ភ្នំពេញៈ​ មហោស្រព​ជាតិភាព​យន្តខ្នាត​ខ្លីលើក​ទី៣ រៀបចំ​ដោយ​នាយក​ដ្ឋាន​សិល្បៈភាព​យន្ត និង​ផ្សព្វ​​ផ្សាយ​វប្ប​ធម៌ នឹង​ប្រព្រឹត្ត​ទៅរយៈពេល ៥ថ្ងៃ គឺចាប់​ពីថ្ងៃទី​១៦ ដល់ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ ដោយ​ទទួល​​​​​បាន​​ស្នាដៃ​ភាព​យន្ត​ខ្លី​ពី​សមិទ្ធ​ករ​​ខ្មែរ​​​ដាក់​ចូល​រួម​ប្រកួត​ប្រជែង​មាន​ចំនួន ​៣៥​ ចំណង​ជើង។

លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាព​យន្ត និង​ផ្សព្វ​ផ្សាយ​វប្បធម៌​ បង្ហើប​​ថា ការ​រៀបចំ​មហោ​​​​ស្រព​​​ជាតិ​ភាពយន្តខ្នាតខ្លីនេះ​ក្នុង​គោលបំ​ណង​ជំរុញ​លើក​​​ទឹក​ចិត្តដល់យុវជន ​​ក្នុង​ការ​អភិ​វឌ្ឍ​​​សមត្ថ​ភាព​ និង​ការ​ប​ង្កើត​​គំនិត​​ច្នៃប្រឌិត​​ដើម្បីរួម​ចំណែក​ អភិវឌ្ឍ​វិស័យភាព​យន្តជាតិ​ ដែល​ក្រសួង​​​វ​ប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​​នឹង​​រៀប​ចំ​​លើក​ទី៣ នៅ​ឆ្នាំ២០២២​ ក្រោម​ពាក្យ​ស្លោក​ «ភាពយន្ត​ខ្នាត​​​ខ្លី​ជា​ជំហាន​​ឆ្ពោះទៅ​ភាពយន្ត​ខ្នាតវែង-Short Film as a stepping Stone to Feature Films»។

​លោក​​ប៉ុក បូរក្ស ប្រាប់​ឱ្យ​ដឹងបី​ចំនួន​ភាព​យន្តខ្នាត​​ខ្លី ​ដែល​បាន​ដាក់​ចូល​រួម​លលើក​ទី​៣​ក្នុង​កម្ម​វិធី​ធ្វើ​សន្និ​សីទ​​​​​​សារ​ព័ត៌​មាន នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​ថា៖​ «​អស់រយៈ​ពេល​ ៤​ខែ ​គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទទួល​ពាក្យ​​​​ស្នើ​សុំ​ចូល​រួមប្រកួតប្រជែង​មកគណៈកម្មការរៀបចំ​មហោស្រព​​ បាន​ទទួល​ស្នាដៃ​ភាព​យន្ត​ខ្នាតខ្លី​ ដើម្បី​សុំ​​ចូ​លប្រ​កួត​ប្រជែងចំនួន​ ៣៥ស្នាដៃ​។ ដោយ​ក្នុង​នោះ​មាន ​៤​ស្នាដៃ​គឺជា​ស្នាដៃ​របស់​​​សិក្ខាកាម ​ដែល​បាន​ចូល​​រួម​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ផលិត​ភាព​យន្ត​ខ្នាតខ្លី ​(Cambodia Film Lab) ដែលរៀបចំ​ដោយ​នាយក​ដ្ឋាន​​​សិល្ប​ភាពយន្ត ​និងផ្សព្វផ្សាយ​វប្បធម៌ និង​ធ្វើការ​ដឹកនាំ​បណ្តុះ​បណ្តាល ​ដោយលោក Deependra Gauchan។

