សៀមរាបៈអនុវិទ្យាល័យចំនួន២ និងបឋមសិក្សាចំនួន២ បានជាប់ការវាយតម្លៃជាសាលាគំរូផ្នែកសេវាសាធារណ:សម្រាប់វិស័យអប់រំក្នុងចំណោមសាលារៀនជិត១០០នៅក្នុងខេត្តសៀមរាបដែលនឹងត្រៀមខ្លួនចូលរួមការប្រកួតថ្នាក់ជាតិក្នុងពេលខាងមុខ។
កាលពីថ្មីៗនេះ រដ្ឋបាលខេត្ដសៀមរាប និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបង្ហាញលទ្ធផលនៃការវាយតម្លៃចំពោះសាលាបឋមសិក្សា និងអនុវិទ្យាល័យជិត១០០ ដែលបានចូលរួមប្រកួតលើការផ្ដល់សេវាសាធារណ:គំរូសម្រាប់វិស័យអប់រំនៅក្នុងសាលារៀន។
លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្ដសៀមរាប បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១២ ធ្នូថា ក្រោយគណៈកម្មការ បានវាយតម្លៃចប់ ហើយបានប្រកាសលទ្ធផលដោយមានអនុវិទ្យាល័យចំនួន២ គឺមានអនុវិទ្យាល័យខ្មែរមិត្ដភាពជប៉ុនព្រះឥន្ទកោសាក្រុងសៀមរាបបានជាប់ចំណាត់ថ្នាក់លេខ១ និងអនុវិទ្យាល័យអង្គរធំ បានជាប់ចំណាត់លេខ២ ទូទាំងខេត្ដលើការផ្ដល់សេវាសាធារណៈគំរូសម្រាប់វិស័យអប់រំ។
លោកបានឱ្យដឹងទៀតថា សម្រាប់សាលាបឋមសិក្សា ក៏មានចំនួន២ដែរ ដែលត្រូវបានវាយតម្លៃថាជាសាលាផ្ដល់សេវាសាធារណៈគំរូសម្រាប់វិស័យអប់រំ ដោយមានបឋមសិក្សាវត្តបូព៌ និងបឋមសិក្សាក្រវាន់ ហើយសាលាទាំងអស់នេះ គឺត្រៀមនឹងចូលប្រកួតថ្នាក់ជាតិនៃចលនាប្រឡងប្រណាំងផ្តល់សេវាសាធារណៈល្អផ្នែកអប់រំទាំង៨លក្ខណវិច្ឆ័យ។
លោកបានបញ្ជាក់ថា៖«ការផ្ដល់ពិន្ទុ និងវាយតម្លៃដល់សាលារៀនគំរូទាំងនេះ គឺមានការសម្របសម្រួលពីអាជ្ញាធរខេត្ដ មន្ទីរមុខងារសាធារណ: និងស្ថាប័នពាក់ព័ន្ធផងដែរ។ នៅពេលយើងបានវាយតម្លៃបែបនេះ គឺយើងបានចូលរួមឱ្យអង្គភាពរបស់យើង ខិតខំប្រឹងប្រែង ដើម្បីបង្ហាញស្នាដៃដែរ ព្រោះនេះ គឺរឿងសំខាន់មួយសម្រាប់ជាកិត្ដិយសសម្រាប់ជាគុណភាពក្នុងការផ្តល់សេវនេះ។ ការវាយតម្លៃនេះ ក៏បានជំរុញឱ្យសិស្សានុសិស្សរបស់យើងខិតខំរៀនសូត្រ និងគួបផ្សំជាមួយបុគ្គលិកអប់រំ និងសហគមន៍យើងដែរ»។
លោក លី ប៊ុណ្ណា មានក្តីសង្ឃឹមថា សាលាទាំង៤នេះ នឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិ សម្រាប់ការវាយតម្លៃជាសាលាគំរូផ្នែកសេវាសាធារណ:សម្រាប់វិស័យអប់រំនៅទូទាំងប្រទេស ដោយលោកអះអាងថា អាជ្ញាធរខេត្ត និងសាលាទាំង៤នេះបានត្រៀមលក្ខណៈជាស្រេចក្នុងការរៀបចំកែលម្អទៅនឹងអ្វីដែលជាស្ថានភាព និងសូចនាករនៃការវាស់វែងលក្ខណៈវិច្ឆ័យទាំង៨ហ្នឹង។
