សៀមរាបៈ យ៉ាងហោចណាស់រូបសំណាកមេទ័ពសំខាន់ៗ និងល្បីៗចំនួន ១២ រូប ក្នុងចំណោមមេទ័ពជាង ៣០ រូប ដែលត្រូវបានក្រុមសិក្សាស្រាវជ្រាវរកឃើញក្នុងសម័យអង្គរ ត្រូវបានធ្វើសំណាក និងដាក់តាំងបង្ហាញក្នុង «សួនច្បារព្រះរាជដំណាក់» នៅខេត្តសៀមរាប ដើម្បីឱ្យសាធារណជនបានស្គាល់ លើសពីអ្នកបុរាណវិទ្យាដែលមានសមត្ថភាពសិក្សាលើសិលាចារឹកនានា។
យោងការផ្សាយរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំងដែលបានផ្តួចផ្តើមសម្រាប់ការកសាងនេះ បានអះអាងថា ការស្ថាបនារូបសំណាកមេទ័ពនេះឡើង បន្ទាប់ពីការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញផ្នែកវប្បធម៌និងវិចិត្រសិល្បៈនិងឆ្លងកាត់ការធ្វើសិក្ខាសាលាកាលពីឆ្នាំ២០២១ ដើម្បីកំណត់អត្តសញ្ញាណលក្ខណៈមេទ័ពដែលត្រូវសូនរូបពីស្ពាន់សុទ្ធមានទម្ងន់ចន្លោះពី២០០ទៅ៣០០គីឡូក្រាមសម្រាប់រូបសំណាកនីមួយៗ។ រូបនីមួយៗមានកម្ពស់២,១ម៉ែត្រដូចគ្នា ប៉ុន្តែទម្ងន់ខុសគ្នា ដោយសារ រូបភាព កាយវិការ សម្លៀកបំពាក់ និង អាវុធដែលមេទ័ពនោះកាន់។
លោកស្រី បានបន្តថា ក្រោយពីការសិក្សាស្រាវជ្រាវបានបញ្ចប់ទាំងផ្នែកសិលាចារឹកផង និងការចុះទៅមើលរូបផ្សេងៗដែលមាននៅលើប្រាសាទនានា ដូចជាប្រាសាទបន្ទាយឆ្មា ប្រាសាទបាពួន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ជាដើម ដោយកំណត់បានទិន្នន័យចំនួនមេទ័ពជាង៣០ ដែលបានកើតនិងបម្រើរាជការក្នុងសម័យអង្គរ។
លោកស្រី គង់ បញ្ញា បានអះអាងផងដែរថា មេទ័ពទាំង១២ដែលបានលើកយកមកតាំងបង្ហាញក្នុងសួនច្បារព្រះរាជដំណាក់នេះ គឺផ្អែកទៅលើប្រវត្តិដែលត្រូវបានសរសេរទុកច្រើន ដោយមិនត្រឹមតែមានប្រវត្តិនៅលើសិលាចារឹកនោះទេ ប៉ុន្តែត្រូវបានឆ្លាក់ទាំងរូបនៅលើផ្ទាំងប្រាសាទតែម្តង។ ប្រវត្តិមេទ័ពទាំងនេះក៏ផ្អែកតាមការសម្រេចបានស្នាដៃធំៗបំផុតសម្រាប់ជាតិផងដែរ។
លោកស្រី គង់ បញ្ញា ពន្យល់ថា៖«មូលហេតុអ្វីបានជាយើងដាក់តែ១២ គឺដោយសារតែមានប្រវត្តិសាស្រ្តធំដុំក្នុងសម័យមុន មាននគរទាំង១២ ក៏ដូចជាប្រវត្តិសាស្ត្រផ្សេងៗដែលខ្មែរយើងប្រើលេខ១២នេះ។ ដូចនេះ ចំនួនមេទ័ពទាំង១២ យើងបានជ្រើសរើសក្រោយសិក្ខាសាលាមួយដែលបានរៀបចំឡើងនៅឆ្នាំ២០២១»។
លោកស្រី បន្តថា៖«យើងបង្កើតក្រុមការងារមួយដើម្បីសិក្សាថាតើមេទ័ពក្នុងសម័យអង្គរមានប៉ុន្មាននាក់ដែលស្នាដៃពិសេសៗឬថាមានស្នាដៃធំៗសម្រាប់ជាតិ?»។
តាមការពន្យល់របស់មន្ត្រីព្រះបរមរាជវាំងដែលផ្តួចផ្តើមឱ្យមានការកសាងនេះ មេទ័ពទាំង១២រូបនោះ មាន២រូបបានកើតក្នុងសម័យកាលប្រាសាទបាពួន មេទ័ព៧រូបកើតក្នុងសម័យអង្គរ និងមេទ័ព៣រូបត្រូវបានជ្រើសរើសក្នុងសម័យកាលប្រាសាទបាយ័ន។
តាមការពន្យល់នោះ ការរៀបចំតុបតែងរូបមេទ័ពគឺធ្វើឡើងតាមសម័យកាល និងភ័ស្តុតាងដែលបន្សល់ទុកនៅលើជញ្ជាំងប្រាសាទ។ ដោយឡែក ការតុបតែងភ្នួងសក់ អាវុធដែលបំពាក់តាមមេទ័ពនីមួយៗ និងសម្លៀកបំពាក់ ត្រូវបានរៀបចំឡើងដោយយោងទៅតាមសម័យកាលដែលមេទ័ពទាំងនោះរស់នៅ។ សម័យប្រាសាទបាពួន ភ្នួងសក់ត្រូវបួងឡើងលើ ចំណែកសម័យអង្គរភ្នួងសក់ត្រូវបួងទៅក្រោយ។
លោកស្រី គង់ បញ្ញា ថ្លែងថា៖«វាជាស្នាដៃសម័យថ្មី តែយើងព្យាយាមរក្សាឯកសារប្រវត្តិសាស្រ្តជាឯកសារយោងជានិច្ច ដោយមិនបង្កើតថ្មីចាកឆ្ងាយពីប្រវត្តិសាស្រ្តរបស់យើងនោះទេ»។
មន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំងរូបនោះបានឱ្យដឹងថា ព្រះរាជដំណាក់និងសួនច្បារព្រះរាជដំណាក់ ត្រូវបានជួសជុល ពង្រីក កែលម្អរបង និងសួនផ្កាបន្ថែមនេះ ដោយបង្វែរទិសចរាចរណ៍ឆ្លងកាត់ទៅមករបស់ប្រជារាស្ត្រ ដើម្បីរក្សាសុវត្ថិភាព សម្រាប់ព្រះរាជដំណាក់ ព្រះវិហារព្រះអង្គចេកព្រះអង្គចម និងសុវត្ថិភាពព្រះមហាក្សត្រ ដោយសារតែព្រះរាជដំណាក់មានទីតាំងនៅកៀកជិតនឹងផ្លូវជាតិ ម្យ៉ាងទៀតចំណុចតំបន់នេះ ជាទីតាំងប្រវត្តិសាស្ត្រ ដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យជូនជាតិមាតុភូមិពីអាណានិគមបារាំងនៅក្នុងព្រះរាជដំណាក់តូចនេះផងដែរ៕