ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អាស៊ាន និងសហភាពអឺរ៉ុប (EU) ប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីកសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់ក៏ដូចជាពិភពលោក ដោយលោកអះអាងថាសន្តិភាពសកលកំពុងទទួលរងនូវការគំរាមកំហែងដោយប្រទេសមួយចំនួន។
លោកអំពាវនាវដូច្នេះនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរំឭកខួប ៤៥ ឆ្នាំ រវាងអាស៊ាន-EU កាលពីថ្ងៃទី ១៤ ខែធ្នូនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដែលលោកធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលនេះក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២។
លោក ហ៊ុន សែន ថ្លែងថា កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្នុងពេលដែលពហុភាគីនិយមបាន និងកំពុងទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតនោះ គឺសន្តិភាពសកលក៏បាននិងកំពុងទទួលរងនូវការគំរាមកំហែងដោយសកម្មភាពរបស់រដ្ឋមួយចំនួនដែលបំពានដោយបើកចំហលើច្បាប់បទដ្ឋាន និងគោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។
សម្រាប់ដំណើរឆ្ពោះទៅមុខលោកជឿជាក់ថា អាស៊ាន និង EU ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតល្មួត ដើម្បីធានាសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ប្រកបដោយបរិយាប័ន្ន ភាពបើកចំហ តម្លាភាព និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងនាមជាប្លុកតំបន់ ២ ដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវអាស៊ាន និងសហភាពអឺរ៉ុបត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីការពារ និងលើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់បទដ្ឋាន និងគោលការណ៍ដែលត្រូវបានទទួលស្គាល់ជាសកលដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងសន្តិភាព និងស្ថិរភាព និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់របស់យើងក៏ដូចជាពិភពលោក»។
លោកលើកឡើងថា៖ «ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និងបទពិសោធន៍នៃករណីជម្លោះដែលបានអូសបន្លាយ និងបង្កជាសោកនាដកម្មនៅកម្ពុជាខ្ញុំមិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាពតាមរយៈការធ្វើសង្គ្រាម ឬការគំរាមបង្កសង្គ្រាមនោះឡើយ។ក្នុងន័យនេះខ្ញុំសង្ឃឹមដោយស្មោះថា យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ជាវិធីសាស្ត្ររួមរបស់យើង»។
លោកឆាលស៍ មីសែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះថា EU និងអាស៊ានគឺជាអង្គការសមាហរណកម្មតំបន់ជឿនលឿនបំផុតចំនួន២របស់ពិភពលោកដែលយល់ពីគ្នាទៅវិញទៅមកយ៉ាងច្បាស់ ចែករំលែកតម្លៃរួម និងស្មារតីកិច្ចសហប្រតិបត្តិរួម។ប្លុកតំបន់ទាំង ២ យល់ពីបញ្ហាប្រឈមក្នុងការប្រែក្លាយទស្សនវិស័យសហគមន៍នយោបាយដែលផ្អែកលើផលប្រយោជន៍រួម និងគោលការណ៍ច្បាប់រួមទៅជាការពិតជាក់ស្តែងសម្រាប់ប្រជាជន។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងអាចធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅលើគ្រប់វិស័យដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់យើង។កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនេះដើរទន្ទឹមគ្នាជាមួយនឹងយុទ្ធសាស្ត្ររបស់ EU សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។យើងចង់រួមចំណែកដល់ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់»។
នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំ EU និងអាស៊ានបានអះអាងសាជាថ្មីអំពីភាពជាដៃគូរបស់ខ្លួន ដោយផ្អែកលើតម្លៃរួម និងគោលការណ៍រួម ដូចជា សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការគោរពបូរណភាពទឹកដី និងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
មេដឹកនាំ EU និងអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុង និងការហោះហើរពីលើសមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា «យើងសូមបញ្ជាក់សាជាថ្មីពីភាពចាំបាច់ត្រូវបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក អនុវត្តការអត់ធ្មត់ដោយខ្លួនឯងក្នុងការធ្វើសកម្មភាពទាំងអស់ និងចៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងហានិភ័យនៃគ្រោះថ្នាក់ ការយល់ច្រឡំ និងការគណនាខុស ក៏ដូចជា ការបន្តដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមគោលការណ៍ច្បាប់អន្តរជាតិដែលទទួលស្គាល់ជាសកល រួមទាំង UNCLOS ឆ្នាំ ១៩៨២ ផងដែរ»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការគោរពច្បាប់អន្តរជាតិគឺជាគោលការណ៍គ្រឹះសំខាន់បំផុតសម្រាប់ធានានូវសន្តិភាព និងបូរណភាពនៃរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ (UN) ដូចជាករណីប្រទេសរុស្ស៊ីលើកទ័ពទៅទន្ទ្រានឬក៏ឈ្លានពានអ៊ុយក្រែន។ នេះសបញ្ជាក់ថា ការទៅបំបែករដ្ឋភ្ជាប់ទឹកដីពីអ៊ុយក្រែនមករុស្ស៊ី រំលោភលើធម្មនុញ្ញ UN និងច្បាប់អន្តរជាតិ។
លោកថ្លែងថា៖ «ដូច្នេះ ដើម្បីធានាឱ្យមានសន្តិភាពជាសកលហ្នឹងគឺយើងត្រូវតែគោរពច្បាប់និងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ចៀសវាងប្រទេសធំឬក៏ប្រទេសមានអំណាចខ្លាំងទៅទន្ទ្រានទៅលុកលុយបណ្ដាប្រទេសទន់ខ្សោយ។ ឧទាហរណ៍ថា ឥឡូវបើយើងនាំគ្នាគាំទ្ររុស្ស៊ីទន្ទ្រានអ៊ុយក្រែន អ៊ីចឹងវានឹងមានករណីផ្សេងទៀតទៅទន្ទ្រានទឹកដីផ្សេងទៀត។ អ៊ីចឹងការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិនេះគឺជាគោលការណ៍គ្រឹះសំខាន់សម្រាប់ធានាសណ្ដាប់ធ្នាប់ពិភពលោក»។
សម្រាប់លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់ ក៏បានលើកឡើងដែរថា ការខិតទៅរកទំនាក់ទំនងជាមួយអាស៊ានពីសំណាក់សហភាពអឺរ៉ុប ព្រោះសហភាពអឺរ៉ុបមិនចង់ឃើញតំបន់អាស៊ានត្រូវពឹងផ្អែកទាំងស្រុងទៅលើចិន។ មួយវិញទៀត សហភាពអឺរ៉ុបផ្តល់លម្ហបត់បែនសម្រាប់អាស៊ាននៅចំពោះមុខការប្រណាំងប្រជែងកាន់តែស្រួចស្រាល់រវាងសហរដ្ឋអាមេរិក និងចិន។
លោក សេង វណ្ណលី បានពន្យល់ថា៖ «ទោះបីជាសហភាពអឺរ៉ុបមានទំនាក់ទំនងយុទ្ធសាស្ត្រ និងសន្តិសុខជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ខ្លួននឹងមិនអនុវត្តតាមយុទ្ធសាស្ត្ររាំងខ្ទប់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិនយ៉ាងតឹងរ៉ឹងនោះទេ ព្រោះថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់សហភាពអឺរ៉ុប និងជាតួអង្គសំខាន់ទាក់ទិននឹងបញ្ហាប្រឈមសកល»៕