វគ្គ​​បណ្តុះបណ្តាលនេះ ​ផ្តោតលើមុខវិជ្ជា​ ៣សំខាន់គឺ​មុខវិជ្ជា​សរសេរអត្ថបទ​និពន្ធភាពយន្ត (Script) មុខ​​វិជ្ជា​ដឹកនាំ​រឿង (Directing) និង​ថតភាពយន្ត​ (Cinematography) ដែលចាប់ផ្តើម​តាំងពី​ខែ កញ្ញា រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២២​»។​

កម្ម​វិធី​មហោស្រ​ព​ជាតិភាពយន្តខ្នាតខ្លីលើក​ទី​៣​នេះ នឹង​បើក​សម្ពោធ​នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលា​​​ម៉ោង ៥​ល្ងាច និង​ពិធីបិទ​មហោ​ស្រព នឹងធ្វើ​នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ខណៈ​ពាន​រង្វាន់​ធំ​ចំនួន​ ៣ និង​រង្វាន់​លើកទឹក​ចិត្តចំ​នួន ៥ផ្សេង​ទៀត។

លោក ប៉ុក បូរក្ស បញ្ជាក់​ឱ្យ​ដឹង​ពី​ពាន​រង្វាន់​ទាំង​​នោះ​ថា៖ «​​ពាន​រង្វាន់​ធំ​គឺ​យើង​មាន​​ពាន​រង្វាន់​​មាស (Gold Award) ដែល​នឹង​ទទួល​បាន​ពាន​មាស១​ អម​ដោយ​សាច់ប្រាក់​ ១២​លានរៀល ឧប​ត្ថម្ភ​​ដោយ​រោង​ភាព​យន្ត មេជើ ស៊ីណេផ្លិច (Major Cineplex by Smart)។ ​ពាន​រង្វាន់​ប្រាក់ (Silver Award) នឹង​ទទួល​បាន​ពាន​ប្រាក់​១​ អម​​ដោយ​សាច់ប្រាក់ ៨លានរៀល ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ភេសជ្ជៈ​ ហនុមាន (Hanuman Beverages)។ ពាន​រង្វាន់​សំរឹទ្ធ​ (Bronze Award) នឹង​ទទួល​បាន​ពាន​សំរឹទ្ធ១ អមដោយ​សាច់​ប្រាក់ ៤​លាន​រៀល​​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន វេសថេច​ មេឌា (Westec Media)»។

លោក​​បន្ត​ថា៖ «ចំពោះ​​ពានរង្វាន់​លើក​ទឹក​ចិត្តវិញ​គឺ​​មាន​រហូត​ដល់ចំនួន ​៥​រង្វាន់។ ទី​១ ​ពាន​រង្វាន់​ទស្ស​និកជ​ន (Audience Choice Award) នឹង​ទទួល​បាន​ពាន​១ អមដោយ​កាម៉េរ៉ាឌី​ជីថល ១គ្រឿង ​ឧបត្ថម្ភ​​ដោយ​ផលិត​កម្ម​រាម (Ream Production)។ ទី​២ ពាន​រង្វាន់​ពិសេស របស់​មេប្រយោគ​ (Special Jury Award) នឹង​ទទួល​បាន​ពាន​១ អមដោយ​ទឹក​ប្រាក់ ៣​លាន​រៀល ឧបត្ថម្ភ​ដោយ រោង​ភាព​​​យន្តលេជេន ស៊ីណេម៉ា (Legend Cinema)។ ទី៣​ ពាន​រង្វាន់​អត្ថបទ​និពន្ធល្អ (​Best Script Award) នឹង​ទទួល​បាន​ពាន​១ អម​ដោយ​ទឹកប្រាក់ ២​លាន​រៀល ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​មេឌាឡូត Media Load។​ ​ទី​៤ ពាន​រង្វាន់​អ្នក​ដឹកនាំ​រឿង​វ័យក្មេ​ង ​(Rising Director Award) នឹង​ទទួល​បាន​ពាន​១​​​អមដោយ​ទឹកប្រាក់​ ២​លាន​រៀល ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន ​ត្រីមូលៀ (Trimulia Hotel)។ ឯ​ទី​​៥ពា​ន​រង្វាន់​​បច្ចេក​ទេស​ល្អ ​(Technical Excellence) នឹង​ទទួល​បាន​ពាន​១ អម​ដោយ​ទឹក​ប្រាក់ ២​លានរៀ​ល ​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន អ៊ឹម ភីក​ឈ័រ​(M-Pictures)»​។

