ភ្នំពេញៈគ្រឿង​បរិក្ខារ​ផលិត​ទឹកភ្លៀង​សម្រាប់​បរិភោគ​ប្រក​បអ​នាម័យតា​មរយៈ​ធុង​បា​សាំង​ទឹកធំៗ​ចំនួន៤ដែល​អាច​ផ្ទុក​ទឹកភ្លៀង​បាន​ចំណុះ២​​ម៉ឺនលីត្រ​ ត្រូវបា​ន​សាកល​វិទ្យាល័យ​ជាតិ​សេ​អ៊ូ​លបើកសម្ពោធ​ជា​ផ្លូវការ​និង​ប្រគល់ជូន​ដល់​នាយក​វិទ្យាល័យ​កំបូល​ សម្រាប់​ឱ្យ​សិស្សានុសិ​ស្ស​ប្រើ​ប្រាស់​បាន​ដល់១ ០០០​នាក់​ ក្នុង​១​ថ្ងៃ ចាប់ពី​​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២​។

នាយក​វិទ្យា​ល័យ​កំបូលលោ​កណុ​ត វ៉ូ បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃលែង​ដែល​សាកល​វិទ្យាល័​យ​ជាតិ​សេ​អ៊ូ​ល​បាន​ផ្តល់​ជូន​នូវ​គ្រឿង​បរិក្ខារ​ផលិត​ទឹក​ភ្លៀងស​ម្រាប់​បរិភោគ​ដល់​សិស្សក្នុង​វិទ្យាល័យរ​បស់លោ​កដែលជា​ការ​ចូលរួ​មចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជួយ​កាត់​បន្ថយ​ការប្រើ​ប្រាស់​គ្រឿង​ប្លា​ស្ទិ​ក​។​

​លោកនា​យក​វិទ្យាល័យបា​នឱ្យដឹងនៅ​​ថ្ងៃ​បើកស​ម្ពោធ​ឱ្យប្រើ​ប្រាស់​ផ្លូវការ​កាលពី​ថ្ងៃទី​១២ ខែធ្នូ ​ថា​៖ «​គ្រឿង​បរិក្ខា​រនោះ មាន​បា​សាំង​ទឹកធំៗ​ចំនួន៤ ​ដោយ​បា​សាំង១ អាច​ផ្ទុក​ទឹកភ្លៀង​បាន​ចំណុះ ​៥០០០​លីត្រ ដូច្នេះ​សរុប​ទាំង៤​បា​សាំង អាច​រក្សា​ទឹក​ទុក​បាន​ចំណុះ​ដល់​ទៅ២​ម៉ឺន​លីត្រ​សម្រាប់​ប្រើប្រាស់​។ យើង​មាន​ក្បាល​រ៉ូ​ប៊ី​នេសម្រាប់​បង្ហូរទឹក​ស្អាត​ចេញពី​បា​សាំង​នោះ​ចំនួន​២ ដើម្បី​ប្រើប្រា​ស់​»។​

លោក​បាន​បន្ដថា មុន​បើ​កសម្ពោធ​ឱ្យប្រើ​ប្រាស់​គឺខាង​ក្រុម​ការងារ​របស់​សាក​លវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល បានមក​សិក្សា និង​ដំឡើង​មុន​១​ខែ ដើម្បី​យក​ទឹក​ដែល​ចម្រោះ​ចេញមក​ពិនិត្យ​ និង​ពិសោធ​ឱ្យឃើញ​លទ្ធផល​ល្អ​មាន​អនាម័យ​អាច​បរិភោ​គបា​នជា​មុន​សិន​​​។​

