ភ្នំពេញៈ ក្នុងដំណើរការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ មានភ្នាក់ងារគណបក្សនយោបាយចំនួន ៧ ៦៦២ នាក់ ក្នុងនោះស្រ្តីមានចំនួន ១ ៦១៧ នាក់ ត្រូវបានគជប អនុញ្ញាតឱ្យចូលរួមសង្កេតការណ៍។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គជប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ភ្នាក់ងារគណបក្សនយោបាយដែលត្រូវបានអនុញ្ញាត ឱ្យចូលរួមសង្កេតការណ៍មានគណបក្សចំនួន ៦ គណបក្ស ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជាមានចំនួន៣ ៧៣៩នាក់, គណបក្សភ្លើងទៀនមានចំនួន៣ ៤៣២នាក់, គណបក្សហ្វ៊ុនស៊ិនប៉ិចមានចំនួន៣ ០៩៤ នាក់, គណបក្សខ្មែររួបរួមជាតិ ចំនួន ១២៣ នាក់, គណបក្សយុវជនកម្ពុជាមានចំនួន៣៧នាក់ និងគណបក្សកម្លាំងប្រជាធិបតេយ្យ មានចំនួន២២ នាក់។
គ.ជ.ប បានបន្តថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា ៖ «ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត»។
លោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែធ្នូថា ក្នុងដំណើរការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២២ គឺមានរយៈពេល ៥ ខែ គឺចាប់ផ្តើមពីខែតុលា ឆ្នាំ២០២២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ដែលក្នុងអំឡុងពេលនេះ គឺគ.ជ.ប មានកិច្ចការជាច្រើនដែលត្រូវធ្វើ។
លោកបានថ្លែងថា ៖ «ក្នុងរយៈពេលនេះ គឺភ្នាក់ងារគណបក្សនយោបាយ មានភារកិច្ចតាមដាន ដំណើរការទូទៅនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដែលភ្នាក់ងារគណបក្ស នយោបាយត្រូវតាមដាន រហូតដល់ គជប ប្រកាសផ្តល់សុពលភាព និងប្រកាសផ្សាយជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣»។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងថា គណបក្សលោកបានដាក់ភ្នាក់ងារជាង ១៨០ ឃុំ សង្កាត់នៅតាមបណ្តារាជធានី ខេត្តមួយចំនួន ហើយគណបក្សលោកក៏បានណែនាំឱ្យភ្នាក់ងារដែលបានទទួលស្គាល់ដោយ គជប បន្តពិនិត្យ តាមដាន និងធ្វើរបាយការណ៍ជុំវិញការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
លោកបន្តថា ទោះជាគណបក្សមិនបានដាក់គ្រប់ឃុំសង្កាត់ ប៉ុន្តែ តាមការពិនិត្យជាទូទៅ មិនមានអ្វីជាបញ្ហាចោទនោះទេ នៅក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលរៀបចំឡើងដោយ គជប នៅពេលនេះ។
លោក ញឿន រ៉ាដែន បានថ្លែងថា៖ «យើងឃើញថា ប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនច្រើន និងទៅពិនិត្យបញ្ជីក៏ច្រើនកុះករដែរ។ នេះបើតាមភ្នាក់ងារគណបក្សនៅតាមឃុំ សង្កាត់បានផ្តល់មកឱ្យ»៕