កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សមាគមជាតិកាកបាទក្រហមចិន ផ្តល់វ៉ាក់សាំងកូវីដ១៩ប្រភេទ ស៊ីណូហ្វាម ចំនួន ៣០ ម៉ឺនដូស ដល់កាកបាទក្រហមកម្ពុជា ដែលវ៉ាក់សាំងនេះនឹងធ្វើការប្រគល់-ទទួល នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២នេះ។
ប្រភពដដែលបានឱ្យដឹងថា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលជាប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ នាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលសមាគមជាតិកាកបាទក្រហមចិនបានផ្តល់ជាជំនួយនូវវ៉ាក់សាំងកូវីដ១៩ប្រភេទស៊ីណូហ្វាម នេះមកដល់កាកបាទក្រហមកម្ពុជា ដែលកាលពីខែសីហា ឆ្នាំ២០២១ កន្លងមកនេះ សមាគមជាតិកាកបាទក្រហមចិន បានផ្តល់ជំនួយនូវវ៉ាក់សាំងប្រភេទនេះ ចំនួន១០ម៉ឺនដូស រួចមកហើយមកដល់កាកបាទក្រហមកម្ពុជា។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ធ្លាប់បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩គឺជាទំនិញយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដទាំងនៅក្នុងប្រទេកម្ពុជា និងនៅលើពិភពលោក។
លោកស្រីមានប្រសាសន៍ថា ៖ «ការផ្តល់ជំនួយនេះ ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពកាន់តែស្អិតរមួត និងឥតប្រួលប្រែជាយូរអង្វែងរវាងប្រទេសទាំង២ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ អត្រាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មានចំនួន ៩៥,២១%។
ក្រសួងបានបញ្ជាក់ទៀតថា សម្រាប់អត្រាអ្នកចាក់ដូសទី៣ បានចំនួន ជាង១០,៣ លាននាក់ អត្រាអ្នកចាក់ដូសទី៤ បានចំនួន ជាង ៤,៧លាននាក់ និងអ្នកដែលបានទទួលដូសទី៥ មានចំនួន ជាង១លាននាក់។
អ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តទៅទទួលការចាក់ វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយ សុខភាពសាធារណៈ និងបន្តនិរន្តរភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី។
លោកស្រីក៏បានធ្វើការក្រើនរំឭកជាថ្មីម្តងទៀត ទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្ត និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលបុណ្យណូអែល និងពេលឈប់សម្រាកក្នុងឱកាសចូលឆ្នាំសកល ដែលនឹងឈានមកដល់នាពេលខាងមុខនេះផងដែរ៕