ភ្នំពេញ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២២ បានសព្វព្រះរាជហឫទ័យសម្ពោធដាក់ឱ្យដំណើរការមណ្ឌលព្រះកម្មដ្ឋាន «ព្រះករុណាព្រះមហាក្សត្រ សីហមុនី» ព្រមទាំងព្រះរាជទានព្រះរាជទ្រព្យចំនួន៥ ០០០ដុល្លារអាមេរិកសម្រាប់ទ្រទ្រង់មណ្ឌលព្រះកម្មដ្ឋាននេះ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា៖«ថ្ងៃនេះខ្ញុំព្រះករុណា ខ្ញុំមានហឫទ័យរីករាយក្រៃលែងដែលបានយាងមកចូលរួមសម្ពោធមណ្ឌលព្រះកម្មដ្ឋាន«ព្រះករុណាព្រះមហាក្សត្រ សីហមុនី» ដែលជាព្រះសមិទ្ធផលថ្មីរៀបចំដឹកនាំកសាងដោយ សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងមហាពុទ្ធបរិស័ទទាំងឡាយដែលមានសទ្ធាជ្រះថ្លា ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប»។
ព្រះមហាក្សត្របន្តថា៖«មណ្ឌលព្រះកម្មដ្ឋាន ស័ក្តិសមប្រពៃណាស់ ដែលត្រូវបានសាងសង់នៅទីនេះ ព្រោះជាភូមិឋានត្រជាក់ត្រជំក្នុងរមណីយដ្ឋានអង្គរដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប»។
មណ្ឌលព្រះកម្មដ្ឋាន«ព្រះករុណាព្រះមហាក្សត្រ សីហមុនី»ផ្តួចផ្តើមកសាងដោយសម្តេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមកសាងដំបូងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីជាង៤ ០០០ម៉ែត្រការ៉េ។ ទីតាំងមណ្ឌល មានចម្ងាយប្រហែល៥គីឡូម៉ែត្រពីប្រាសាទអង្គរតូច ឬប្រហែល៣គីឡូម៉ែត្រពីប្រាសាទអង្គរធំ ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប។ នេះបើតាមព្រះគ្រូ ធម្មកវីវង្ស នង មានវោ ព្រះមេគណគណៈធម្មយុត្តិកនិកាយប្រចាំខេត្តសៀមរាប និងជាចៅអធិការវត្តពុទ្ធស្ថាននគរាជធម្មមេត្តាខេត្តសៀមរាប ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃបើកសម្ពោធ។
ព្រះមេគណ នង មានវោ ដែលមើលការខុសត្រូវលើការងារសាងសង់ផ្សេងៗ មានថេរដីកាបន្តថា រហូតដល់ពេលនេះមណ្ឌលព្រះកម្មដ្ឋានត្រូវបានសាងសង់សមិទ្ធផលខ្លះរួចស្រេច ដូចជា សាលាបុណ្យធំ១ អគារដែលមានទំហំ៣៩២ម៉ែត្រការ៉េ កុដិ២អគារ បង្គន់អនាម័យ២ និងផ្ទះបាយ១អគារ។
អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលផងដែរថា៖«មណ្ឌលព្រះកម្មដ្ឋាននេះនឹងផ្តល់នូវភាពកក់ក្តៅ ដល់ពុទ្ធបរិស័ទទាំងឡាយ ដែលប្រាថ្នានូវសេចក្តីស្ងប់ តាមរយៈព្រះធម៌ដ៏ឧត្តុង្គឧត្តម ដែលព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គបានផ្តល់ឱវាទថា៖មិនមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ។ សេចក្តីស្ងប់ ជាសេចក្តីសុខដ៏ប្រសើរបំផុត សម្រាប់អប់រំចំពោះពុទ្ធបរិស័ទ ដែលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមព្រះធម៌វិន័យ»។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឡើងអានសុន្ទរកថា ថ្វាយព្រះមហាក្សត្រ និងអង្គពិធីទាំងមូល ដោយបានលើកឡើងពីគុណបំណាច់ដែលអង្គព្រះមហាក្សត្រតែងបំពេញដើម្បីរួមចំណែកអភិវឌ្ឍជាប្រយោជន៍ដល់សង្គមជាតិកម្ពុជា។
លោកទៀ សីហា ថ្លែងថា៖«ខ្ញុំព្រះករុណាខ្ញុំបាទ សូមព្រះបរមរាជានុញ្ញាតថ្លែងនូវអំណរគុណ ប្រកបដោយកតញ្ញុតា និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះរាជបញ្ញាញាណនិងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្រ្ត របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច និងការងារកិច្ចការបរទេស នាពេលកន្លងមក»។
លោកបន្ថែមថា៖«[នេះ]ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា ការស្តារ ការអភិវឌ្ឍ ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានធ្វើឱ្យមាតុភូមិអង្គរ ជាទីស្នេហាមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស»៕