ភ្នំពេញ: «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» បានចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២២ នេះ ហើយរំពឹងថា វានឹងក្លាយជាគោលនយោបាយឌីជីថលពេញលេញ ក្រោមសសរស្ដម្ភ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងអាជីវកម្មឌីជីថល នៅត្រឹមឆ្នាំ ២០៣៥។
ក្នុងជំនួបជាមួយនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា លោក Rho Hyunjun និងរដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានលើកឡើងពីផែនការអនុវត្ដ «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» និងស្នើសុំឱ្យទីភ្នាក់ងារមួយនេះគាំទ្រគម្រោងវេបផតថលសម្រាប់បម្រើសេវាសាធារណៈអនឡាញ។
កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ លោក វ៉ាន់ដេត បានថ្លែងអំពីការងារវិមជ្ឈការ និងសហវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលត្រូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក ការកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថលទៅដល់ឃុំ សង្កាត់ ការរៀបចំនិម្មាបនកម្មសហគ្រាសសម្រាប់រដ្ឋាភិបាល និងការជំរុញរៀបចំវេបផតថល (web portal) ថ្នាក់ជាតិ ដែលចង្អុលបង្ហាញនៅក្នុងគោលនយោបាយ។ នេះបើយោងតាមការចុះផ្សាយព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
គួរបញ្ជាក់ថា វេបផតថលគឺជាវេបសាយរចនាឡើងយ៉ាងពិសេស ដែលនាំយកព័ត៌មានពីប្រភពនានាដូចជា អ៊ីមែល វេទិកាអនឡាញ និង កម្មវិធីរុករកឯកសារផ្សេងៗ។
លោកសូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ចំពោះ «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» ត្រូវបានអនុម័តនៅដើមឆ្នាំ ២០២២ ហើយឥឡូវនេះកំពុងដំណើរការរៀបចំជាបណ្ដើរៗ។ មកដល់ពេលនេះ មានការជួយពីខាងរដ្ឋាភិបាលកូរ៉េជួយផងដែរ ដោយបង្កើតជាមជ្ឈមណ្ឌលប្រតិបត្ដិការនានា»។
លោក បានបន្ដថា៖ «ពាក់ព័ន្ធ KOICA យើងត្រូវការដៃគូសហប្រតិបត្ដិការនានានៅក្នុងរដ្ឋាភិបាលឌីជីថលនេះ ដោយមានការចូលរួមទាំងអស់គ្នា រួមទាំងដៃគូអភិវឌ្ឍន៍ផ្សេងៗ»។
លោក វិសុទ្ធី បានលើកឡើងថា ភាគីខាងកូរ៉េបានជួយច្រើន តាំងពីសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលរហូតដល់ការចែកជូននូវឧត្ដមានុវត្ដន៍ (best practice) បទពិសោធន៍ល្អៗដែលកូរ៉េបានអនុវត្ដជាង ២០ ឆ្នាំមកហើយចំពោះរដ្ឋាភិបាលឌីជីថលរបស់គេ ក៏ដូចជាជួយបង្រៀនមន្ដ្រីស្ថាប័ននានា តាមរយៈបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
យោងតាមរបាយការណ៍ «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» ដែលចេញផ្សាយកាលពីដើមខែមករា ឆ្នាំ ២០២២ បានបង្ហាញថា វាជាឯកសារយុទ្ធសាស្ដ្រឆ្លុះបញ្ចាំងពីការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងជាផែនទីបង្ហាញផ្លូវ ក្នុងគោលដៅសម្រេចឱ្យបានការធ្វើបរិវត្ដកម្មរដ្ឋាភិបាលឌីជីថលពេញលេញ។ ក្នុងន័យនេះសកម្មភាពអាទិភាពរយៈពេលខ្លី មធ្យម និងវែងត្រូវបានរៀបចំឡើងប្រកបដោយភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ការវិវឌ្ឍរបស់កម្ពុជា និងឧត្ដមានុវត្ដន៍ជាតិ និងអន្ដរជាតិ។
ក្របខ័ណ្ឌគោលនយោបាយ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ដែលមានសសរស្តម្ភសំខាន់ៗចំនួន ៣៖ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងអាជីវកម្មឌីជីថល ដោយការកសាងរដ្ឋាភិបាលឌីជីថលត្រូវចាប់ផ្តើមមុនដើម្បីលើកកម្ពស់ ការទទួលយក និងការធ្វើបដិវត្ដកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល។
របាយការណ៍ «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» បានឱ្យដឹងថា តាមរយៈគណៈកម្មការធិការអន្ដរក្រសួងទទួលបន្ទុករៀបចំសេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រគល់ភារកិច្ចដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំរៀបចំ «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥»។
ការរៀបចំគោលនយោបាយនេះ ក្នុងគោលបំណង «កសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ីសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចនិងការកែទម្រង់ប្រកបដោយតម្លាភាព និងភាពជឿទុកចិត្ដដើម្បីអភិរក្សសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន»។
របាយការណ៍ដែលមាន ៩៧ ទំព័របានបង្ហាញថា៖ «ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅថ្នាក់ក្រោមជាតិចាប់ពីកម្រិតរាជធានី ខេត្ដ ដល់ឃុំ សង្កាត់ ដូចជា រដ្ឋបាលឃុំ សង្កាត់ ប៉ុស្ដិ៍នគរបាល សាលារៀន មណ្ឌលសុខភាព និងទីប្រជុំជនដើម្បីគាំទ្រការបម្រើសេវាសាធារណៈឌីជីថល ការអប់រំ និងបណ្ដុះបណ្ដាលអនឡាញ ការប្រឹក្សា និងធ្វើរោគវិនិច្ឆ័យសុខភាពអនឡាញ ការចាប់យកបច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ និងព័ត៌មានអំពីទីផ្សារ និងផលិតផលកសិកម្ម»។
លោក វិសុទ្ធី បន្ដថា៖ «នៅមានការងារជាច្រើនត្រូវរៀបចំ ដូចជា គណៈកម្មាធិការផ្សេងៗ អង្គភាពបដិវត្ដកម្មឌីជីថលនៅតាមក្រសួង ស្ថាប័នដឹកនាំដោយរដ្ឋលេខាធិកា ១ រូប ជាសមាជិកនៃគណៈកម្មការរដ្ឋាភិបាលឌីជីថល»។
យោងតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហាញថា លោករដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានស្នើសុំភាគីកូរ៉េជួយគាំទ្រលើការបញ្ចប់ការរៀបចំវេបផតថលថ្នាក់ជាតិ ដែលតភ្ជាប់ទៅគ្រប់ក្រសួងស្ថាប័នសម្រាប់បម្រើសេវាសាធារណៈអនឡាញ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
ជាការឆ្លើយតប លោក Rho Hyunjun បានស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយក្រសួងលើការគាំទ្រការរៀបចំវេបផតថលថ្នាក់ជាតិ តាមរយៈការបញ្ជូនអ្នកជំនាញមកបន្ថែមសមិទ្ធភាពទិន្នន័យ និងលទ្ធភាពគាំទ្ររបស់ KOICA លើការងារនេះផងដែរ។
លោក វ៉ាន់ដេត បានសរសេរលើទំព័រអារម្ភកថាស្ដីពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាថា៖ «ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងមោះមុតរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការរៀបចំតាក់តែង «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» នេះឱ្យលេចចេញជារូបរាង»៕