ភ្នំពេញៈ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ចន្លោះពីខែធ្នូ ដល់ខែមករា នៃឆ្នាំនីមួយៗ ជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល្លែកហ្ស៊ី និងជំងឺផ្លូវដង្ហើម បណ្តាលមកពីវីរុស នឹងកើតមានជាញឹកញាប់ដែលខណៈនេះក្រសួងសុខាភិបាលនៅតែបន្តឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ ១៩ ដដែល។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ១៩ ខែធ្នូ ស្តីពីការការពារការចម្លងវីរុសកូវីដ ១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ បញ្ជាក់ថា ស្ថានភាពជំងឺកូវីដ ១៩ នៅលើសកលលោក មានការងើបឡើងវិញនូវការចម្លងវីរុសកូវីដ ១៩ នេះ ហើយកម្ពុជាក៏ជាប្រទេសមួយដែលស្ថិតក្នុងតំបន់ និងនៅលើសកលលោកដែរ។
ក្រសួងលើកឡើងថា៖ «នេះបញ្ជាក់ថា វីរុសកូវីដ ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ជាពិសេសពពួកអូមីក្រុង នៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្តបន្ទាប់ បណ្តាលឱ្យលទ្ធភាពនៃការចម្លង គឺកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់កន្លែងទាំងអស់។ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា កុំឱ្យមានការស្ទុះងើបឡើងវិញនិងការឆ្លងរាលដាលនៃវីរុសកូវីដ ១៩ ចូលទៅក្នុងសហគមន៍របស់យើង»។
ទន្ទឹមនឹងនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែរថា កម្ពុជាបានឈានចូលជាបណ្តើរៗ ដល់ពេលវេលាដែលអាកាសធាតុត្រជាក់នៃរដូវរងាបាននិងកំពុងមកដល់។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និងចៀសផុតពីជំងឺតម្កាត់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ដែលបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ។
លោក ម៉ម ប៊ុនហេង បន្តថា ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករា នៃឆ្នាំនីមួយៗ គឺភាគច្រើនមាន ដូចជា ជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល្លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កឱ្យមានរោគសញ្ញា ដូចជា គ្រុនផ្ដាសាយ ហូរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះពោះវៀន ដោយពពួកវីរុសជាដើម។
ដើម្បីការពារសុខភាពក្នុងពេលអាកាសធាតុត្រជាក់នេះ ពលរដ្ឋត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃរងា ដើម្បីការពារកុំឱ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហ ធ្វើយ៉ាងណាឱ្យមានការរក្សាកម្តៅក្នុងខ្លួនជាធម្មតា។
លោកថ្លែងថា៖ «ចូរស្វែងរកការព្យាបាលវេជ្ជសាស្ត្រនៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬសង្ស័យថា ជាជំងឺកូវីដ ១៩ ឬមានបញ្ហាសុខភាពផ្សេងទៀត ហើយត្រូវចាំថា សូមធ្វើដំណើរ តែនៅពេលដែលលោកអ្នកមានសុខភាពល្អ»។
ទារក កុមារ និងមនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺ បណ្តាលមកពីអាកាសធាតុត្រជាក់ ដោយសារទារកបាត់បង់កម្តៅរាងកាយរហ័សជាងមនុស្សធំ។ ឯមនុស្សចាស់ សរីរាង្គពិបាកទប់ទល់នឹងអាកាសធាតុត្រជាក់ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកម៉ម ប៊ុនហេង។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវ និងបន្តលើកទឹកចិត្តដល់បុគ្គលម្នាក់ៗ ឱ្យអនុវត្តធ្វើតេស្តរហ័សដោយខ្លួនឯង ក្នុងករណីមានរោគសញ្ញាណាមួយដែលសង្ស័យ ដើម្បីចៀសវាងការចម្លងទៅកាន់បុគ្គលដទៃទៀត ដែលអាចបង្កឱ្យមានការចម្លងទ្រង់ទ្រាយធំ នៅក្នុងសហគមន៍។
ក្រសួងបញ្ជាក់ថា៖ «ប្រសិនបើមានលទ្ធផលវិជ្ជមាន ត្រូវនៅដាច់ពីក្រុមគ្រួសារ ថែទាំ និងព្យាបាលដោយខ្លួនឯងនៅផ្ទះ ក្នុងករណីស្រាល។ តែបើមានរោគសញ្ញាវិវឌ្ឍទៅធ្ងន់ធ្ងរ ត្រូវទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់។ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព ឬការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះរបស់លោកអ្នក»។
ទាក់ទងនឹងអាកាសធាតុត្រជាក់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរ និងកូនៗទាំងអស់ត្រូវយកចិត្តទុកដាក់លើសុខភាព និងការកើតមាននូវជំងឺផ្សេងៗ របស់ឪពុកម្តាយ អាណាព្យាបាល ជីដូនជីតា និងមនុស្សចាស់ ក្នុងពេលដែលអាកាសធាតុត្រជាក់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១៣ ខែធ្នូ ក៏បានជូនដំណឹងដែរថា ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ សីតុណ្ហភាព នឹងចុះត្រជាក់ដល់ ១៦ អង្សាសេ នៅខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិភាគឦសាន ដោយកម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន ក្នុងកម្រិតពីបង្គួរទៅខ្លាំង។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាល រួមមាន ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាព នឹងអាចចុះត្រជាក់ ក្នុងរង្វង់ ពី ១៦-១៩ អង្សាសេ។ រីឯនៅបណ្តាខេត្តមួយចំនួននៅតំបន់ខ្ពង់រាប មាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលសីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ ពី ១៦-១៨ អង្សាសេ។ ចំណែកនៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និងវីរកងទ័ព ដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ព្រមទាំងប្រជានេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះផងដែរ៕