ភ្នំពេញៈ ក្រសួងបរិស្ថានបានឱ្យដឹងថា ចំនួនសត្វក្រៀលមានការថយចុះ ដែលមកទល់ឆ្នាំ២០២២ មានសល់ត្រឹមតែជាង១៥០ក្បាលប៉ុណ្ណោះ ខណៈដែលចំនួនសត្វនេះបានថយចុះជាបន្តបន្ទាប់ពីឆ្នាំ២០២០មក ហើយក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាក្នុងការតាមដាននិងការពារទីជម្រកសត្វក្រៀលដែលកំពុងរងគ្រោះជិតផុតពូជនេះ។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ថា តាមការជំរឿនសត្វក្រៀល នៅឆ្នាំ២០២០ កម្ពុជាមានសត្វក្រៀលចំនួន១៩៤ក្បាល, នៅឆ្នាំ២០២១ ចំនួនសត្វក្រៀលបានធ្លាក់ចុះមកនៅតែ១៦៤ក្បាល ហើយរហូតមកដល់ឆ្នាំ២០២២នេះ តាមរបាយការណ៍បណ្តោះអាសន្ន ចំនួនសត្វក្រៀលបានបន្តធ្លាក់ចុះនៅសល់ត្រឹមជាង១៥០ក្បាលប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញ ចំនួនសត្វក្រៀលនៅលើពិភពលោកសព្វថ្ងៃនេះមានចន្លោះពី១៣ ០០០ ទៅ១៥ ០០០ក្បាល ដែលរស់នៅក្នុងប្រទេសឥណ្ឌា អូស្ត្រាលី វៀតណាម ឡាវ និងកម្ពុជា។
លោកបានបន្តថា ៖ «សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ហើយប្រសិនបើយើងបានទស្សនាប្រាសាទបាយ័ននៅខេត្តសៀមរាបយើងនឹងឃើញរូបចម្លាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម»។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា នៅក្នុងទ្វីបអាស៊ី សត្វក្រៀល គឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។នៅប្រទេសភូមាសត្វក្រៀលត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា។
លោក នេត្រ ភក្ត្រា បានឱ្យដឹងដែរថា រហូតមកទល់ពេលនេះសត្វក្រៀលចំនួន២៦ក្បាលបានមកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅហើយក្រសួងបរិស្ថានបាននិងកំពុងសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជាក្នុងការតាមដាន និងការពារទីជម្រកសត្វក្រៀលដែលកំពុងរងគ្រោះជិតផុតពូជនេះ។
លោកថា ៖ «ក្រសួងបរិស្ថានក៏បាននិងកំពុងធ្វើការជាមួយអង្គការដៃគូ ដើម្បីអភិរក្សសត្វក្រៀល និងទីជម្រករបស់ពួកវាដោយមានមន្ត្រីឧទ្យានុរក្សចុះល្បាតជាប្រចាំកន្លែងដែលសត្វក្រៀលរស់នៅ សិក្សាពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងតំបន់ដីសើមដែលបានកំណត់។ ចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅទាំងអស់គ្នា»។
យោងតាមក្រសួងបរិស្ថានសត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង៣សំខាន់គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅខេត្តតាកែវ។ ការបង្ហាញខ្លួនេះគឺដើម្បីរកចំណីបន្តការរស់នៅក្នុងតំបន់ដីសើមដែលសម្បូរចំណីនេះពីខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំ ខណៈនៅរដូវពងកូន សត្វនេះនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ៕