ចំពោះ​ស្នាដៃ​ភាព​យន្ត​ទាំង​អស់​ នឹង​ឆ្លង​កាត់​ការ​ពិនិត្យ​វាយ​តម្លៃជា​ ២​ដំណាក់​កាល ដោយ​អនុគណៈ​កម្ម​ការ​មេប្រ​យោគ​របស់ម​ហោស្រព។ ​ដំណាក់​កាលទី​១ មាន​គណៈ​មេប្រយោគចំនួន ៧​រូប នឹង​ពិនិត្យ​​វាយ​តម្លៃ​ស្នា​ដៃ​ទាំងអស់ ដើម្បី​ជ្រើស​រើស​យកស្នាដៃ​ភាព​យន្តលេច​ធ្លោចំនួន​ ៥ស្នាដៃ ដើម្បី​ដាក់​ជូន​គណៈ​មេ​ប្រយោគ​​វគ្គ​ផ្តាច់​ព្រ័ត្រ ​ពិនិត្យ​សម្រេច​ ​នៅថ្ងៃ​ប្រារព្ធ​ពិធីបិទ​មហោ​ស្រព នាថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ២០២២។ គណៈ​មេ​ប្រយោគ​វគ្គ​ដំបូង ក៏​ជ្រើស​រើសស្នាដៃល្អៗ​មួយ​ចំនួន​ផ្សេង​ទៀត ដើម្បី​​ដាក់​ជូន​មេប្រយោគ​វគ្គ​ផ្តាច់​ព្រ័ត្រ ​ពិនិត្យ​សម្រេច​ផ្តល់​រង្វាន់​លើកទឹក​ចិត្តផ្សេង​ផង​ដែរ។

ឯ​​​​ដំណាក់​កាលទី២​ គណៈមេប្រយោគ​វគ្គផ្តាច់ព្រ័ត្រ​ចំនួន ៧រូប​ទៀត នឹង​ពិនិត្យ​វាយ​តម្លៃ​ស្នា​ដៃ​​​​​ភាព​យន្ត​​​លេច​​ធ្លោ​ទាំង ៥ស្នាដៃ​ចុង​ក្រោយ ​ដើម្បី​ជ្រើស​រើសផ្តល់​ពាន​រង្វាន់​ប្រចាំ​កម្ម​វិធី​មហោ​ស្រព ​និង​​ពាន​រង្វាន់​លើក​​​​ទឹកចិត្ត។

​​លោក​ស៊ិន ចន្ទសាយ៉ា តំណាង​គណៈមេប្រយោគប្រាប់​ពី​​លក្ខខណ្ឌ​ ៦​ចំណុច ​ដែល​​​​អនុ​គណៈ​​​​កម្ម​ការ​​​​​​​​​​មេ​ប្រយោគ​​មហោស្រព​​​ ត្រូវ​តែ​ផ្តោត​លើ​ការ​វាយតម្លៃ​ស្នាដៃ​ភាព​យន្ត​ខ្លី​​របស់​សិមិទ្ធ​ករ​ថា​៖ «​ក្នុង​​ចំណោម​ ៦​ចំណុច​ មាន​លក្ខណៈ​ពិសេសជាង​គេ​​ក្នុង​​ការ​​វាយ​​តម្លៃ​លើ​ស្នាដៃ​ភាព​យន្ត​ខ្លី​នោះ​ទី១​​ ការ​​សរ​​សេរ​​​​​អត្ថ​បទ​​ភាព​យន្ត និង​ទី២​ការ​ដឹកនាំ​រឿង។ ៤​ចំណុច​ផ្សេងទៀតវិញ​​នោះ​គឺ​ជា​ចំណែក​បន្ទាប់​​បន្សំ​​ដូច​ជា​​​ចំណុច​ទី​៣ ការ​ថត ឬ​​អ្នក​ថត​ភាព​យន្ត​ ទី​៤​ សិល្បៈ ទី​៥ បច្ចេកទេស​សំឡេង (ផ្តោត​ទាំង​ទី​កន្លែង​ថត​ផ្ទាល់ និង​ស្ទូឌីយោ)​ និង​ទី​៦​ បច្ចេកទេស​​កាត់​ត​សំឡេង ឬ​វីដេអូ​»។

