ភ្នំពេញៈ តំណាងបណ្តាញសហគមន៍ដែលចូលការពារព្រៃឈើ និងជីវចម្រុះចំនួន ៣ ត្រូវបានអញ្ជើញឱ្យចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវចម្រុះលើកទី១៥(COP15)នៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា ពីថ្ងៃទី៧ ដល់ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២២ ដោយចាត់ទុកការចូលរួមនេះជាគ្រឿងលើកទឹកចិត្តដ៏សំខាន់សម្រាប់ពួកគេក្នុងការបន្តការពារព្រៃឈើនៅតាមមូលដ្ឋានរបស់ពួកគេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ បណ្តាញសហគមន៍ចំនួន៣ គឺសង្ឃសហគមន៍រុក្ខវ័ន បណ្តាញសហគមន៍ព្រៃព្រះរកា និងបណ្តាញសហគមន៍ព្រៃឡង់ បានចាត់ទុកការចូលរួមលើឆាកអន្តរជាតិដែលផ្តោតលើការការពារធនធានជីវចម្រុះនេះ កំពុងជំរុញទឹកចិត្ត និងលើកទឹកចិត្តសហគមន៍ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការការពារព្រៃឈើនៅកម្ពុជា។
សេចក្តីប្រកាសរួមចុះថ្ងៃទី១២ ខែធ្នូ បានអះអាងថា តាមប្រវត្តិសាស្ត្រ មូលដ្ឋានជំនឿ សហគមន៍ជនជាតិដើមភាគតិច បាន និងកំពុងធ្វើការប្រកបដោយសីលធម៌ និងយ៉ាងសកម្មនៅក្នុងការការពារព្រៃឈើ និងជីវចម្រុះពី១ជំនាន់ ទៅ១ជំនាន់ និងរហូតមកដល់សព្វថ្ងៃនេះ។
សេចក្តីប្រកាសនោះបន្តថា«ព្រៃឈើដែលនៅសេសសល់នៅលើពិភពលោកភាគច្រើនស្ថិតនៅក្នុងទឹកដីនៃសហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច ជាទីដែលពួកគេរក្សានូវអត្តសញ្ញាណរបស់ពួកគេ រួមទាំងការគោរពព្រលឹងបុព្វបុរស និងអាថ៌កំបាំងរបស់ដូនតារបស់ពួកគេ និងរក្សាវប្បធម៌ និងប្រពៃណីដ៏យូរអង្វែងរបស់ពួកគេ។តួនាទីរបស់ពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការបាត់បង់ជីវជាតិ ប្រព័ន្ធអេកូ ការប្រែប្រួលអាកាសធាតុ និងដើម្បីរក្សាភាពស្រស់ស្អាតនៃភពផែនដី»។
យោងតាមគេហទំព័ររបស់រដ្ឋាភិបាលកាណាដា www.canada.ca COP15 នឹងផ្តោតលើការការពារធម្មជាតិ និងបញ្ឈប់ការបាត់បង់ជីវចម្រុះនៅជុំវិញពិភពលោក។ អាទិភាពរបស់រដ្ឋាភិបាលកាណាដាគឺដើម្បីធានាថា COP15 គឺជាជោគជ័យសម្រាប់ធម្មជាតិ។ មានតម្រូវការជាបន្ទាន់សម្រាប់ដៃគូអន្តរជាតិដើម្បីបញ្ឈប់ និងបញ្ចៀសការបាត់បង់ជីវចម្រុះដ៏គួរឱ្យព្រួយបារម្ភនៅទូទាំងពិភពលោក៕