ភ្នំពេញៈ មន្ត្រីជំនាញរបស់ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្ត និងជំរុញឱ្យកសិដ្ឋាន i7 រ៉េនច៍ខេមបូឌា (i7 Ranch Cambodia) បង្កើនកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីពង្រីកវិស័យចិញ្ចឹមគោនៅកម្ពុជា ពីលក្ខណៈគ្រួសារទៅជាលក្ខណៈអាជីវកម្ម ដោយប្រើប្រាស់ពូជគោនាំចូលពីបរទេសជាមួយនឹងពូជក្នុងស្រុក។
លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការភ្ញាក់ផ្អើល និងអបអរសាទរចំពោះលោក ស្រី ចន្ធូ អគ្គនាយកកសិដ្ឋានi7 ដែលបានលះបង់ទាំងធនធាន និងកម្លាំងកាយ ចិត្ត ក្នុងការកែប្រែតំបន់ដាច់ស្រយាល នៅក្នុងតំបន់ 7NG ឱ្យក្លាយទៅជាកសិដ្ឋានដ៏ធំ ដែលមានការបង្កាត់ពូជគោនាំចូលពីបរទេសជាច្រើនប្រភេទ និងមានដៃគូសហការជាច្រើន នៅក្រៅប្រទេស ដោយសកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា។
លោកស្រី ហោ ម៉ាលីន បានថ្លែងថា៖«នាងខ្ញុំ ជាតំណាងឱ្យឯកឧត្តម ទិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម គឺខ្ញុំពិតជាមានមោទនភាពណាស់ ដែលមិននឹកស្មានថា កម្ពុជា មានកសិដ្ឋានចិញ្ចឹមគោពូជដ៏ធំមួយ នៅក្នុងតំបន់ 7NG ដែលពីមុនជាតំបន់ទីដាច់ស្រយាល តែពេលនេះបានក្លាយជាកសិដ្ឋានដែលមានពូជគោល្អៗ។ យើងសង្ឃឹមថា ពូជគោទាំងអស់នេះ អាចជាទុនមួយ សម្រាប់ឱ្យប្រជាកសិករយើងនៅជនបទ លោកបានពូជដ៏ល្អ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅកម្ពុជា»។
ការលើកឡើងរបស់លោកស្រី ហោ ម៉ាលីន ត្រូវបានធ្វើឡើង នៅពេលលោកស្រី បានដឹកនាំក្រុមជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម ទៅចូលរួម ក្នុងពិធីពិព័រណ៍ និងដេញថ្លៃគោនៅកសិដ្ឋានចិញ្ចឹមគោ i7កាលពីថ្ងៃទី១៧ ដល់ទី១៨ ខែធ្នូនេះ។
នៅក្នុងពិធីពិព័រណ៍ និងដេញថ្លៃគោដែលមានការចូលរួមជាច្រើន ពីប្រជាកសិករ និងម្ចាស់គោ មកពីបណ្តាខេត្តមួយចំនួនផងនោះ គឺកសិដ្ឋាន i7 បានបង្ហាញទាំងប្រភេទគោចិញ្ចឹមយកសាច់យកទឹកដោះ និងគោសម្រាប់ផលិតពូជ ដូចជាពូជប្រាម៉ាន់ (Brahman) ខេមបូភីនតាឌូ (Cambo-Pintado)ណៃឡភីនតាដូ (Nellore Pintado)វ៉ាឃ្យូ (Wagyu) អេងហ្គ័ស (Angus)ប្រេងហ្គ័ស (Brangus) ប៊ីសម៉ាស្ទ័រ (Beef Master)ហូលស្ទីន (Holstein)និងឥណ្ឌូប្រេស៊ីល (Indo-Brazil) ដែលសុទ្ធតែជាគោពូជ នាំយកពីបរទេសមានតម្លៃថ្លៃ។
