ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី ១៦ ខែធ្នូ​នេះ​បាន​ប្រកាស​ថា ពីថ្ងៃ​ទី ១៨ ដល់​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ នេះ អាកាសធាតុ​អាច​ចុះ​ត្រជាក់​ខ្លាំង ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់ភ្នំ និង​ជាប់​ជួរភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។​

​ស្ថានភាព​អាកាសធាតុ ត្រូវបាន​សង្កេតឃើញថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន​បាន​ធ្លាក់​យ៉ាង​គំហុក​មក​ក្រោម​ជាមួយ​នឹង​ខ្យល់មូសុង​បក់ក្នុង ល្បឿនខ្លាំង។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ ចាប់ពី​ថ្ងៃទី ១៨-២០ ខែធ្នូ ធាតុអាកាស​អាច​ចុះ​ត្រជាក់​ខ្លាំង ជាពិសេស​នៅ​បណ្តា​ខេត្ត​នៅ​តំបន់ភ្នំ និង​ជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន។​

​ដោយឡែក​ក្នុង​ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់​ពី ១៥-១៦°C ហើយ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង សៀមរាប និង​ខេត្ត​ស្ទឹងត្រែង សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់​ពី ១៧-១៨°C ។​

​ចំពោះ​រាជធានី និង​បណ្តា​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា​ស្ថិតក្នុង​រង្វង់ ២០°C​។ នៅ​ក្នុង​អំឡុង​ពេល​នោះដែរ សង្កេតឃើញ​សីតុណ្ហភាព​អតិបរមា​នៅវេលា​ថ្ងៃ​មាន​ពី ២៦-២៩១°C​។ បន្ទាប់ពី​ថ្ងៃទី ២១ ខែធ្នូ សីតុណ្ហភាព​អាច​កើន​ឡើង​ពី ២-៣°C វិញ៕