សៀមរាបៈ ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី ១៤ និង ១៥ ខែធ្នូ ព្រឹត្តិការណ៍រំឭកគុណអង្គរ បានប្រព្រឹត្តទៅយ៉ាងឱឡារិក អធិកអធម ព្រមជាមួយកម្មវិធីជាច្រើន ទាំងបែបប្រពៃណីសាសនា កម្មវិធីពិព័រណ៍បង្ហាញសមិទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា និងការសម្តែងសិល្បៈជាច្រើនទម្រង់។
ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ ជាថ្ងៃចុងក្រោយនៅក្នុងព្រឹត្តិការណ៍រំឭកគុណអង្គរ សកម្មភាព និងកម្មវិធីជាច្រើននៅតែបន្ត ដើម្បីឱ្យសាធារណជនបានចូលរួមទស្សនាកម្សាន្តដោយសេរី ដោយឥតគិតថ្លៃ។
លោកបន្តថា ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច មានការតាំងពិព័រណ៍សមិទ្ធផលការងារសំខាន់ៗ របស់អាជ្ញាធរជាតិអប្សរា ការតាំងបង្ហាញពីសកម្មភាពនៅសារមន្ទីរ សកម្មភាពការងារតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និងសកម្មភាពផ្សេងៗ រួមមានការតាំងពិព័រណ៍សៀវភៅប្រវត្តិសាស្ត្រខ្មែរ និងបរទេស។
នៅតាមស្តង់បង្ហាញនីមួយៗមានអ្នកជំនាញលើផ្នែកផ្សេងៗរបស់អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ល។ ដោយកម្មវិធីទាំងនេះ រៀបចំនៅទីតាំង បរិវេណមុខប្រាសាទអង្គរវត្ត និងការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោកបន្តថា នៅពេលល្ងាចចាប់ពីម៉ោង ១៨៖០០ ដល់ម៉ោង ២២៖០០ មានការសម្តែងសិល្បៈល្ខោនស្បែកធំ សម្តែងដោយក្រុមសិល្បៈវត្តរាជបូរណ៍ និងព្រឹត្តិការណ៍ល្បែងសៀកជាដើមនៅទីតាំងបរិវេណខាងត្បូង នៃទីលានបដិសណ្ឋារកិច្ច (អតីតអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ)៕