ភ្នំពេញៈ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១៦​ធ្នូ បានប្រកាស​ចូលរួម​អបអរ​ដល់​បេក្ខជន​ចំនួន ២៥៩ នាក់​ដែល​ទទួលបាន​លទ្ធផល​ល្អ​(​សម្ភាស​ការងារ​ជាប់​បឋម​)​ក្នុង​វេទិកា​ការងារ​របស់ NEA កាលពី​ថ្ងៃទី​១៥​ធ្នូ​។​

​សម្រាប់​រយៈ​ពេញ​១​ថ្ងៃ​កាលពី​ថ្ងៃទី​១៥​ធ្នូ មាន​យុវជន សិស្ស​/​និស្សិត និង​អ្នកស្វែងរក​ការងារ​ធ្វើ​យ៉ាងច្រើន​កុះករ​សរុប​ចំនួន ៣៥១ នាក់​បាន​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ជាមួយ​ក្រុមហ៊ុន​ចំនួន​១៦​។

​ជា​លទ្ធផល មាន​អ្នក​សម្ភាស​ការងារ​ជាប់​សរុប​ចំនួន ២៥៩​នាក់ ដោយ​ក្នុងនោះ អ្នក​ជាប់​ជា​ស្ថាពរ​មាន​ចំនួន ១៤​នាក់ និង ២៤៥ នាក់​ផ្សេងទៀត​ជាប់​បឋម ហើយនឹង​ត្រូវ​សម្ភាស​បន្តទៀត ជាមួយ​ក្រុមហ៊ុន​នៅពេល​ក្រោយ​។​

​បើ​យោងតាម​ក្រសួង​ការងារ វេទិកា​ការងារ​នេះ គឺជា​យន្តការ​បន្ថែមរ​បស់ NEA ក្នុង​ការជួយ​ឱ្យអស់​លទ្ធភាព​ដល់​អ្នក​ស្វែងរក​ការងារ​ដែល​បាន​ចូលរួម និង​ដាក់ពាក្យ​ក្នុង​មហា​ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ ថ្នាក់ជាតិ​នៅ​កោះ​ពេជ្រ​កាលពី​ចុងខែ​តុលា​កន្លងទៅ​។​

​ក្រសួង​ការងារ​បានប្រកាសថា សម្រាប់​យុវជន សិស្ស​/​និស្សិត ដទៃទៀត​ដែល​ចង់​ស្វែងរក​ការងារ​ទាំង​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង សូម​មក​ដាក់ពាក្យ​ស្វែងរក​ការងារ​ជាមួយ NEA ដើម្បី​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ការងារ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ដោយ​ឥត​គិត​កម្រៃ ដែល​រៀបចំ​ជា​បន្តបន្ទាប់​ទៀត​ដោយ NEA រួមមាន​៖ វេទិកា​ការងារ​, កិច្ចសម្ភាសន៍​ការងារ​, វគ្គ​បណ្តុះបណ្តាល​អំពី​ការត្រៀម​លក្ខណសម្បត្តិ​ចូល​ទីផ្សារការងារ និង​ជំនាញ​ទន់ ដើម្បី​អាច​ទទួលបាន​ការងារ​ធ្វើ​កាន់តែ​ឆាប់រហ័ស​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​អំពី​ការចូលរួម​ក្នុង​វេទិកា​ការងារ​នាពេល​ក្រោយ​ទៀត ក្រសួង​ការងារ បាន​ប្រាប់​ឱ្យ​ទាក់ទង​ទៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ www.facebook.com/neakhmer (​អិន​អ៊ី​អេ ខ្មែរ​)៕