​លោក​​ស៊ិន ចន្ទ​សាយ៉ា ក៏​​បន្ត​ឱ្យ​ដឹង​ពី​កត្តា​សំខាន់ ២​យ៉ាង ដែល​សមិទ្ធករ​ភាព​យន្ត​ជំនាន់​ក្រោយ ​ត្រូវ​​​​ចាប់​អារម្មណ៍​ សម្រាប់​ការ​អភិ​វឌ្ឍជំនាញ​ខ្លួន​ឯង​​ដែរ​​គឺ​ជំនាញ​រឹង (Hard skills) ​ផ្តោត​​​លើ​​ចំណេះ​​​ដឹង​ពាក់​ព័ន្ធ​​ជំនាញ​​​​ភាព​យន្ត​ និង​ជំនាញ​ទន់ ​(Soft skills) ​ផ្តោត​លើ​វិធី​សាស្រ្ត​នៃ​ការ​ប្រើ​ប្រាស់​​​ភាសា ​​​ពាក្យពេចន៍​​នៃ​ការ​សរ​​សេរ​​ភាព​យន្ត​។​

លោក ឯក ប៊ុនថា អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេក​ទេស​វប្បធម៌ នៃក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​សម្តែង​​​នូវ​ការកោត​សរសើរ​ និង​វាយតម្លៃខ្ពស់​ ដល់​ការខិត​ខំ​ប្រឹងប្រែង​​របស់​​ក្រុម​ការ​ងារនៅ​នាយក​ដ្ឋាន​សិល្ប​​ភាព​​​​យន្ត និងផ្សព្វ​ផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ និង​ដៃ​គូ​សហ​ការ អ្នក​ឧប​ត្ថម្ភ​ទាំង​អស់ ដែល​​​​បានរួម​សហការរៀបចំ​​ព្រឹត្តិ​ការណ៍​​មហោ​ស្រពជាតិ​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​៣ ​ឆ្នាំ​​នេះ​។ ​

លោក ឯក ប៊ុន​ថា​ បញ្ជាក់​ថា៖ «មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លីកម្ពុជា​លើក​ទី៣​ ដែលគ្រោង​នឹងរៀបចំ​​នាចុង​សប្តាហ៍​​នេះ​​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​​សារៈសំខាន់ ​និងចាំបាច់​ក្នុងការជំរុញ​ លើក​ទឹកចិត្ត​ដល់​យុវជន ដើម្បី​បញ្ចេញ​​​​​គំនិត ចែក​រំលែក​​​ព័ត៌មាន​​ ដែលពួកគេមានតាមរយៈអេក្រង់​ ឬ​ផ្ទាំង​​សំពត់ស និង​ជា​ជំហាន​ដំបូង​ក្នុង​​​​​ការ​​​​នាំពួក​ឱ្យ​ក្លាយជា​ផលិត​ករ​ភាព​យន្ត»។

