ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្ត និងជំរុញឱ្យសិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងបាក់ឌុបក្នុងពេលថ្មីៗនេះ គួរចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដោយអះអាងថា បច្ចេកវិទ្យា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច ការផ្តល់សេវាសាធារណៈ និងសេវាផ្សេងៗទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការជំរុញ និងលើកទឹកចិត្តនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២២ កាលពីថ្ងៃទី ៥ និងទី ៦ ខែធ្នូ និងគ្រោងប្រកាសលទ្ធផលនៅថ្ងៃទី ២៧ ខែធ្នូ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រកាសលទ្ធផលទូទាំងប្រទេសនៅថ្ងៃទី ២៨ ខែធ្នូ។ សម្រាប់ការប្រឡងឆ្នាំនេះ មានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៥ នាក់ ក្នុងនោះស្រី ៦៨ ៧៧១ នាក់ បានចូលរួមការប្រឡងនៅតាមមណ្ឌលទាំង ២២១ ទូទាំងប្រទេស។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានលើកឡើងថា សិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះ កំពុងតែពិចារណា ជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យ ស្របពេលកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន។
ក្រសួងបានបន្តថា បច្ចុប្បន្នជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដូចជា វិទ្យាសាស្ត្រកុំព្យូទ័រ ទូរគមនាគមន៍ និងបណ្តាញ ពាណិជ្ជកម្មអេឡិចត្រូនិក ព័ត៌មានវិទ្យា (IT) ជាដើម មានការចាប់អារម្មណ៍ច្រើនពីសិស្សានុសិស្ស និងអាណាព្យាបាល ប៉ុន្តែព័ត៌មានសម្រាប់ធ្វើការសម្រេចចិត្តជ្រើសរើសជំនាញនេះនៅមានកម្រិត។
ក្រសួង បានបញ្ជាក់ថា៖ «ដូច្នេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យពិចារណាចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាលសេដ្ឋកិច្ច និងសង្គមឌីជីថល»។
កាលពីពេលថ្មីៗនេះ ក.ប.ទ ក៏បានប្រកាសផ្តល់អាហារូបករណ៍ពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្នាំ ២០២៣ សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចន្លោះពី ៣០០ ទៅ ៥០០ នាក់ នៅតាមគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេស។ ក្រសួង ក៏ប្រកាសផ្តល់វគ្គបណ្តុះបណ្តាលអ្នកជំនាញឌីជីថលរយៈពេល ៣ ខែ ទៅ ១ ឆ្នាំ ចន្លោះពី ១-២ ពាន់នាក់ និងវគ្គបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលសម្រាប់បង្កើនប្រសិទ្ធភាពការងារចន្លោះពី ២-៥ ពាន់នាក់ផងដែរ។
យោងតាមការអង្កេតរបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ កាលពីឆ្នាំ ២០២១ បានបង្ហាញថា មានកិច្ចការងារជាច្រើនដែលកម្ពុជាត្រូវការបំពេញ និងចូលរួមពីភាគីពាក់ព័ន្ធ រួមទាំងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីឱ្យសម្រេចបាននូវការអនុវត្តប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។ កិច្ចការងារដែលគួរយកចិត្តទុកដាក់នោះ គឺការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការក្នុងការអនុវត្តយន្តការនានាដែលបានដាក់ចេញក្នុងផែនការសកម្មភាព រួមទាំងធនធានមនុស្សក្នុងការបំពេញកិច្ចការងារផ្សេងៗ ក្នុងចរន្តសេដ្ឋកិច្ចឌីជីថល។
យុវជន ហុង តុលា ដែលជានិស្សិតឆ្នាំទី ១ ផ្នែក IT បានបញ្ជាក់ថា៖ «យុវជនកម្ពុជា កំពុងទទួលយកនូវចំណេះដឹងថ្មីៗអំពីបច្ចេកវិទ្យា ក្នុងគោលបំណងពង្រីកពុទ្ធិចំណេះជំនាញ និងចំណេះដឹងទូទៅ ដើម្បីឱ្យដើរទាន់បរិបទនៃសង្គមបច្ចេកវិទ្យាក្នុងប្រទេស ក៏ដូចជានៅក្នុង តំបន់ផងដែរដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារការងារ និងចូលរួមអភិវឌ្ឍជាតិ។ សម័យឥឡូវនេះ កាន់តែជឿនលឿន បើយើងរៀនជំនាញនេះ គឺខ្ញុំគិតថា ពេលនេះ វាសម្បូរទីផ្សារការងារ»៕