​លោក​នាយក​វិ​ទ្យាល័យ ណុ​ត វ៉ូ មា​នប្រ​សាសន៍​ថា​៖ «​ការជួយ​បា​សាំង​ទឹក សម្រាប់​រក្សាទុក​ទឹកភ្លៀង​យក​មកប្រើ​ប្រាស់ ប្រកប​ដោយ​ភាព​អនាម័​យ​ពី​សំណាក់​សាកលវិ​ទ្យាល័យ​​ជាតិ​សេ​អ៊ូ​លនេះគឺជា​ការចូល​រួមចំ​ណែក​មួយក្នុងការ​កាត់បន្ថយ​ភាព​ក្រី​ក្រី​ទៅដល់​សិស្សានុ​សិស្ស​រៀន​នៅ​សាលា​យើងខ្ញុំ​ផង និង​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ប្លា​ស្ទិ​ក​ផង​។ចាប់ពី​មាន​បា​សាំង​ទឹក​ចម្រោះ​ទឹក​ភ្លៀង​នេះ​ទៅសិស្សានុសិ​ស្ស​អាចយ​កដ​ប​ទឹក​ផ្ទាល់ខ្លួន​មកពី​ផ្ទះ​ម្នាក់​១ ហើយ​ពួកគេ​អាចដាក់​ទឹក​បន្ថែមនាពេល​ប្រើ​ទឹក​អស់ ដោយ​មិនចាំបាច់​ទិញ​ទឹក​បន្ថែម​សម្រាប់​បរិភោគ​នោះឡើយ​»​។

​លោកMoo-Young Han ជា​សាស្ត្រាចារ្យ​កិត្តិយសនៃ​នាយកដ្ឋាន​វិស្វកម្ម​សំណង់​ស៊ីវិលនិង​បរិស្ថាន​នៃ​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​លកំពុង​ប្រតិបត្តិការ​គ្រឿង​បរិក្ខារដែល​បំប្លែង​ទឹកភ្លៀង​ទៅជា​ទឹក​បរិភោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​។​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​លបាន​ដំណើរការ​នូវ​គ្រឿង​បរិក្ខា​រផលិត​ទឹកភ្លៀងសម្រាប់​បរិភោគ​មាន​ទំហំ ២០តោន នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​។

​​លោក​សាស្ត្រា​ចារ្យ​ Moo-Young Han បា​នឱ្យដឹង​ក្នុង​ពិធី​ប្រគល់​គ្រឿង​បរិក្ខា​រផលិត​ទឹក​ភ្លៀង​ដល់​វិទ្យាល័យ​កំបូល​កាល​ពីថ្ងៃទី​១២​ខែធ្នូ​នោះ​ថា​សាក​លិ​វិទ្យាល័យ​ជាតិ​សេ​អ៊ូ​លក៏​ទើប​តែ​បានប្រ​គល់​ឱ្យ​សាលា​Senarat​ក្នុង​ស្រុក

Pakchong ខេត្ត Nakhon Ratchasima ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ ​ផ​ងដែរ​។

​លោកបានបញ្ជាក់ថា​៖ «​វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​មេគង្គដើម្បី​សាងសង់​គ្រឿង​បរិក្ខា​រផ្គត់ផ្គង់​ទឹកភ្លៀងសម្រាប់​បរិភោគ នៅក្នុង​ប្រទេស​នៃ​តំបន់​ទន្លេមេគង្គ​ចំនួន៥ ដែល​ទទួលរង​នូវ​ផល​ខ្វះខាត​ទឹកស្អាត​បរិភោគ រួមមាន​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ជាដើម ដែល​រៀបចំ​ដោយ​មូលនិធិ​សហប្រតិបត្តិការ​ឧស្សាហកម្ម​-សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល​»​។​

​គ្រឿង​បរិក្ខារដែល​បាន​ដំ​ឡើ​ក្នុង​សាលារៀន​ទាំង២នេះ(​កម្ពុជា​១ និង​ថៃ​១) មាន​ទំហំ២០​តោន ប្រមូល​ទឹកភ្លៀង​ធ្លាក់​ពីលើ​ដំបូល​អគារឆ្លងកាត់​ធុង​បា​សាំ​ងចំនួន​៤ ដែល​បា​សាំង១ មាន​ចំណុះ ៥​តោន (៥០០០​លីត្រ​) រួច​បន្តទៅ​បន្សុទ្ធ​ទឹក​នៅ​ដំណាក់កាល​ទី​១​។បន្ទាប់​មក​ចូល​ដំណើរ​ការ​ចម្រោះ​ត្រូវបាន​បញ្ចប់ ហើយ​ទឹក​ភ្លៀង​នោះ​នឹង​ក្លាយ​ជា​ទឹក​អាច​បរិភោគបា​ន​ភ្លាមៗ អាច​ផ្គត់​ផ្គង់​ទឹកភ្លៀង​បរិភោគ​បាន​ប្រហែល​១លី​ត្រ ក្នុង​មនុស្ស​ម្នាក់ ហើយ​អាច​ផ្តល់​ការប្រើ​ប្រាស់ ដល់​សិស្សានុ​សិស្ស ចំនួន ​១០០០​នាក់ ជា​រៀង​រាល់​ថ្ងៃ​។​