ជាមួយគ្នានោះ កសិដ្ឋាន i7 ក៏មានការបង្ហាញគោពូជក្នុងស្រុក (Local Cattle) មកពីកសិដ្ឋានជាច្រើនក្នុងប្រទេសកម្ពុជា ព្រមទាំងរៀបចំឱ្យមានការប្រកួតគោញី និងគោឈ្មោល តាមពូជ តាមក្រុម តាមអាយុ និងសម្បុរផងដែរ ដោយមានលោក PJ Budlerជាអគ្គនាយក ដំណោះស្រាយបសុសត្វសកល និងជាអាជ្ញាកណ្តាលកាត់សេចក្តីប្រកួតគោអន្តរជាតិ មកពីសហរដ្ឋអាមេរិក ជាអ្នកវាយតម្លៃ និងកាត់សេចក្តីផងដែរ។
លោកស្រី ហោ ម៉ាលីន បានបន្ថែមថា៖«តាមរយៈការពិព័រណ៍ និងដេញថ្លៃគោនេះ ខ្ញុំសង្កេតឃើញថា មានពូជគោល្អៗ ហើយមានទាំងអ្នកជំនាញការមកពីអាមេរិក ធ្វើការបទបង្ហាញពីនីតិវិធីក្នុងការចិញ្ចឹម និងជ្រើសរើសពូជ ដែលនេះការងារមួយដ៏ល្អប្រសើរ ព្រោះគោលបំណងរបស់លោកអគ្គនាយក I7 គឺចង់ឱ្យប្រជាពលរដ្ឋនៅកម្ពុជា ជាពិសេស ប្រជាពលរដ្ឋនៅមូលដ្ឋាន អាចមានលទ្ធភាពពង្រីកមុខរបរក្នុងវិស័យចិញ្ចឹមសត្វហ្នឹង ដោយប្រែក្លាយពីការចិញ្ចឹមគោជាលក្ខណៈគ្រួសារទៅជាចិញ្ចឹមគោលក្ខណៈអាជីវកម្ម ហើយប្រើប្រាស់ពូជបង្កាត់មួយថ្មី ដែលមានពូជនាំចូលពីបរទេសជាមួយនឹងពូជក្នុងស្រុក»។
«កម្ពុជាយើង ពិតជាមានភ័ព្វវាសនា បើសិនជាកិច្ចសហការរវាងក្រសួងកសិកម្ម ជាមួយនឹងវិស័យឯកជន ទទួលបានជោគជ័យ នាថ្ងៃអនាគត។ ដូច្នេះខ្ញុំសូមសំណូមពរឱ្យកសិដ្ឋាន i7 ប្រឹងប្រែងសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីបំពេញនូវបែបបទមួយចំនួន ដើម្បីឱ្យកិច្ចដំណើរការ ក្នុងការអនុវត្តការងារនេះ អាចឈានទៅពង្រីកទាំងក្នុងប្រទេស និងក្រៅប្រទេស។ បានន័យថា នៅពេលកសិដ្ឋាន i7 កាន់តែរីកធំធាត់ទៅនោះ យើងនឹងអាចមានលទ្ធភាព ក្នុងការនាំចេញ ដោយលុបបំបាត់នៅហានិភ័យផ្សេងៗ»។ លោកស្រី ម៉ាលីន បានបញ្ជាក់។
ជាមួយគ្នានេះ លោក ស្រី ចន្ធូ អគ្គនាយកកសិដ្ឋាន i7 បានសម្តែងការរីករាយ ក្នុងការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីធ្វើឱ្យផលិកម្មចិញ្ចឹមគោ នៅកម្ពុជា កាន់តែមានភាពស្តង់ដា ហើយទន្ទឹមនេះនេះ លោកមានគម្រោងបង្កាត់ពូជគោ ដោយប្រើមេជីវិតគោពូជក្នុងកសិដ្ឋាន i7 ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ គឺមានន័យនេះនៅពេលគម្រោងនេះចេញជារូបរាង អ្នកចិញ្ចឹមគោទាំងអស់នៅកម្ពុជាអាចយកមេគោរបស់ខ្លួនមកបង្កាត់ពូជតាមរយៈការចាក់បញ្ចូលមេជីវិតនៅកសិដ្ឋាន i7 ដោយសេរី និងឥតគិតថ្លៃ។
