ភ្នំពេញៈ អាស៊ាន-ចិន នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការនានា ដើម្បីលើកស្ទួយ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក ខណៈតំបន់កំពុងបន្តប្រឈម នឹងបញ្ហាការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីដែលលោកទទួលពានរង្វាន់សមិទ្ធផល ពេញមួយជីវិតរបស់មេដឹកនាំពិភពលោក នាថ្ងៃទី ១៩ ធ្នូ។
នៅឯពិធីទទួលពានរង្វាន់ ដែល ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) នាវិមានសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះការបន្តគាំទ្ររបស់ចិនក្នុងការរក្សាមជ្ឈភាព និងឯកភាពអាស៊ានក្នុងនិម្មាបនកម្មតំបន់ដែល កំពុងវិវឌ្ឍ និងការលើកកម្ពស់ការសំយោគពង្រឹងគ្នាទៅវិញទៅមក ក្នុងចំណោមយន្តការដែលដឹកនាំដោយអាស៊ាន។
លោក ហ៊ុន សែន បានជំរុញដល់អាស៊ាន និងចិន បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្មសង្គមសេដ្ឋកិច្ច ការលុបបំបាត់របាំងពាណិជ្ជកម្ម ការពង្រឹងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់។
លោក ហ៊ុន សែន ថ្លែងថា៖ «អាស៊ាន-ចិន នឹងបន្តពូនជ្រំលើសមិទ្ធផល ដែលសម្រេចបាន ក៏ដូចជា លើកកម្ពស់កិច្ចសហប្រតិបត្តិការនានា សំដៅលើកស្ទួយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកទាំងមូល»។
លោកនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា អ្នកបន្តវេនជំនាន់ក្រោយ នឹងបន្តរួបរួមគ្នា ដើម្បី ថែរក្សាសន្តិភាព និងលើកស្ទួយការអភិវឌ្ឍជាតិ និងតំបន់ ដោយកសាងលើសមិទ្ធផល ដែលសម្រេចបានក្នុងពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «យើងកំពុងបន្តប្រឈមនឹងបញ្ហា និងហានិភ័យកាន់តែច្រើន ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ ដូចជា ការបន្តរាតត្បាតនៃជំងឺកូវីដ ១៩។ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។ ការគាំពារនិយមភាពមិនប្រាកដប្រជានៃទស្សនវិស័យសេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ ការបន្តបន្ទុចបង្អាក់ចរន្តនៃខ្សែចង្វាក់តម្លៃ និងផលិតកម្មសកល»។
ដោយសារបញ្ហាប្រឈមទាំងនេះ លោកអំពាវនាវដល់អាស៊ាន-ចិន ធ្វើការរួមគ្នាដើម្បីជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ តម្លាភាព ប្រកបដោយបរិយាប័ន្នបំពេញបន្ថែម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «យើងត្រូវបន្ត និងបង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀតដើម្បីចាប់យកសក្តានុពល នៃកិច្ចអភិវឌ្ឍន៍របស់តំបន់ទាំង ២ ឱ្យបានជាអតិបរមា»។
លោក ហ៊ុន សែន លើកឡើងថា ការអភិវឌ្ឍរបស់ចិន គឺជា «សមិទ្ធផលដ៏អស្ចារ្យ» ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើនសម្រាប់អាស៊ាន និងកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ចសង្គម និងភូមិសាស្ត្រនយោបាយ។
លោកថា កម្ពុជាតែងតែទទួលបានការជួយគាំទ្រ និងជ្រោមជ្រែង ជាបន្តបន្ទាប់ពីចិន ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។ជាពិសេស ក្នុងពេលវេលាដ៏លំបាកបណ្តាលមកពីវិបត្តិជំងឺកូវីដ ១៩ ដែលបានចូលរួមបង្កលក្ខណៈឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលបានល្អប្រសើរ និងជាពិសេសចូលរួមដល់ការកាត់បន្ថយផលប៉ះទង្គិចសង្គមសេដ្ឋកិច្ច ផងដែរ។
លោកនាយករដ្ឋមន្ត្រីបន្តថា ការរក្សាបាននូវកិត្យានុភាពអាស៊ានក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា ជាពិសេសចិន ដែលត្រូវបានទទួលស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចទី ២ លើសកលលោកបាននោះទេ។ កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។
លោកថ្លែងថា៖ «ចំណែកឯក្នុងក្របខ័ណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ [កម្ពុជា-ចិន] មានការរីកចម្រើនទាំងផ្នែកនយោបាយសេដ្ឋកិច្ច និងសង្គម។ ទំនាក់ទំនងរវាងកម្ពុជា និងចិន មានការរីកចម្រើនគួរជាទីមោទនៈ រហូតត្រូវបានទទួលស្គាល់ថា ជាមិត្តភាពដែកថែប»។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងថា ទំនាក់ទំនងអាស៊ាន-ចិនមានភាពល្អប្រសើរក្នុងរយៈពេល ៣១ ឆ្នាំមកនេះ ដែលបានធ្វើឱ្យតំបន់អាស៊ានទាំងមូលមានភាពរីកចម្រើនលើវិស័យសេដ្ឋកិច្ចសង្គម តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេវាសុខភាពសាធារណៈជាដើម។
លោកបានបន្តថា អាស៊ាន និងចិន បានប្រកាសអំពីការដំឡើងទំនាក់ទំនងទ្វេភាគី ទៅជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំ ២០២១ ដែលសំដៅទៅលើការថែរក្សាភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យក្នុងការជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់យន្តការ និងគោលការណ៍អង្គការសហប្រជាជាតិ (UN) និងកិច្ចការពារថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
លោក ថុង ម៉េងដាវិត ថ្លែងថា៖ «ចិនជាដៃគូអភិវឌ្ឍន៍ដែលផ្តោតសំខាន់លើការធ្វើសមាហរណកម្មសេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យាក្នុងតំបន់ សំដៅលើការកសាងសហគមន៍វាសនាតែមួយ»៕