
សមត្ថកិច្ចបង្ហាញភ័ស្តុតាងគ្រឿងញៀនដែលបង្ក្រាបបាន ក្នុងខេត្តព្រះសីហនុ។ រូបថត អាវុធហត្ថខេត្តព្រះសីហនុ
ព្រះសីហនុៈ មានជនជាតិខ្មែរ និង ជនបរទេសជាង ១០ នាក់ កំពុងត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ សាកសួរពាក់ព័ន្ធរកឃើញគ្រឿងញៀនប្រភេទកេតាមីន ជិត ៩០០ គីឡូក្រាម ដែលបានរកឃើញនៅក្នុងឃ្លាំងជួល១កន្លែងក្នុងភូមិ ២ សង្កាត់លេខ ១ ក្រុង-ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០២២។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១៩ ធ្នូថា ករណីគ្រឿងញៀនដែលត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាប កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុដែលរហូតដល់ពេលនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ហើយ។ ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចកំពុងតែប្រមូលព័ត៌មាន និងភ័ស្តុតាង ដើម្បីតាមរុករកជនដែលមានការជាប់ពាក់ព័ន្ធបន្ថែមទៀត។
លោកថ្លែងថា៖ «កម្លាំងសមត្ថកិច្ចរបស់យើងកំពុងតែបន្តស្រាវជ្រាវរក ហើយយើងបានឃាត់ខ្លួនមនុស្សដែលមានការសង្ស័យបានជាង ១០នាក់ដែរ។ ប៉ុន្តែក៏យើងត្រូវសាកសួរឱ្យបានច្បាស់លាស់សិនដើម្បីផ្តល់យុត្តិធម៌ឱ្យគេ(អ្នកដែលមិនបានប្រព្រឹត្ត)រឿងនេះយើងធ្វើឱ្យបានស៊ីជម្រៅដល់ឫសគល់។ មនុស្សទាំងនោះមានទាំងជនជាតិខ្មែរមានទាំងបរទេស»។
លោកថ្លែងថា បទល្មើសនេះមិនមែនត្រឹមតែគ្រឿងញៀនជិត៩០០គីឡូក្រាមនោះទេ តែបន្ទាប់ពីកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវយ៉ាងប្រកៀកប្រកិត និងបានឃាត់ខ្លួនជនមួយចំនួនមកសមត្ថកិច្ចបានរកឃើញទីតាំងលាក់ទុកគ្រឿងញៀនពី ៦ ទៅ ៧ កន្លែងផ្សេងៗគ្នាទៀតនៅក្នុងក្រុងព្រះសីហនុ ដែលក្រុមឧក្រិដ្ឋជនរត់ទៅពួនសំងំលាក់ខ្លួននៅទីនោះ។ រីឯគ្រឿងញៀនក៏ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញបន្ថែមទៀតដែរ ប៉ុន្តែមិនទាន់អាចប្រាប់ពីចំនួនគ្រឿងញៀនបានទេ ព្រោះសមត្ថកិច្ចត្រូវធ្វើការបន្តទៀត។
លោក មាស វីរិទ្ធ ថ្លែងថា ក្រុមឧក្រិដ្ឋជនបានយកប្រទេសកម្ពុជា ជាកន្លែងចរាចរណ៍គ្រឿងញៀនហើយបន្តទៅគោលដៅប្រទេសទី ៣ គឺប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនកាលណាមានសេដ្ឋកិច្ចរីកចម្រើនបទល្មើសគ្រឿងញៀនវាជ្រកនៅក្រោយរូបភាពហ្នឹងឯង។មានសេដ្ឋកិច្ចរីកចម្រើនមានការប្រមូលផ្តុំដែលបណ្តាលឱ្យកើតមានការលួចឆក់ប្លន់ដែលបទល្មើសគ្រឿងញៀនក៏មាននៅក្នុងនោះដែរ។
