ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យស្ថានប័នក្នុងវិស័យព្រះពុទ្ធសាសនាធ្វើការស្វែងយល់ឱ្យច្បាស់ពីបច្ចេកវិទ្យាទំនើប ហើយធ្វើសកម្មភាពផ្សព្វផ្សាយនូវទ្រឹស្តី និងអប់រំពុទ្ធសាសនិកជនឱ្យប្រតិបត្តិតាមគន្លងនៃសាសនា ចេះរួមរស់ជាមួយគ្នាដោយក្តីរីករាយដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
ការជំរុញរបស់លោក ស ខេង បែបនេះធ្វើឡើងនៅក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ ២០២២ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែធ្នូ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង តំណាងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាចូលរួមក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣០ ប្រចាំឆ្នាំ ២០២២ នេះ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានធ្វើឱ្យប្រទេសជាច្រើននៅជុំវិញពិភពលោកបន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហ ប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា។
ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២២ នេះគណៈប្រតិភូជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសជាច្រើន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ ស ខេង បានលើកឡើងថា ទន្ទឹមនឹងការរីកចម្រើនទាំងនេះ កម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលបង្កឡើងដោយសារបច្ចេកវិទ្យាទំនើប និងតាមបណ្តាញសង្គមជាដើមដែលបញ្ហានេះទាមទារឱ្យមានការចូលរួមពីវិស័យព្រះពុទ្ធសាសនា ធ្វើការសិក្សាស្វែងយល់ឱ្យច្បាស់ និងផ្សព្វផ្សាយទ្រឹស្តីសាសនាឱ្យបានទូលំទូលាយសំដៅឱ្យពលរដ្ឋបានយល់ និងចូលរួម គោរពច្បាប់សង្គមបានល្អ។
លោកថ្លែងថា៖ «វិស័យព្រះពុទ្ធសាសនាចាំបាច់ត្រូវធ្វើការស្វែងយល់ឱ្យច្បាស់ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍នៃការរីកចម្រើនរបស់បច្ចេកវិទ្យាដ៏ទំនើបនេះ ដោយបន្តទាញយកប្រយោជន៍ពីបច្ចេកវិទ្យាតាមរយៈការធ្វើសកម្មភាពផ្សព្វផ្សាយនូវទ្រឹស្តី និងអប់រំពុទ្ធសាសនិកជនឱ្យប្រតិបត្តិតាមគន្លង នៃសាសនា និងឱ្យចេះរួមរស់ជាមួយគ្នាក្នុងភាពសុខដុមរមនា»។
ក្នុងព្រះបរមនាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង លោក ស ខេង ក៏បានស្នើឱ្យអង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ផ្តោតការយកចិត្តទុកដាក់ ពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ល្អៗជំរុញការអនុវត្តសង្ឃប្រកាសដែលមានកន្លងមក ហើយអាចដាក់ចេញនូវវិធានការឬយន្តការគន្លឹះសម្រាប់ចូលរួមអនុវត្តជាក់ស្ដែងនូវសង្ឃប្រកាសថ្មីឱ្យស្របនឹងវឌ្ឍនភាពរបស់សង្គម ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន។
បន្ថែមលើនេះលោក ស ខេង ក៏បានអំពាវនាវថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ខ្ជាប់នូវការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គបន្តយកព្រះទ័យទុកដាក់ស្វាធ្យាយរៀនសូត្រព្រះធម៌វិន័យ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ។
លោកថ្លែងថា៖ «ខ្ញុំសំណូមពរពុទ្ធសាសនិកទាំងអស់ មេត្តារួមគ្នាប្រតិបត្តិតាមព្រះពុទ្ធោវាទឱ្យបានខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចរបស់ខ្លួនជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនាឱ្យបានរីកចម្រើនស័ក្តិសមជាសាសនារបស់រដ្ឋ»។
លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ការរៀបចំអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០នេះ មានការយាងនិមន្ត និងអញ្ជើញចូលរួមពីសម្ដេចព្រះមហាសង្ឃរាជទាំង ២ គណៈ សម្ដេចព្រះរាជាគណៈគ្រប់ឋានុក្រម ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ថេរានុត្ថេរៈ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត តំណាងឯកអគ្គរាជទូតរដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទនៃសាសនាអ៊ិស្លាម គ្រឹះសាសនា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ៤៥០ អង្គនាក់។
លោកបន្តថា ពិធីអនុសំវច្ចរមហាសន្និបាតនេះមានរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ១២ ដល់ ១៣ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីបូកសរុបសកម្មភាព និងពិនិត្យលើលទ្ធផលនៃការអនុវត្តប្រកាសរបស់អនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្ដូរយោបល់លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំបន្ត សំដៅពង្រឹងរចនាសម្ព័ន្ធ ដឹកនាំ គ្រប់គ្រង ការអនុវត្តរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ និងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយមេត្តាធម៌ ព្រះវិន័យ និងដើម្បីអភិវឌ្ឍធនធានបុព្វជិត សំដៅធ្វើយ៉ាងណាឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន។
លោកថ្លែងថា៖ «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃនេះ និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្តសំដៅពង្រឹងការអនុវត្តរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនថ្មីៗបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»៕