ភ្នំពេញៈ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ធ្នូនេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសដែលគណៈកម្មការនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ អមដោយអនុប្រធាន៦រូប និងសមាជិក១៤រូប។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនិងមានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ ពីសំណាក់ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ នេះបើយោងតាមផេកហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការអន្ដរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានអាននូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ដែលដឹកនាំដោយ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដោយអនុប្រធាន៦រូប និងសមាជិក១៤រូប។
លោកសក់ សេដ្ឋាថ្លែងថា គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីដឹកនាំពង្រឹង ការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងក្លិបកម្សាន្តនានា។
លោកបន្ថែមថា គណៈកម្មការអន្តរក្រសួងនេះ ក៏មានគោលដៅគាំទ្រដល់ផែនការប្រតិបត្តិការ បង្កើនការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ទៀតថា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការនេះ មានសិទ្ធិចាត់ចែងប្រើប្រាស់មន្ដ្រីក្រោមឱវាទឱ្យចូលរួមបំពេញការងារតាមការចាំបាច់។
នាឱកាសនោះដែរ លោក អ៊ិត សំហេង ដែលជាប្រធានគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានថ្លែងប្ដេជ្ញាចិត្តបំពេញការងារធ្វើអធិការកិច្ចហត្ថពលកម្ម បរទេសឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនានា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានខិតខំប្រឹងប្រែងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនាពេលកន្លងមក សំដៅពង្រឹងការអនុវត្តច្បាប់ការងារ នៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រី បានណែនាំអំពីរបៀបរបបធ្វើការងារ ក្នុងពេលបំពេញបេសកកម្មការងារនេះ ក្នុងនោះលោកក៏បានណែនាំដល់គណៈកម្មការអន្ដរក្រសួង ត្រូវជំរុញ និងត្រួតពិនិត្យការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេស គណៈបញ្ជាការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ត្រូវធ្វើយ៉ាងណាបំពេញការងារឱ្យមានប្រសិទ្ធភាព៕