លោបញ្ជាក់ថា ករណីគ្រឿងញៀនដែលកម្លាំងអាវុធហត្ថបានបង្ក្រាបនៅខេត្តព្រះសីហនុភាគច្រើនជាក្រុមតូចៗហើយសមត្ថកិច្ចកំពុងតែតាមរកក្រុមធំដែលបទល្មើសនេះពាក់ព័ន្ធទៅនឹងបទល្មើសសម្អាតប្រាក់ផង។ ហេតុដូច្នេះហើយត្រូវតែធ្វើឱ្យបានដិតដល់ និងឱ្យបានស៊ីជម្រៅ។ក្រុមជនឧក្រិដ្ឋបានប្រើប្រាស់ផ្លូវសមុទ្រកម្ពុជាសម្រាប់ធ្វើចរាចរណ៍ និងជា មធ្យោបាយដឹកជញ្ជូនគ្រឿងញៀនទៅកាន់សមុទ្រអន្តរជាតិ ព្រោះថា ផ្ទៃសមុទ្រអត់មានប៉ុស្តិ៍ត្រួតពិនិត្យ។
លោកសង្កត់ធ្ងន់ថា៖«យើងត្រូវតែយកចិត្តទុកដាក់ស៊ើបអង្កេតឱ្យដល់ឫសគល់ដែលយើងមិនត្រឹមតែសហការជាមួយផ្ទៃខាងក្នុងប្រទេសទេគឺសហការជាមួយផ្ទៃខាងក្រៅទៀត។យើងត្រូវស៊ើបថា វាចេញពីសមុទ្រកម្ពុជាទៅណាទៀត?វាមានគោលដៅច្រើនតែយើងច្បាមមិនទាន់ចប់»។
លោកលើកឡើងថា ពាក់ព័ន្ធបទល្មើសគ្រឿងញៀននេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្រខ័ណ្ឌជាមួយប្រទេសជិតខាងព្រោះបទល្មើសគ្រឿងញៀនឆ្លងដែនប្រព្រឹត្តដោយជនរបទេស។កិច្ចសហការនេះក៏ដើម្បីពិនិត្យមើលមុខសញ្ញា និងស្វែងរកមេខ្លោងដើម្បីឈានទៅបង្ក្រាប និងរឹបអូសទ្រព្យសម្បត្តិក្រុមឧក្រិដ្ឋជនទាំងនោះ។
លោក មាស វិរិទ្ធ ថ្លែងថា ក្នុងឆ្នាំ២០២២ នេះសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានប្រមាណជា៥តោនដែលចំនួននេះប្រហាក់ប្រហែលទៅនឹងឆ្នាំ២០២១ដែរ។
ជាការកត់សម្គាល់ក្រោយពីមានការបង្ក្រាបគ្រឿងញៀនជិត៩០០គីឡូក្រាមនៅខេត្តព្រះសីហនុកន្លងមកនេះត្រូវបានលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស លើកទី១៦ កាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថា៖ «ប្រសិនបើយើងគ្រាន់តែប្រមូលគ្រឿងញៀនបានជិត ៩០០ គីឡូក្រាមនេះមក តែយើងមិនចាប់ ឧក្រិដ្ឋជនជាមេខ្លោង ឬ អ្នកជួញដូរគ្រឿងញៀននោះ មកដាក់ទោស ហាក់ដូចជា បេសកកម្មរបស់យើងមិនទាន់ចប់ទេ ហើយក៏មិនទាន់ជោគជ័យដែរ»។
លោកថ្លែងថា៖«សមត្ថកិច្ចពាក់ព័ន្ធត្រូវតែធ្វើកិច្ចការស្រាវជ្រាវរកប្រភពឱ្យច្បាស់ទាក់ទងនឹងករណីគ្រឿងញៀនដែលបង្ក្រាបបាន ដោយត្រូវវែករកមុខឧក្រិដ្ឋជនឱ្យឃើញ»៕
វីដេអូ៖