សៀមរាបៈ យ៉ាង​ហោច​ណាស់​​រូប​សំណាក​មេទ័ព​​​​​សំខាន់ៗ​​ និង​ល្បីៗ​​ចំនួន ​១២​ រូប ក្នុង​ចំណោម​​មេទ័ព​​​ជាង​ ៣០ ​រូប​​​ ដែល​ត្រូវ​បាន​ក្រុម​​​សិក្សា​ស្រាវជ្រាវ​​​​រក​ឃើញ​​​ក្នុងសម័យ​អង្គរ​​​​ ត្រូវ​បាន​​ធ្វើសំណាក​​ និង​ដាក់​តាំង​បង្ហាញ​​​​ក្នុង ​«សួន​ច្បារ​ព្រះរាជដំណាក់»​​ នៅ​ខេត្តសៀមរាប ដើម្បី​​ឱ្យសាធារណជន​បានស្គាល់​​​​ ​លើស​ពី​អ្នក​បុរាណ​វិទ្យា​​ដែល​​មាន​សមត្ថភាព​​សិក្សា​​លើ​សិលា​ចារឹកនានា​​។

​ យោង​​ការ​ផ្សាយ​​របស់​ទូរទស្សន៍​ជាតិ​ខេត្ត​សៀមរាប ​​លោក​ស្រី គ​ង់ បញ្ញា រដ្ឋលេខាធិការ​​​ក្រសួង​ព្រះ​បរម​រាជ​វាំងដែល​បាន​ផ្តួច​ផ្តើម​សម្រាប់​ការ​កសាង​នេះ ​​បាន​អះអាង​ថា ការ​ស្ថាបនា​​រូប​សំណាក​មេទ័ព​​នេះ​ឡើង បន្ទាប់​​ពី​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​​ផ្នែ​ក​វប្បធម៌​និង​វិចិត្រសិល្បៈ​​និង​ឆ្លង​កាត់​ការ​ធ្វើសិក្ខាសាលា​​​​​​​​កាល​ពី​ឆ្នាំ​២០២១ ដើម្បី​កំណត់​អត្តសញ្ញាណ​​លក្ខណៈមេទ័ព​​​ដែលត្រូវ​​សូនរូប​ពីស្ពាន់​សុទ្ធ​​​មាន​ទម្ងន់​​ចន្លោះ​ពី​​២០០​ទៅ​៣០០​គីឡូក្រាម​​​សម្រាប់រូបសំណាក​នីមួយ​ៗ​​។ រូប​នីមួយៗ​មាន​កម្ពស់​​​២,១​ម៉ែត្រ​ដូច​គ្នា ប៉ុន្តែ​ទម្ងន់​ខុសគ្នា ដោយសារ​​ រូបភាព កាយវិការ​ ​សម្លៀក​​បំពាក់ និង​ អាវុធ​​ដែល​មេទ័ព​នោះ​កាន់។​​​

លោក​ស្រី ​បានបន្ត​ថា ក្រោយ​ពី​ការសិក្សា​ស្រាវជ្រាវ​​បានបញ្ចប់​ទាំង​ផ្នែក​​សិលា​ចារឹកផង និង​​កា​រចុះ​ទៅ​មើល​រូបផ្សេងៗ​ដែល​មាន​នៅ​លើ​ប្រាសាទ​នានា​​ ដូច​ជាប្រាសាទ​បន្ទាយ​ឆ្មា ប្រាសាទ​បាពួន ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន​ ជាដើម​​ ដោយ​កំណត់បាន​ទិន្ន​ន័យ​​ចំនួន​មេទ័ព​ជាង​៣០​​ ដែល​បាន​កើត​និង​​បម្រើរាជ​ការ​ក្នុងសម័យ​អង្គរ។

​ លោក​ស្រី គង់ បញ្ញា បាន​អះអាង​ផងដែរថា មេ​ទ័ព​ទាំង​១២​ដែល​បាន​លើក​​យក​មក​តាំង​បង្ហាញ​ក្នុងសួនច្បារ​​​​ព្រះរាជដំណាក់​​នេះ​ គឺ​ផ្អែក​ទៅ​លើ​ប្រវត្តិដែល​ត្រូវ​បាន​សរសេរ​ទុក​ច្រើន ​ដោយ​មិ​ន​ត្រឹមតែ​មាន​ប្រវត្តិ​​​​នៅ​លើ​សិលា​ចារឹក​នោះទេ ប៉ុន្តែ​ត្រូវបានឆ្លាក់​ទាំង​រូប​​នៅ​លើ​​ផ្ទាំង​ប្រាសាទ​តែ​ម្តង​។​ ប្រវត្តិ​មេទ័ព​​ទាំង​នេះ​​ក៏​ផ្អែក​តាម​​​​ការសម្រេចបានស្នាដៃ​ធំៗ​បំផុត​​​សម្រាប់​ជាតិ​ផង​ដែរ​។​

