លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញដល់អ្នកសារព័ត៌មានកម្ពុជា ត្រូវពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
ការណែនាំធ្វើឡើងតាមរយៈសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ញើជូន “វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា” លើកទី១៩ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ដែលក្លិបអ្នកកាសែតកម្ពុជា បានរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នកសារព័ត៌មាន បានជួបជុំពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ និងដោះស្រាយបញ្ហាដែលបានអនុវត្តនាពេលកន្លងមក។ វេទិកានេះ ក៏បានលើកទិសដៅសម្រាប់អនុវត្តនាពេលខាងមុខ ដើម្បីលើកកម្ពស់សមត្ថភាព គុណភាព និងកិត្យានុភាពនៃស្ថាប័នសារព័ត៌មាន ព្រមទាំងពង្រឹងការអនុវត្ត ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាការលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាព ខាងសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន សែន បានបង្ហាញមោទនភាពចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ក៏ដូចជាវិស័យដទៃទៀតដែរ ស្របពេលដែលមានការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថលនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ជាមួយនឹងការបើកទូលាយនៃការធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ន ចំនួនអ្នកសារព័ត៌មាន ក៏ដូចជាចំនួនអង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានប្រចាំកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។
លោកគូសបញ្ជាក់ថា៖«ជាមួយការខិតខំប្រឹងប្រែងរបស់អង្គភាពសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានមួយចំនួនធំដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ថែរក្សាសុខសន្តិភាព និងលើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក៏នៅមានអ្នកសារព័ត៌មានមួយចំនួនតូចបាន និងកំពុងបំពេញការងារដោយបំពានក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយគិតផលប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបំពុលសង្គម ជេរប្រមាថ អុចអាល ដែលបង្កនូវអរិភាពនៅក្នុងសង្គម ធ្វើឱ្យកើតមានជម្លោះ ការបែកបាក់សាមគ្គីភាព បង្កអស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលធ្វើឱ្យប៉ះពាល់តម្លៃ និងកិត្យានុភាពរបស់អ្នកសារព័ត៌មានអាជីព និងធ្វើឱ្យសាធារណជនបាត់បង់ជំនឿលើអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទាំងមូល»។
ក្នុងន័យនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ជាអនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ត្រូវធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្តក្នុងការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន ដើម្បីរក្សាគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន។ បណ្តុះបណ្តាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មាន ក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្តាប់ធ្នាប់សង្គម។
បន្ថែមពីនេះលោក ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និង អ្នកសារព័ត៌មានដែលបានខិតខំប្រឹងប្រែងក្នុងការចុះយកព័ត៌មាន និងធ្វើការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ទាំងនៅក្