡិចត្រូនិក (E-Book) និង​ថែមទាំង​អាច​ចំណេញ​ប្រាក់​ក្នុង​ការទិញ​សៀវភៅ​ទៀតផង​។ ប៉ុន្តែ វា​ក៏​មិន​ទាំងស្រុង​ដែរ អ្នកអាន​មួយចំនួន​ក៏​នៅតែ​មិន​ទទួលយក​ភាពងាយស្រួល​នៃ​បច្ចេកវិទ្យា ដោយ​គិតថា ការអាន​លើ​ក្រដាស​សៀវភៅ​ផ្ទាល់​គឺមាន​ភាពស្និទ្ធស្នាល​ជាង​។

​លោក ឡុង ម៉េង​ឈៀង ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​ ​៤ គឺជា​យុវជន​ ១ ​រូប ដែល​ចូលចិត្ត​ការអាន​លើ សៀវភៅ​ផ្ទាល់​ជាជាង​ការអាន​លើ​អេឡិចត្រូនិក​។ លោក​ថា អាន​ផ្ទា​ល់វា​ធ្វើឱ្យ​លោក​បាន​ប៉ះពាល់​សន្លឹក​សៀវភៅ បាន​បើក​ទំព័រ​សៀវភៅ ដែល​នោះ​គឺជា​ភាព​ពិត​មួយ ដែល​លោក​គួរតែ​បាន​ពី​ការអាន​សៀវភៅ​។​

​និស្សិត​វ័យ​ ២០ ​ឆ្នាំ​ស្ដើង រូបនេះ​បាន​រៀបរាប់​បន្តថា​៖ «​ខ្ញុំ​ធ្លាប់​សាក​អាន​លើ​អេឡិចត្រូនិក ប៉ុន្តែ​វា​ពិបាក​មើល​ហើយ​មាន​អារម្មណ៍​ថា ទំនាក់ទំនង​យើង​ជាមួយ​សៀវភៅ វា​ដូចជា​គ្មាន​សោះ​»​។​

​យ៉ាងណាមិញ លោក​សង្កេតឃើញ​ពី​ទំនោរ​នៃ​ការអាន​តាម​អេឡិចត្រូនិក​មានការ​កើនឡើង ជាពិសេស​ការអាន​តាម Kindle ដែល​អាច​ផ្ទុក​សៀវភៅ​បាន​ច្រើន​ក្បាល និង​មិន​បង្ក​ជាការ​​ឈឺភ្នែក ដូច​មើល​លើ​កញ្ចក់​អេក្រង់​ទូរស័ព្ទ​។ និស្សិត​រូបនេះ​បន្តថា ការអាន​សៀវភៅ​អេ​ឡិច​​ត្រូ​និក​អាច​នឹង​ពេញនិយម​នៅពេល​ឆាប់ៗ​ខាងមុខ​។​

​កញ្ញា ម៉ា​រឺ​ឌី ដែលជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ឯណោះ​វិញ​យល់ថា ការអាន​បែបណា​ក៏​សុទ្ធ​តែមាន​សារៈសំខាន់ និង​មាន​គោលដៅ​តែមួយ​គឺ​ស្វែង​យល់ និង​ក្រេប​ចំណេះដឹង​។​

​ប៉ុន្តែ​សម្រាប់​ការនិយម​របស់​កញ្ញា គឺ​ការអាន​លើ​សៀវភៅ​ដោយផ្ទាល់​ដោយ​កញ្ញា​ចូលចិត្ត​ក្លិន​សៀវភៅ និង​ចូលចិត្ត​នៅពេលដែល​បាន​ចាប់​កាន់​សៀវភៅ​ដោយផ្ទាល់​។ ម្យ៉ាងទៀត ការអាន​លើ​សៀវភៅ​គឺ​មិនចាំបាច់​ត្រូវ​អង្គុយ​សម្លឹង​អេក្រង់​យូរ​។ ​«​បើទោះជា​ការអាន​តាម​អេឡិចត្រូនិក​មាន​លក្ខណៈ​ទំនើប​ជាង និង​អាច​ចាយលុយ​តិចជាង​ខ្ញុំ​នៅតែ​ជ្រើសរើស​ទិញ​សៀវភៅ​មក​អាន​ផ្ទាល់ ហើយ​ប្រមូល​សៀវភៅ​ទុកដាក់​តាំង​យក​សោភណភាព​វិញ​»​។

