រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានលើកឡើងថា សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ គឺជាផែនទីបង្ហាញផ្លូវសម្រាប់ចុះធ្វើអធិការកិច្ចការងារ ឱ្យកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព ខណៈដែលអត្រារោងចក្រ សហគ្រាស ដែលមិនអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានទាក់ទងនឹងវិស័យការងារមានការថយចុះជាបន្តបន្ទាប់។
លោកបានថ្លែងដូចនេះក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវ «សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣។
សៀវភៅនេះ ក៏ជាសមិទ្ធផលដ៏មានសារៈសំខាន់ថ្មីមួយទៀត ក្រោមគម្រោងរបស់អង្គការ GIZ ក្នុងការចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអធិការកិច្ចការងារ និងឯកសារគោល និងមិនអាចខ្វះបានសម្រាប់អធិការការងារទាំងអស់ក្នុងការចុះធ្វើអធិការកិច្ចការងារឱ្យកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។
លោក អ៊ិត សំហេង ថ្លែងថា ៖ «គិតត្រឹម៩ខែ ឆ្នាំ២០២២ ក្រសួងបានចុះអធិការកិច្ចការងារសរុបចំនួន ៣ ៤៦៤លើក ក្នុងនោះ អធិការកិច្ចការងារសាមញ្ញចំនួន ៣ ៣៤៤លើក ចុះធ្វើអធិការកិច្ចតាមដានការដាក់កំហិតចំនួន ១០លើក និងចុះអធិការកិច្ចការងារពិសេសចំនួន ១១០លើក»។
រដ្ឋមន្ត្រីក្រសួងការងាររូបនេះ បានបញ្ជាក់ទៀតថា តាមរយៈការចុះអធិការកិច្ចការងារនេះ ពិនិត្យឃើញថា អត្រារោងចក្រ សហគ្រាស ដែលមិនអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានទាក់ទងនឹងវិស័យការងារមានការថយចុះជាបន្តបន្ទាប់។
លោកបានបន្តថា ក្រសួងបានអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងវិស័យការងារឱ្យក្លាយជាអធិការការងារ អធិការពេទ្យការងារ និងអភិបាលការងារ ដោយបានផ្តល់វិក្រឹត្យការដល់មន្ត្រីអធិការកិច្ចការងារ ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ជាមន្ត្រីនគរបាលយុត្តិធម៌។
នាឱកាសនោះផងដែរ លោក អ៊ិត សំហេង បានថ្លែងដោយលោកសង្ឃឹមថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នឹងចូលរួមអនុវត្តតាមសៀវភៅគោលការណ៍ណែនាំនេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកែសម្រួលយន្តការអធិការកិច្ចការងារ តាមរយៈការច្របាច់បញ្ចូលគ្នាក្រុមអធិការកិច្ចការងារ ច្រើនក្រុមឱ្យទៅជាក្រុមអធិការកិច្ចការងារតែមួយ និងទំនើបកម្មការធ្វើអធិការកិច្ចការងារផ្ទៃក្នុង សំដៅលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ ដោយក្រសួងបានបន្តពង្រឹងយន្តការក្រុមអធិការកិច្ចការងារតែមួយ។
ក្រសួងបានបន្តថា ការកែសម្រួលយន្តការអធិការកិច្ចការងារនេះ ដើម្បីសំដៅកាត់បន្ថយការរំខានដល់ប្រតិបត្តិការអាជីវកម្ម កាត់បន្ថយបន្ទុករបស់ម្ចាស់រោងចក្រ សហគ្រាស និងធានាប្រសិទ្ធភាព និងអនុលោមភាពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងចុះអធិការកិច្ច ដោយផ្តោតលើចំណាត់ថ្នាក់នៃកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាសនីមួយៗ។
សូមរំឭកផងដែរថា នាវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន លើកទី១៨ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវវិធានការកំណែទម្រង់មុតស្រួចជាកញ្ចប់ ដោយបានកំណត់នូវអាទិភាពក្នុងការរៀបចំក្រុមអធិការកិច្ចអន្តរស្ថាប័ន និងចុះតែមួយលើកចំពោះគោលដៅតែមួយ ដោយច្របាច់បញ្ចូលក្រុមអធិការកិច្ចទាំងអស់ឱ្យទៅជាក្រុមតែមួយនិងចុះតែមួយលើកក្នុង១ឆ្នាំ ចំពោះគោលដៅមួយ លើកលែងតែមានករណីចាំបាច់ ឬករណីមានបទល្មើស ដែលត្រូវឱ្យមានការធ្វើអធិការកិច្ចពិសេសដោយឡែក របស់ក្រុមការងារជំនាញមានសមត្ថកិច្ច។
បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមការងារ រៀបចំក្រុមអធិការកិច្ចអន្ដរស្ថាប័នក្នុងវិស័យចំនួន ៣ ត្រូវបានបង្កើត រួមមាន វិស័យកម្មន្ដសាល, វិស័យ កសិកម្ម និងវិស័យឧស្សាហកម្មទេសចរណ៍ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធចំនួន ៦។
ក្រសួងទាំងនោះមានដូចជា វិស័យកម្មន្ដសាល (ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន), វិស័យកសិកម្ម (ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន) និងវិស័យឧស្សាហកម្មទេសចរណ៍ (ក្រសួងការងារនិងបណ្ដុះបណ្ដាវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល)។
ក្រុមអធិការកិច្ចអន្តរស្ថាប័ន បានជួបប្រជុំជាច្រើនលើក ដើម្បីដាក់ផែនការចុះធ្វើអធិការកិច្ចនៅដើមឆ្នាំ២០២៣ ខាងមុខនេះ៕