លោក​Moo-Young Han បាន​បន្ដ​ថា​៖ «​តំបន់​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើនតា​មរយៈ​គ្រឿង​បរិក្ខា​រនេះនឹង​អាច​រក​ដំណោះ​ស្រាយ​ផ្អែកលើ​ធម្មជា​តិ​បាន ​មានន័យ​ថា ​ការយក​ប្រយោ​ជន៍​ដែល​គ្មាន​សារ​ធាតុ​គីមី និង​ការចំ​ណាយ​តិច​។ លើស​ពីនេះ សិស្សានុ​សិស្ស នឹងធ្វើ​ការ​សិក្សា​វិភាគ​អំពី​ទឹក​ភ្លៀង ហើយ​ប្រាប់​អំពី​លទ្ធ​ផល​ដល់​អ្នក​ស្រុក​»​។

​លោក ​Moo-Young Han បាន​រំ​ឭក​ដែរ​ថា បរិស្ថាន​ទឹក​ភ្លៀង​​ដែល​មិនសូវ​ល្អ​របស់​ប្រទេស​កូរ៉េដែល​ស្ងួត​នៅ​និ​ទាឃ​រដូវ​និង​មាន​ភ្លៀង​នៅ​រដូវ​ក្តៅបាន​ធ្វើឱ្យ​កម្រិត​នៃ​ការគ្រប់​គ្រងទឹ​កភ្លៀង​របស់​​កូរ៉េមាន​ភាពល្អ​ប្រសើរ​បំផុត​នៅក្នុង​ពិភព​លោក​។

​លោក​បាន​ពន្យ​ល់ថា​៖ «​វា​ជា​ឧទា​ហរណ៍​ដ៏​ល្អ​មួយ ​សម្រាប់​ការប៉ាន់ស្មា​ន​ទៅលើ​រដូវ​កាល​ភ្លៀង​ធ្លាក់​។វា​នឹង​មានន័យ​យ៉ាង​ជ្រាលជ្រៅ ប្រសិនបើ​បច្ចេ​កវិទ្យា​របស់​យើង​អាច​ជួយ​ដោះស្រា​យ​វិបត្តិ​អាកាសធា​តុ​ក្នុង​សហគ​មន៍​អន្តរជាតិ​បាន​»​។

​វិទ្យាល័យ​កំបូ​ល នាពេល​បច្ចុប្បន្ន ​មាន​សិស្សានុសិ​ស្សកំពុង​រៀន​ក្នុង​កម្រិត​មធ្យម​សិក្សា​ចាប់ពី​ថ្នាក់​ទី​៧ដល់ទី​១២ ដោយ​ក្នុងនោះ​ថ្នាក់​ទី​១២ មាន​ចំនួន​៣​ថ្នាក់ ថ្នាក់​ទី​១១ មាន៤​ថ្នាក់ ថ្នាក់​ទី​១០ មា​ន៥​ថ្នាក់ ថ្នាក់​ទី​៩ មាន៥​ថ្នាក់ ​ថ្នាក់​ទី​៨ មាន៦​ថ្នាក់​ ថ្នាក់​ទី​៧ មាន​៦​ថ្នាក់​។ នេះ​បើតាម​របា​យការណ៍​សង្ខេប​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នៃ​ឆ្នាំ​២០២៣-២០២៤ ពី​​លោក ណុ​ត វ៉ូ នាយក​វិទ្យា​ល័យ​កំបូល​៕