យោងតាមរបាយការណ៍ឧបករណ៍វាយតម្លៃ និងការទទួលស្គាល់សាលាល្អសាធារណ:របស់រដ្ឋបាលខេត្ដសៀមរាប បានបង្ហាញថា លក្ខណវិនិច្ឆ័យគោលទាំង៨ចំណុច ដែលត្រូវបានយកមកធ្វើការវាយតម្លៃគឺរួមមានទី១គឺផ្តោតលើ ស្ដង់ដាសេវាសាធារណ: ទី២ ស្ដង់ដាឬនិយាមនៃការផ្ដល់សេវាសាធារណ:ក្នុងវិស័យអប់រំ ទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:នៅក្នុងអង្គភាព ទី៤ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ទី៥ ការរៀបចំ និងកែលម្អបរិស្ថាននៅក្នុងអង្គភាព។
រីឯលក្ខណវិនិច្ឆ័យវាយតម្លៃទី៦ គឺផ្តោតលើទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណ: ទី៧ ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ និងសហគមន៍ និងទី៨ ការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្ដន៍ ដើម្បីឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរ។
លោក ជា តិចស៊ីន នាយកអនុវិទ្យាល័យអង្គរធំ បានថ្លែងថា អនុវិទ្យាល័យអង្គរធំស្ថិតក្នុង ភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលចំណាត់ថ្នាក់លេខ២សម្រាប់ថ្នាក់ខេត្តសៀមរាប។ លោកបានបន្តថា អនុវិទ្យាល័យលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រកួតថ្នាក់ជាតិនៃចលនាប្រឡងប្រណាំងផ្តល់សេវាសាធារណៈល្អក្នុងវិស័យអប់រំនេះ។
លោកបានអះអាងថា បើទោះបីអនុវិទ្យាល័យអង្គរធំ ស្ថិតនៅជនបទក្ដី ក៏ប៉ុន្ដែសាលាមួយនេះ រៀបចំបានយ៉ាងល្អ ទាំងបរិស្ថាន ហើយមានកន្លែងស្នាក់នៅរបស់សិស្ស មានផ្ដល់អាហារហូបចុកគ្រប់គ្រាន់ដល់សិស្ស និងការបង្រៀនបំប៉នដោយមិនគិតថ្លៃ ព្រមទាំងមានរថយន្ដដឹកសិស្សទៅបំពេញការសិក្សានៅថ្នាក់វិទ្យាល័យថែមទៀត។
បន្ថែមពីនេះ លោក អះអាងបន្តថា សាលានេះមានទំនាក់ទំនងល្អជាមួយដៃគូអភិវឌ្ឍន៍ផងដែរ ដូចជាអង្គការសាលាដើម្បីអនាគត និងសុភមង្គល មកពីប្រទេសអាល្លឺម៉ង់ ហើយការទទួលបានចំណាត់ថ្នាក់ល្អនេះ លោករំពឹងថា នឹងធ្វើឱ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមានមោទនភាព ។
លោកបានបញ្ជាក់ថា៖«ផ្នែកលក្ខណវិច្ឆ័យទាំង៨ ក្នុងនោះយើងលេចធ្លោចំនួន២ មានផ្តល់កន្លែងស្នាក់នៅសម្រាប់សិស្សរៀនសូត្រ និងថ្នាលដីកសិកម្មសម្រាប់អនុវត្ត ព្រមទាំងការគ្រប់គ្រងល្អ។ យើង នឹងបន្ដការកែលម្អបន្ថែមទៀតនូវអ្វីដែលខ្វះខាត ជាពិសេសផ្លូវថ្នល់ចូលសាលារៀនដើម្បីបន្ដប្រកួតប្រជែងនៅថ្នាក់ជាតិនាពេលខាងមុខឱ្យទទួលចំណាត់ថ្នាក់ល្អបន្ថែមទៀត»។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ។
ជាមួយនឹងប្រកាសលទ្ធផលក្នុងវិស័យអប់រំ រដ្ឋបាលខេត្តសៀមរាបក៏បានប្រកាសឱ្យដឹងដែរថា សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២២ប្រចាំខេត្តសៀមរាបគឺមានមណ្ឌលសុខភាពគោកចក និងមណ្ឌលសុខភាពពង្រក្រោម បានជាប់ការវាយតម្លៃនេះ៕