​ខុសគ្នា​ពី​យុវជន​ខាងលើ​សម្រាប់​ក​ញ្ញា សុភ័គ​វី​យ៍ ឯណោះ​វិញ ចូលចិត្ត​ការអាន​លើ​អេឡិចត្រូនិក ជាង​អាន​លើ​សៀវភៅ​។ កញ្ញា​បាន​រៀបរាប់​ពី​មូលហេតុ​នៃ​ការ​និយម​ចូលចិត្ត​អាន​របស់ខ្លួន​ថា​៖ «​អាន​តាម​អេឡិចត្រូនិក ខ្ញុំ​អាច​សន្សំ​លុយ​បាន​ច្រើន​ហើយ​អាច​យកតាម​ខ្លួន​បាន​គ្រប់​ទីកន្លែង ដោយ​មិនចាំបាច់​ត្រូវ​ស្ពាយ​សៀវភៅ​តាម​»​។

​កញ្ញា​បន្តថា​៖ «​ម្យ៉ាងទៀត ខ្ញុំ​ចង់ឱ្យ​ការប្រើប្រាស់​ទូរស័ព្ទ​រប​ស់​ខ្ញុំ​គឺ​ផ្ដោតលើ​ការអាន​សៀវភៅ​ជាជាង​ការលេង​បណ្ដាញ​​សង្គម​ដែល​វា​អាច​ខាតបង់​ពេលវេលា​ច្រើន​...​ដូច្នេះ​រាល់ពេល​ដែល​ខ្ញុំ​កាន់​ទូរស័ព្ទ​គឺ​ខ្ញុំ​នឹកឃើញ​ពី​ការអាន​សៀវភៅ​»​។​

​កញ្ញា​បន្ត​រៀបរាប់​ពី​ភាព​ងាយ​ស្រួល​នៃ​ការអាន​តាម​អេ​ឡិច​ត្រូ​និក​ថា វា​មាន​ភាពងាយស្រួល​ជាង​សៀវភៅ​ដោយ​អាច​កត់ត្រា បកប្រែ យ៉ាង​មាន​របៀបរៀបរយ​។ អ្វីដែល​កាន់តែ​ពិសេស​កញ្ញា​ថា ខ្លួន​ក៏​អាច​បើកមុខ​ងារ​អាន​នៅលើ​ទូរស័ព្ទដៃ ដោយ​ធ្វើ​ដូច្នេះ​កញ្ញា​គ្រាន់តែ​ស្ដាប់​ក៏​អាចយ​ល់ពី​ខ្លឹម​សារ​នៃ​សៀវភៅ​បាន​ដូចគ្នា​។​

​ទន្ទឹមគ្នានេះ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី ​៩ ​ធ្នូ បានលើកឡើង​អំពី​ការអាន​របស់​យុវជន​សតវត្សរ៍​ទី​ ២១ ​នេះ​ផងដែរ​។ ក្នុងឱកាស​នៃ​ពិធី​បើក​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​ ៩ នោះ លោកស្រី​បាន​ជំរុញ​ឱ្យ​យុវជន​ដែលជា​សសរទ្រូង​ដ៏​សំខាន់​នៃ​ប្រទេសជាតិ​ខិតខំ​ស្វែងរក​ចំណេះ​ដាក់ខ្លួន​។

​បើ​ទោះបីជា​បច្ចុប្បន្ន​មានការ​និយម​អាន​សៀវភៅ​អេឡិចត្រូនិក​យ៉ាងណាក៏ដោយ​ក៏​លោកស្រី​នៅតែ​បន្ត​ការនិយម​អាន​របស់ខ្លួន​គឺ អាន​សៀវភៅ​ដោយផ្ទាល់​។ ប៉ុន្តែ​យ៉ាងណា មិន​ថា តាម​វិធី​បែបណា​នោះទេ សៀវភៅ​សុទ្ធ​តែមាន​ចំណែក​ក្នុង​ការកែប្រែ​ការគិត​របស់​អ្នកអាន​។ ដូច្នេះ​លោកស្រី​លើកទឹកចិត្ត​ដល់​ឪពុកម្ដាយ​ក្នុង​ការទិញ​សៀវភៅ​ដាក់​ផ្ទះ​ដើម្បី​បណ្ដុះ​ទម្លាប់​អាន​របស់​កូនៗ​តាំងពី​វ័យ​កុមារ​តទៅ​។​

​លោកស្រី​ក៏បាន​រំឭក​អំពី​ការ​​ផ្ដួច​ផ្ដើមគំនិត​ដាក់បញ្ចូល​សៀវ​ភៅ​ទៅក្នុង​ពន្ធនាគារ​ផងដែរ ដើម្បី​ធានាថា សៀវភៅ​ត្រូវបាន​ចរាចរ​ទៅគ្រប់​ទីកន្លែង ដែល​មានន័យថា ពុទ្ធិ​អាច​កើតមាន​គ្រប់​ទីកន្លែង​ដូចគ្នា​៕