ភ្នំពេញៈ ក្រសួងទេសចរណ៍បានបើកកិច្ចពិភាក្សាពិគ្រោះយោបល់តាមរយៈសិក្ខាសាលាមួយក្រោមប្រធានបទ«ការលើកកម្ពស់គុណភាពការផ្តល់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន»ដែលដឹក
នាំដោយតំណាងក្រសួងទេសចរណ៍កម្ពុជា និងកុងស៊ុលចិនប្រចាំខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២។
សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ប្រតិបត្តិករទេសចរណ៍ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិតប្រមាណ២០០នាក់។
ក្រសួងទេសចរណ៍បញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា សិក្ខាសាលានេះធ្វើឡើង ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។
ប្រភពដដែលបន្តថា«សិក្ខាសាលារៀបចំឡើងស្របពេលវេលានឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍នៅក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាពិសេសភ្ញៀវទេសចរចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា»។
ក្រសួងទេសចរណ៍បន្ថែមថា ក្រោមនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជាបានឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញ ហើយការបើកដំណើរការនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍នៅតាមគោលដៅទេសចរណ៍។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា«តាមរយៈសិក្ខាសាលានេះនឹងមិនត្រឹមតែចូលរួមដល់ការបណ្តុះបណ្តាល ទេពកោសល្យជំនាញដល់ប្រតិបត្តិករទេសចរណ៍និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានសមត្ថភាពនៅក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់នៃការចូលរួម និងភាពជាដៃគូជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍»។
ទោះជាយ៉ាងណា គោលនយោយបាយកូវីដសូន្យរបស់ចិនបានប៉ះពាល់មួយផ្នែកធំដល់កំណើនទេសចរណ៍នៅប្រទេសក្នុងតំបន់រួមទាំងកម្ពុជាផង។
កាលពីខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រសិនបើប្រទេសចិនដកវិធានការបម្រាមកូវីដ១៩ឡើងវិញ ភ្ញៀវចិនកាន់តែច្រើននឹងមកកម្សាន្តនៅកម្ពុជា ក្រោមហេតុផលទំនាក់ទំនងល្អ និងជើងហោះហើរត្រង់រវាងប្រទេសទាំង២។ជាមួយគ្នានោះលោកហ៊ុន សែន បានបញ្ជាឱ្យភាគីពាក់ព័ន្ធតាមដាន និងវាយតម្លៃជាប្រចាំដើម្បីរៀបចំផែនការទាក់ទាញភ្ញៀវទេសចរពីចិននៅពេលចិនផ្ដើមបន្ធូរបន្ថយបម្រាមកូវីដ១៩នាពេលអនាគត។
ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍លោក មាន វ៉ាន់ដេត បានថ្លែងថា៖«ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពអ្នកជំនាញដើម្បីមានសមត្ថភាពគ្រប់គ្រាន់និងវិជ្ជាជីវៈខ្ពស់ក្នុងការផ្តល់សេវាកម្មដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍»។
លោកបានបន្ថែមថា ក្រសួងទេសចរណ៍បានមើលឃើញច្បាស់ពីសារៈសំខាន់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញផ្នែកទេសចរណ៍។
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ ខែ ធ្នូ ឆ្នាំ២០២២ ក្រសួងបានបណ្ដុះបណ្ដាលសិក្ខាកាមតាមអនឡាញសរុបប្រមាណ៦៩ ៥៩៥នាក់។ ក្រសួងទេសចរណ៍បញ្ជាក់ថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១លាន៥សែននាក់នៅឆ្នាំ២០២២នេះ ដោយភ្ញៀវចិនក៏ជាភ្ញៀវដ៏មានសក្ដានុពលមួយដែរ ដែលពួកគេបានមកកម្សាន្តផង និងរកស៊ីផង៕