ភ្នំពេញៈ កម្ពុជា និងសាធារណរដ្ឋគុយបា ឯកភាពគ្នាពង្រឹង និងជំរុញបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល រវាងប្រទេសទាំង ២ ព្រមទាំង បណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្ត្រ និងឯកទេស ដែលកិច្ចសហការនេះ នឹងចាប់ផ្តើមអនុវត្ត នៅឆ្នាំ ២០២៣។
ការឯកភាពនេះត្រូវបានសម្រេច នៅពេលរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសលោកស្រីឱ វណ្ណឌីន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ពីថ្ងៃទី ១១-១៩ ខែធ្នូ ឆ្នាំ ២០២២។ ទស្សនកិច្ចនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល តាមអនុស្សរណៈនៃការយោគយល់ រវាងក្រសួង សុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈនៃសាធារណរដ្ឋគុយបា ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ពីថ្ងៃទី ១៧ ធ្នូ ឱ្យដឹងថា អនុស្សរណៈនេះ ផ្ដោតលើការពិនិត្យលទ្ធភាពធ្វើកិច្ចសហការផ្នែកឱសថ (សម្រាប់ការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម)។ វ៉ាក់សាំង (សម្រាប់បង្ការជំងឺកុមារ និងជំងឺកូវីដ ១៩) ឧបករណ៍ បរិក្ខារពេទ្យ ព្រមទាំងការសិក្សា និងការបណ្តុះបណ្តាលស្វែងយល់អំពីការងារថែទាំសុខភាពបឋមរបស់ប្រទេសគុយបា ធនធានមនុស្សផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស។
សេចក្តីប្រកាសឱ្យដឹងថា ភាគីទាំង ២ បានឯកភាពគ្នាលើចំណុច មួយចំនួនដើម្បីជំរុញវិស័យសុខាភិបាលឱ្យខ្លាំងបន្ថែមទៀត។ ចំណុចឯកភាពនោះ គុយបា នឹងពិនិត្យលទ្ធភាពបន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សា ផ្នែកសុខាភិបាលឱ្យបានច្រើនថែមទៀត ព្រមទាំងពិចារណាជាមួយក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសគុយបា ផ្តល់អាហារូបករណ៍បន្តការសិក្សាថ្នាក់ឯកទេស ព្យាបាលជំងឺមហារីក ដល់និស្សិតខ្មែរ ៣ រូប កំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅនៅប្រទេសគុយបា។
ក្រសួងសុខាភិបាលថា៖ «ភាគីគុយបាបានឯកភាពក្នុងការបញ្ជូន ក្រុមគ្រូពេទ្យឯកទេសជំងឺមហារីក និងទឹកនោមផ្អែមទៅបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជា ឬទទួលយកគ្រូពេទ្យកម្ពុជាមកចូលរួមបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសគុយបា ដែលក្រុមការងារជំនាញនៃភាគីទាំង២ត្រូវបន្តរៀបចំ គម្រោងជាក់លាក់បន្ថែមទៀតអំពីតម្រូវការ និងពេលវេលា»។
កម្ពុជា លើកទឹកចិត្តឱ្យគុយបា នាំយកផលិតផលសម្រាប់ព្យាបាលដំបៅ បង្កដោយជំងឺទឹកនោមផ្អែមសំដៅកាត់បន្ថយ ជាអតិបរមា នូវអត្រាប្រឈមខ្ពស់ទៅនឹងការកាត់អវយវៈ។
ក្រសួងសុខាភិបាលកម្ពុជាបន្តថា ការនាំយកនូវផលិតផលដ៏សំខាន់នេះនឹងត្រូវមានការបណ្តុះបណ្តាល ជាពិសេសលើបច្ចេកទេសនៃការប្រើប្រាស់ឱសថនេះពីអ្នកជំនាញនៃប្រទេសគុយបា។ ភាគីគុយបា ក៏នឹងបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ មកកាន់ ប្រទេសកម្ពុជា នាឆ្នាំ ២០២៣ ដើម្បីស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។
បន្ថែមពីនេះ គុយបានឹងធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងការបន្តសុពលភាពបញ្ជិកាឱសថ និងវ៉ាក់សាំង ដែលធ្លាប់ចរាចរនៅ កម្ពុជា និងបន្តជំរុញការនាំយកឱសថ វ៉ាក់សាំង ឬសម្ភារបរិក្ខារពេទ្យរបស់គុយបាទៅកម្ពុជាផងដែរ។
ក្រសួងសុខាភិបាលកម្ពុជាបន្តថា៖ «ភាគីគុយបា បានឯកភាពលើ ចំណុចខាងលើ ហើយការងារទាំងនេះនឹងអាចចាប់ផ្តើមអនុវត្តពីឆ្នាំ ២០២៣ តទៅ ដោយភាគីកម្ពុជា ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ជាផ្លូវការ និងជាលាយលក្ខណ៍អក្សរអំពីតម្រូវការខាងលើនេះតាមយន្តការការទូត»។
លោកស្រីឱ វណ្ណឌីន បានបង្ហោះ លើ Twitter របស់លោកស្រីថា៖ «ខ្ញុំមានឱកាសទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា ជាកន្លែងដែលខ្ញុំកំពុងមើលពីរបៀបនៃ ការថែទាំសុខភាពបឋមនៅប្រទេសគុយបា កំពុងត្រូវបានអនុវត្ត។ យើងបានផ្លាស់ប្តូរទស្សនៈ និងជំរុញ កិច្ចសហប្រតិបត្តិការ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់អាជ្ញាធរបទប្បញ្ញត្តិឱសថនៃប្រទេសគុយបា»។
លោកស្រីថា នាយកដ្ឋានផលិត និងគ្រប់គ្រងឧបករណ៍វេជ្ជសាស្ត្រគុយបា គឺជាផ្នែក ១ នៃមជ្ឈមណ្ឌល សហការរបស់អង្គការ WHO។ ឱសថព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែមត្រូវបានផលិត និងចែកចាយទូទាំងពិភពលោក៕