ភ្នំពេញៈ គម្រោងអនាគតបៃតងកម្ពុជា (Cambodia Green Future) ក្រោមការគាំទ្រពី USAID ប្រកាសជ្រើសរើសបេក្ខជនឱ្យចូលរួមប្រកួតស្នាដៃនិងគំនិតច្នៃប្រឌិតក្រោមប្រធានបទទី ៣ «បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ» ដើម្បីស្វែងរកជយលាភី ៥ នាក់ ឬក្រុម ខណៈការឈប់ទទួលពាក្យនឹងត្រូវបញ្ចប់នៅទី ៩ ខែមករា ឆ្នាំ ២០២៣។
គម្រោងអនាគតបៃតងកម្ពុជា បានប្រកាសនៅថ្ងៃទី ១៨ ធ្នូថា សម្រាប់លក្ខខណ្ឌចូលរួម គឺបេក្ខជន ត្រូវជាយុវជនកម្ពុជា និងរស់នៅកម្ពុជា ខណៈការផលិតផលឬ (ស្នាដៃ) ក្នុងករណីមានសមាជិកច្រើនជាង ១ រូប គឺសមាជិក១រូប ក្នុងចំណោមនោះត្រូវមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ។
គម្រោងនេះថា ការប្រកួតអាចមានទម្រង់ជាវីដេអូខ្លី (១-៣នាទី) ហើយរឿងដែលបង្ហាញជារូបថត (Photo Story) ឬ Comic Book, Creative Infographic គំនូរឬផ្ទាំងរូបភាពច្នៃប្រឌិត ឬបទចម្រៀង បទភ្លេង ឬកំណាព្យ (អមដោយ ទំនុកច្រៀង និងអត្ថបទ) ឬ ស្នាដៃ ជារូបភាព ឬសោតទស្សន៍ (សំឡេង) ឬសំណេរ នានា។ ចំពោះស្នាដៃប្រកួតគឺត្រូវធ្វើឡើងជាភាសាខ្មែរ និងផ្តល់នូវគំនិត ឬដំណោះស្រាយ ពាក់ព័ន្ធនឹងប្រធានបទ «បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ»។
នេះបើតាមការអះអាងរបស់គម្រោងអនាគតបៃតងកម្ពុជា។ប្រភពដដែលបញ្ជាក់ថា «យុវតី និងយុវជន ជនជាតិដើមភាគតិច ត្រូវបានលើកទឹកចិត្ត ក្នុងការចូលរួមប្រកួត។ សមាសភាពក្រុម មានយ៉ាងច្រើន ៣ រូប (ហើយត្រូវមានស្រី្តយ៉ាងតិច ១ រូប) ក្នុងការចូលរួមការប្រកួត។ បេក្ខភាពដែលចូលរួមការប្រកួត អាចជាបុគ្គលឬជាក្រុម ប៉ុន្តែការប្រកួតបានតែ ១ និងតែម្តងប៉ុណ្ណោះ។ បេក្ខភាពដែលធ្លាប់ប្រកួតម្តងរួចហើយ ត្រូវបានលើកទឹកចិត្ត ដាក់ពាក្យចូលរួមម្តងទៀត»។
តាមការប្រកាសរបស់គម្រោងអនាគតបៃតងកម្ពុជាលើហ្វេសប៊ុក ឱ្យដឹងថា សម្រាប់រង្វាន់ជយលាភីទាំង ៥ នាក់ ឬ ក្រុម នឹងទទួលបានដំណើរទស្សនកិច្ចសិក្សា បណ្ណសរសើរ សម្ភារផ្សេងៗទៀត រីឯរង្វាន់សម្រាប់បេក្ខភាពឈានមកដល់វគ្គផ្តាច់ព្រ័ត្រ (វគ្គទី ៣) នឹងទទួលបណ្ណសរសើរ សម្ភារផ្សេងៗទៀត តែក្រុមការងារគម្រោងក៏សុំរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី និងលក្ខខណ្ឌនានាដែលត្រូវបានអនុវត្តផងដែរ។
គម្រោងអនាគតបៃតងកម្ពុជាបានបញ្ជាក់ថា៖ «ក្រុមការងារគម្រោង រក្សាសិទ្ធិ ដកសម្ភារ ឬ ផលិតផល (ស្នាដៃ) ចេញពីការប្រកួតដោយស្វ័យប្រវត្តិ ក្នុងករណីសម្ភារស្នាដៃរបស់បេក្ខភាពណាមួយ មានខ្លឹមសារ និងបង្ហាញ ភាពអាសអាភាស ការញុះញង់ ការរំលោភបំពាន ការប្រើហិង្សា ឬខ្លឹមសារទាក់ទងនឹងនយោបាយ និងប៉ះពាល់ដល់ វប្បធម៌ សាសនា និង ពូជសាសន៍ ឬខ្លឹមសារអវិជ្ជមានផ្សេងទៀត»។
គម្រោងដែលគាំទ្រដោយ USAID នេះ ត្រូវបានប្រកាសកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ដើម្បីធ្វើយុទ្ធនាការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គមរបស់យុវជនគាំទ្របរិស្ថានថ្មីមួយ ហើយគម្រោងនេះ ធ្លាប់បានប្រកួតលើប្រធានបទចំនួន ២ រួចមកហើយ ដោយទី ១ ពាក់ព័ន្ធនឹងការប្រើគ្រឿងសង្ហារិមធ្វើពីឈើប្រណីត និង ទី ២ ឈប់ហូបសត្វព្រៃ។
យុវតីម្នាក់ ឈាង សុក្រកញ្ញា ដែលទើបប្រឡងបញ្ចប់ថ្នាក់ទី ១២ ក្នុងខេត្តស្វាយរៀង និយាយថា កញ្ញា និងសមាជិកក្រុមម្នាក់ទៀត បានរួមគ្នាផលិតជាវីដេអូអប់រំខ្លី ពីការមិនចោលសំរាមផ្តេសផ្តាស ខណៈយុវជនឈ្មោះជឿន ថៃ ដែលកំពុងសិក្សានៅសៀមរាប បានផ្ញើស្នាដៃវីឌីអ ក្រោមប្រធានបទបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដើម្បីដាក់ពាក្យចូលរួមក្នុងការប្រកួតប្រជែងក្នុងយុទ្ធនាការនេះ៕