​​​​​​​ លោកស្រី គង់ បញ្ញា ពន្យល់​ថា៖​«មូល​ហេតុអ្វី​បានជា​យើង​ដាក់តែ​១២ គឺ​ដោយសារ​តែ​មាន​ប្រវត្តិសាស្រ្ត​ធំ​ដុំ​ក្នុងសម័យមុន មាន​​នគរទាំង​១២ ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ដែលខ្មែ​រយើង​ប្រើ​​​លេខ​១២​នេះ​។ ដូច​នេះ​​ ចំនួន​​មេទ័ព​ទាំង​១២​ យើង​បានជ្រើស​​រើស​​​ក្រោយ​សិក្ខាសាលា​មួយ​​​ដែលបានរៀប​ចំ​ឡើង​​នៅឆ្នាំ​២០២១​»។​

​ លោកស្រី បន្ត​ថា៖​«យើង​បង្កើត​ក្រុម​​​ការងារ​មួយ​ដើម្បី​សិក្សា​ថាតើ​​មេទ័ព​ក្នុងសម័យអង្គរ​​មាន​ប៉ុន្មាន​នាក់​ដែលស្នាដៃ​ពិសេសៗ​ឬថា​មាន​​ស្នាដៃ​ធំៗ​សម្រាប់​ជាតិ?»។

​​ តាម​កា​រពន្យល់​​របស់​​មន្ត្រី​ព្រះបរមរាជវាំង​​ដែល​ផ្តួច​ផ្តើម​ឱ្យ​មាន​ការ​កសាង​នេះ ​​មេ​ទ័ព​ទាំង​​១២​រូប​នោះ​ មាន​២​រូប​​បានកើត​ក្នុង​សម័យ​​​​​កាល​ប្រាសាទ​បាពួន​​​ ​មេទ័ព​៧​រូប​កើត​ក្នុង​សម័យ​អង្គរ ​និង​មេទ័ព​​៣រូប​​​ត្រូវ​បានជ្រើសរើស​​​​ក្នុង​សម័យកាល​ប្រាសាទ​​​បាយ័ន​​។​

​​​​ តាម​ការ​ពន្យល់​នោះ ​ការ​រៀបចំ​តុបតែង​​​​រូប​មេទ័ព​​គឺ​ធ្វើ​ឡើង​​តាមសម័យ​កាល និង​ភ័ស្តុតាង​ដែល​បន្សល់​​ទុក​នៅ​លើ​​​ជញ្ជាំង​ប្រាសាទ​។ ដោយ​ឡែក​ ​ការ​តុប​តែង​​ភ្នួង​សក់​ អាវុធ​ដែល​បំពាក់​តាម​មេទ័ព​នីមួយៗ​ និង​​​សម្លៀក​បំពាក់​ ត្រូវ​បាន​​រៀប​ចំ​ឡើង​ដោយ​យោង​ទៅតាមសម័យ​កាល​ដែល​មេទ័ព​​ទាំង​នោះ​​​​រស់​នៅ​​​។ សម័យ​ប្រាសាទ​បាពួន ​​ភ្នួង​សក់​ត្រូវ​បួង​ឡើង​លើ ចំណែក​​​​សម័យ​​អង្គរ​​ភ្នួង​សក់​ត្រូ​វ​បួង​ទៅ​ក្រោយ​។

លោកស្រី គង់ បញ្ញា ថ្លែងថា៖​«វា​ជាស្នាដៃ​សម័យថ្មី​ តែ​យើង​ព្យាយាម​រក្សាឯកសារ​ប្រវត្តិសាស្រ្ត​​ជាឯកសារយោងជានិច្ច​ ដោយ​មិនបង្កើត​ថ្មី​​ចាកឆ្ងាយ​ពី​ប្រវត្តិសាស្រ្ត​របស់​យើង​នោះ​ទេ»។​

​​ មន្ត្រី​​ជាន់ខ្ពស់​​ព្រះបរមរាជវាំង​រូប​នោះបានឱ្យដឹងថា ​ព្រះរាជដំណាក់​និង​សួនច្បារ​ព្រះរាជ​ដំណាក់ ត្រូវ​បាន​​​ជួសជុល​ ពង្រីក ​កែលម្អ​របង ​និង​សួន​ផ្កា​​បន្ថែម​នេះ ដោយ​បង្វែ​រទិស​ចរាចរណ៍​ឆ្លង​កាត់​ទៅ​មក​របស់​ប្រជារាស្ត្រ ដើម្បី​រក្សា​សុវត្ថិភាព​ សម្រាប់​ព្រះរាជ​ដំណាក់ ព្រះវិហារ​ព្រះ​អង្គចេក​ព្រះអង្គ​ចម និង​សុវត្ថិភាព​ព្រះ​មហាក្សត្រ ដោយសារតែ​ព្រះរាជ​ដំណាក់​មាន​ទីតាំ​ង​នៅកៀក​ជិត​នឹង​ផ្លូវ​ជាតិ​ ម្យ៉ាង​ទៀត​ចំណុច​តំបន់​នេះ ជាទីតាំង​ប្រវត្តិ​សាស្ត្រ ដែល​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​ សីហនុ «ព្រះបរម​រតន​កោដ្ឋ» អតីត​ព្រះ​មហា​ក្សត្រ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ទាមទារ​បាន​ឯករាជ្យ​ជូន​ជាតិមាតុ​ភូមិ​ពី​អាណានិគម​បារាំង​នៅក្នុង​ព្រះ​រាជ​ដំណាក់​តូច​នេះ​ផងដែរ៕​​