ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់អនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក.)យកធ្វើជាមូលដ្ឋានក្នុងការពង្រឹងក្រមសីលធម៌សារព័ត៌មាន ដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់សា្ថប័នសារព័ត៌មាន ដោយលោកអះអាងថា នៅមានអ្នកសារព័ត៌មានមួយចំនួនតូចកំពុងបំពានក្រមសីលធម៌ និងវិជ្ជាជីវៈ។
តាមរយៈសារលិខិតផ្ញើជូន វ.ន.ស.ក. លើកទី១៩ ដែលប្រាព្ធធ្វើឡើងកាលពីថ្ងៃទី ១៧ ខែធ្នូ នៅរាជធានីភ្នំពេញលោក ហ៊ុន សែន លើកឡើងថា៖ «នៅមានអ្នកសារព័ត៌មានមួយចំនួនតូចបាន និងកំពុងបំពេញការងារដោយបំពានក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន»។
លោកបន្តថា អ្នកសារព័ត៌មានមួយចំនួនតូចទាំងនោះបានធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិត បំពុលសង្គម ជេរប្រមាថ អុជអាល ដែលបង្កនូវអរិភាពនៅក្នុងសង្គមធ្វើឱ្យកើតមានជម្លោះ ការបែកបាក់សាមគ្គីភាព បង្កអស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមដែលធ្វើឱ្យប៉ះពាល់តម្លៃ និងកិត្យានុភាពរបស់អ្នកសារព័ត៌មានអាជីព និងធ្វើឱ្យសាធារណជនបាត់បង់ជំនឿលើអ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានទាំងមូល។
លោកហ៊ុន សែន បានផ្ដល់អនុសាសន៍មួយចំនួនដល់ វ.ន.ស.ក.ធ្វើជាមូលដ្ឋានក្នុងការពិភាក្សានិងរៀបចំទិសដៅសម្រាប់អនុវត្តដោយធ្វើការ «ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់សា្ថប័នសារព័ត៌មាន»។
លោកបានផ្ដល់អនុសាសន៍ដល់វ.ន.ស.កបណ្តុះបណ្តាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីឱ្យអ្នកសារព័ត៌មានដើរទាន់ការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេលបច្ចុប្បន្ន។
ជាមួយនេះដែរ លោកបានរំឭកដល់ វ.ន.ស.ក ឱ្យចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មានក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពចលាចលបាត់បង់សណ្តាប់ធ្នាប់សង្គម។
លោកនាយករដ្ឋមន្ត្រីផ្ដល់អនុសាសន៍ដល់ វ.ន.ស.ក បន្តផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ឱ្យកាន់តែសកម្មថែមទៀតនិងណែនាំឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ ១៩ បានគ្រប់ៗគ្នា។
លោកបានបញ្ជាក់ថា៖ «ផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន»។
នៅក្នុងវេទិកានេះ ចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំសារព័ត៌មានសរុប ៩២ នាក់មកពី ៦០ អង្គភាពបានជួបជុំគ្នាដើម្បីជជែកពិភាក្សាពីការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា និងបានអនុម័តសេចក្តីថ្លែងការណ៍រួមស្ដីពី «ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។
អង្គភាពសារព័ត៌មានចំនួន ៦០ នេះបានជំរុញឱ្យមានការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីដាក់ពិន័យនិងកែលម្អវិជ្ជាជីវៈសារព័ត៌មានដោយសារតែក្លិប និងសមាគមអ្នកសារព័ត៌មានមិនមានសិទ្ធិស្របច្បាប់ក្នុងការព្រមានដល់អ្នកប្រកបអាជីពសារព័ត៌មាននៅពេលពួកគេប្រព្រឹត្តខុស។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មានអនឡាញ។
សេចក្តីថ្លែងការណ៍រួមបន្តថា «វ.ន.ស.ក.យល់ឃើញថា ក្លិបឬសមាគមអ្នកសារព័ត៌មានដែលមានសព្វថ្ងៃ គ្មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការតម្រង់ទិសអ្នកសារព័ត៌មានទាំងអស់ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវនោះឡើយ ដោយសារតែក្លិប និងសមាគមទាំងអស់គ្មានសិទ្ធិស្របច្បាប់ឬឥទ្ធិពលស្តីបន្ទោស ណែនាំ ព្រមានដល់អ្នកប្រកបអាជីពសារព័ត៌មាននៅពេលពួកគេប្រព្រឹត្តខុស»។
ប្រភពដដែលបន្តថា៖ «វ.ន.ស.ក.យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយដែលមានមុខងារច្បាស់លាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជា កែលម្អវិជ្ជាជីវៈសារព័ត៌មានពិតជាតម្រូវការចាំបាច់សម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន»។
អង្គភាពសារព័ត៌មានទាំង ៦០ នេះ អំពាវនាវដល់សមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុងក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាននេះ ហើយគាំទ្រដំណើរការក្រុមប្រឹក្សានេះឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព ដោយបញ្ជាក់ថា វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់គុណភាពវិជ្ជាជីវៈអ្នកសារព័ត៌មានទាំងអស់ឱ្យទទួលបាននូវការគោរព ផ្តល់តម្លៃពីសាធារណជន និងអាជ្ញាធរគ្រប់មជ្ឈដ្ឋាន។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាថ្លែងក្នុងវេទិកានោះថា បច្ចុប្បន្ននេះនៅក្នុងក្របខ័ណ្ឌអាស៊ានគឺមាន ៣ ប្រទេសមានថៃ ឥណ្ឌូនេស៊ី និងភូមាដែលបានបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន (Press council) ដើម្បីកម្រិត (regulate) ខ្លួនឯង ដោយមិនចាំបាច់ឱ្យរដ្ឋាភិបាលឬក៏ក្រសួងកម្រិតដាក់ការព្រមានឬក៏ដកអាជ្ញាប័ណ្ណសារព័ត៌មាននោះទេ។
លោកថ្លែងថា៖ «មានន័យថាគាត់ [អ្នកសារព័ត៌មាន] មានបញ្ហាអី Press council ហ្នឹងដើរតួនាទីសំខាន់នៅក្នុងការពន្យល់ប្រាប់គាត់នៅក្នុងការកែតម្រូវឬមួយក៏តម្រង់ទិស។អ៊ីចឹងគោលបំណងសំខាន់នៃការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មាននេះគឺក្នុងន័យហ្នឹងឯង»។
លោក ពុយ គា បន្តថា ក្រមសីលធម៌សារព័ត៌មានគឺជាបញ្ហាមួយធំសម្រាប់អ្នកសារព័ត៌មានដោយសារកន្លងមក អ្នកសារព័ត៌មានមួយចំនួនបានដឹងអំពីក្រមសីលធម៌សារព័ត៌មាន និងបានធ្វើការអនុវត្តក្រមសីលធម៌នេះបន្ទាប់ពីបានឆ្លងកាត់វគ្គសិក្សារួចមក ដោយលោកបន្ថែមថា៖ «ក៏ប៉ុន្តែអ្នកសារព័ត៌មានយើងមួយចំនួនតូច លោកអត់ដែលបានដឹងថាក្រមសីលធម៌អ្នកសារព័ត៌ហ្នឹងមានអីទេ។ អ៊ីចឹង គាត់ដើរតួនាទីទៅវាហួស»៕