​លោក​​បន្ត​ថា៖ «ខ្ញុំមាន​​​ចំណាប់អារម្មណ៍ ​និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការរៀបចំមហោស្រព ​​ដែលបាន​រៀប​ចំឱ្យ​មាន​វគ្គ​បណ្តុះ​​បណ្តាល​​ជំនាញ​សរសេរ​អត្ថបទ​ភាព​យន្ត ជំនាញដឹកនាំរឿង និង​ជំនាញ​ថតភាពយន្ត ក្នុង​រយៈ​ពេល​ជាង​ ៣ខែ​កន្លង​មកនេះ ដែលបាន​ផ្តល់​នូវឪកាស និង​ចំណេះ​ដឹង​ជាមូល​ដ្នាន​បន្ថែម​ទៀតលើ​បច្ចេក​ទេស​ជំនាញ​នៃការផលិតភាពយន្ត​ដល់យុវ​ផលិតករ​​វ័យរបស់​យើង​ ហើយសកម្មភាព​ទាំងនេះ បានរួម​ចំណែក​​​យ៉ាង​​សំខាន់​ក្នុង​គោលដៅ​ជំរុញ និងលើកកម្ពស់​ឧស្សាហកម្មភាពយន្ត​កម្ពុជា ​ឱ្យ​​​មានការ​រីក​ចម្រើន​​ប្រកប​​ដោយ​ចីរ​ភាពទៅថ្ងៃ​​​​​​​អនាគត»។

​ស្នាដៃ​ភាពយន្តខ្នាត​ខ្លីទាំង ៣៥​ចំណង​ជើង ដែល​បាន​ដាក់​ចូលរួម​ប្រកួត​ប្រជែង នឹង​ត្រូវ​ធ្វើ​ការចាក់​បញ្ចាំង​​នៅ​រោង​ភាព​យន្ត​ចំនួន ៨​ទីតាំង​ក្នុង​រាជធានី​ភ្នំពេ​ញ ក្នុងនោះ​រួម​មា​នរោ​ង​ភាព​យន្ត ​ Major Cineplex សាខា Aeon ១ រោង​ភាពយន្ត ​ Major Cineplex សាខា Aeon ២ រោង​ភាព​យន្ត Legend សាខា Eden ​Garden រោង​​ភាព​យន្ត​ Legend សាខា Olympia រោង​ភាព​យន្ត Prime សាខា Samai Square រោង​ភាព​យន្ត​ Prime សាខា ចោម​ចៅ រោងកុន​​មជ្ឈ​មណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា និង​រោង​កុន​​​វិទ្យា​ស្ថាន​ភាសា​បារាំង។

លោក​​​ប៉ុក បូរក្ស​ បន្ថែម​ថា៖ «លើស​ពីនេះ ក្រៅពីការ​ចាក់​បញ្ចាំង​ភាពយន្ត​ខ្នាតខ្លី​ប្រកួត​ប្រជែង​ទាំង ៣៥​ស្នា​ដៃ កម្ម​វិធី​មហោស្រព​​ក៏មាន​ការចាក់​បញ្ចាំង​​​ភាពយន្តឯកសារខ្លីចំនួន ៣៣ស្នាដៃ ​ដែលប​ង្ហាញពីជីវិត ប្រពៃ​​ណី វប្បធម៌​ ក៏ដូច​ជា​បរិស្ថាន​រស់​នៅ តាមដង​ទន្លេ​មេគង្គ​កម្ពុជាផង​ដែរ​។ ភាពយន្តឯកសារខ្លីទាំងនេះ ផលិត​​​ដោយ​​​សិក្ខាកាម​​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​​ផលិត ភាព​យន្ត​ឯកសា​រដែល​រៀបចំដោ​យ ​មជ្ឈមណ្ឌល​ធន​ធាន​​សោតទស្សន៍បុប្ជាណា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ»។

​ភាព​​យន្តខ្នាត​ខ្លីទាំង ៣៥ស្នាដៃ នឹង​អនុញ្ញាត​ឱ្យ​ទស្សនិកជន​ដែលចូល​ទស្សនា​បាន​ដោយ​សេរី​ ព្រម​ទាំង​វាយ​​តម្លៃ​ជ្រើស​រើស​​ស្នាដៃ ដែលខ្លួនពេញចិត្តផងដែរ។ ខណៈ​កម្ម​វិធី​បញ្ចាំង​មាន​ផ្សព្វ​ផ្សាយ​តាម​ហ្វេស​ប៊ុកផេក​​របស់​មហោ​ស្រព និងវេប​សាយ​មហោ​ស្រព https://www.facebook.com/cnsff៕​