ព្រះសីហនុៈ ក្រុមហ៊ុនផលិតទឹកស្អាតក្នុងខេត្តព្រះសីហនុបានអះអាងថា ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តជាប់មាត់សមុទ្រនេះនឹងលែងមានបញ្ហាខ្វះខាតដូចកាលពីមុនទៀតហើយ ទោះជានៅក្នុងរដូវក្ដៅក៏ដោយ។
លោក ណាំ គៀតេង នាយកគ្រប់គ្រងក្រុមហ៊ុនទឹកស្អាតអានកូ ខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តម្រូវការទឹកស្អាតនៅក្នុងខេត្តនេះនាពេលបច្ចុប្បន្ន គឺមានត្រឹមតែ៨ម៉ឺនម៉ែត្រគុបប៉ុណ្ណោះក្នុង១ថ្ងៃ ប៉ុន្តែស្ថានីយប្រព្រឹត្តិកម្មទឹកស្អាតរបស់ក្រុមហ៊ុនលោក មានសមត្ថភាពផលិតទឹកស្អាតបានដល់១៦ម៉ឺនម៉ែត្រគុបក្នុង១ថ្ងៃ។ ការផលិតក្នុងបរិមាណ៥០ភាគរយ ច្រើនជាងតម្រូវការជាក់ស្ដែងនេះ បានជួយឱ្យក្រុមហ៊ុនទទួលបានទំនុកចិត្តយ៉ាងរឹងមាំពីប្រជាពលរដ្ឋនិងវិស័យឯកជនមួយចំនួនទៀតដែលជាអ្នកប្រើប្រាស់ទឹកនៅក្នុងខេត្តនេះ។
លោក គៀតេង បានបញ្ជាក់ថា៖«បើតាមបរិមាណទឹក ដែលក្រុមហ៊ុនយើងផលិតបានក្នុងពេលបច្ចុប្បន្ន គឺយើងលែងព្រួយកង្វល់ពីការខ្វះខាតទឹកស្អាតសម្រាប់ការផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ទៀតហើយ ទោះជានៅក្នុងរដូវក្ដៅ ដែលអាចនឹងមានតម្រូវការទឹកកើនឡើងច្រើនជាងនេះក៏ដោយ»។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ផ្លូវ CT ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានត្អូញត្អែរថា ប្រព័ន្ធខ្សែបណ្ដាញទុយោទឹកស្អាតសម្រាប់ផ្គត់ផ្គង់នៅក្នុងតំបន់ខាងលើនេះ មានទំហំតូច ដែលធ្វើឱ្យកម្លាំងទឹកនៅពេលថ្ងៃចេញមិនសូវល្អគឺតិចៗមិនឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់ឡើយ។
តំណាងប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើ លោក ស៊ុយ ចាន់ធា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកភូមិបានស្នើសុំឱ្យក្រុមហ៊ុនធ្វើការផ្លាស់ប្ដូរប្រព័ន្ធបណ្ដាញទុយោមេចាស់ដែលមានទំហំតូចនោះចេញ ហើយភ្ជាប់បណ្ដាយទុយោមេថ្មីដែលមានទំហំធំ ជូនដល់ពួកគាត់ ដើម្បីទទួលបានកម្លាំងទឹកខ្លាំង អាចប្រើប្រាស់បានល្អដូចតំបន់ផ្សេងទៀត។ ប៉ុន្តែមកទល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់ផ្លាស់ប្ដូរនិងភ្ជាប់បណ្ដាញទុយោមេថ្មី ហើយមានទំហំធំ តាមការស្នើសុំរបស់ពួកគាត់នោះទេ។
លោក ចាន់ធា បានថ្លែងថា៖ «ដោយសារបណ្ដាញទុយោមេនៅតំបន់របស់ខ្ញុំចាស់ និងមានទំហំតូច ដូច្នេះ ការប្រើប្រាស់ទឹកនៅតែមានបញ្ហារអាក់រអួល ជាពិសេសនៅពេលថ្ងៃកម្លាំងទឹកខ្សោយ គឺទឹកចេញតិចៗ ប្រើមិនគ្រប់គ្រាន់តាមតម្រូវការទេ។ ប៉ុន្តែពេលយប់មិនមានបញ្ហាទេ គឺទឹកចេញខ្លាំងអាចប្រើប្រាស់បាន»។
ទន្ទឹមនឹងនេះ លោក បានអំពាវនាវ សុំឱ្យក្រុមហ៊ុនបញ្ជូនក្រុមបច្ចេកទេសមកសិក្សាអំពីបណ្ដាញទុយោទឹកមេនៅក្នុងតំបន់របស់ពួកគាត់ ហើយធ្វើការផ្លាស់ប្ដូរថ្មីឱ្យបានមុនរដូវក្ដៅខាងមុខនេះផង ដោយពួកគាត់បារម្ភថា តម្រូវការទឹកអាចនឹងកើនឡើង ហើយកម្លាំងទឹកដែលបញ្ជូនតាមប្រព័ន្ធបណ្ដាញទុយោមេចាស់ នឹងកាន់តែខ្សោយថែមទៀត។
ជុំវិញករណីនេះ លោក គៀ តេង បានទទួលស្គាល់ថា ក្រុមហ៊ុនរបស់លោក នៅមិនទាន់មានការរៀបចំផ្លាស់ប្ដូរប្រព័ន្ធបណ្ដាញទុយោទឹកមេ នៅក្នុងតំបន់ខាងលើនោះមែន ដោយសារការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់នោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងព្រះសីហនុ ។
លោកថ្លែងថា៖«បច្ចុប្បន្ន នៅតំបន់ផ្លូវ CT ក្នុងសង្កាត់លេខ៣ និងផ្នែកខ្លះទៀតនៃសង្កាត់លេខ២ ក្រុងព្រះសីហនុ មិនទាន់មានការផ្លាស់ប្ដូរប្រព័ន្ធបណ្ដាញទុយោទឹកមេចាស់ៗនោះទេ»។
បើតាមលោក គៀតេង ការងារផ្លាស់ប្ដូរប្រព័ន្ធបណ្ដាញទុយោទឹកមេចាស់ៗនេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាករទឹកស្វយ័តក្រុងព្រះសីហនុ៕