សម្រាប់គម្រោងបង្កាត់ពូជគោ ដោយប្រើមេជីវិតគោពូជក្នុងកសិដ្ឋាន i7 ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃនេះ លោក ស្រី ចន្ធូ បានបង្ហាញឱ្យដឹងថា អាចនឹងចាប់ផ្តើមអនុវត្តនៅអំឡុងឆ្នាំ២០២៣ ដោយឆ្នាំដំបូង ផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលពីបច្ចេកទេសនៃការបង្កាត់ពូជគោតាមរយៈការចាក់បញ្ចូលមេជីវិតតាមបែបសិប្បនិម្មិត។
លោក ស្រី ចន្ធូ បានថ្លែងថា៖ «ការនាំយកគោថ្លៃៗមកពីក្រៅប្រទេសនេះ គឺដើម្បីធ្វើជាមេពូជ ហើយបើសិនជាកសិកររបស់យើង ចង់បង្កាត់ពូជ យើងនឹងបង្កាត់ជូនគាត់ ដោយមិនគិតថ្លៃ ហើយជាមួយគ្នានេះ យើងត្រូវផលិតធនធានមនុស្សបន្ថែមទៀត។ នៅពេលធនធានមនុស្សរបស់យើង អាចមានសមត្ថភាពគ្រប់គ្រងទៅលើ២៤ខេត្ត-ក្រុងបាន គឺយើងនឹងដើរទៅដល់២៤ខេត្ត-ក្រុង ក្នុងការបង្ហាត់ពូជគោឱ្យគាត់ ហើយយើងក៏នឹងទិញគោរបស់ពួកគាត់ចូលវិញផងដែរ»។
សម្រាប់ការផលិតពូជគោ គឺកសិដ្ឋាន i7 ផ្តោតលើការផលិតពូជសិប្បនិម្មិតជាមួយ AI និង IBS។ លោក ចន្ធួ បានពន្យល់ថា សម្រាប់ AI គឺគោបាមួយ អាចផលិតទឹកស្ពែម (មេជីវិត) បាន២៥០បំពង់ ហើយ២៥០បំពង់នេះ យើងយកទៅដាក់លើគោមេ វាបាន២៥០ក្បាល ក្នុង១ដប វាផ្ទុយពីការបង្កាត់កូនតាមបែបធម្មជាតិ ដែលមេជីវិតរបស់គោបាអាចផលិតកូនបានតែមួយប៉ុណ្ណោះ។
ចំណែកការបង្ហាត់ពូជគោ តាមបែបIBS លោកនិយាយថា៖ «យើងយកមេជីវិតញី មកបង្កាត់ជាមួយមេជីវិតឈ្មោល ដើម្បីបង្កើតបានជាមេជីវិត យកមកចិញ្ចឹមក្នុងកែវ រួចយកវាទៅផ្ញើពោះគោផ្សេង ដោយគោញី១ក្បាលហ្នឹង យើងអាចផលិតបានគោពី១០០ទៅ១២០ក្បាល អ៊ីចឹងនេះជាកត្តាសំខាន់បំផុត ដែលយើងដាច់ខាត ត្រូវតែធ្វើ ដើម្បីបង្កើនចង្វាក់ផលិតកម្មរបស់យើងឱ្យឡើងខ្ពស់»។
យ៉ាងណាក៏ដោយ សម្រាប់ជំហានដំបូង នៃការបង្ហាត់ពូជគោ ដោយមិនគិតថ្លៃ ដល់ប្រជាកសិករក្នុងប្រទេសនេះ លោក ស្រី ចន្ធូ ថា ត្រូវចំណាយពេលច្រើនថែមទៀត ដោយយើងត្រូវបង្កើតជាសហគន៍ឱ្យបានច្បាស់លាស់សិន ព្រោះពេលនេះ កសិដ្ឋាន i7 មិនទាន់អាចផ្តល់ជូននៅទឹកស្ពែម ឱ្យពួកគាត់ យកទៅបង្កាត់ពូជគោ ដោយខ្លួនឯង បាននោះទេ ខណៈបច្ចុប្បន្នកសិដ្ឋាន i7 មានគោពូជល្អៗនាំចូលពីបរទេសចំនួន៥០០ក្បាល ដោយគោទាំងនេះមានតម្លៃចន្លោះពី២ ៥០០ដុល្លាររហូតដល់២៥ម៉ឺនដុល្លារអាមេរិកក្នុង១ក្បាល។
លោកបានបញ្ជាក់ថា៖ «យើងត្រូវចងក្រងជាសហគមន៍សិន ព្រោះយើងត្រូវគិតគូរពីប្រសិទ្ធភាពនៃការប្រើប្រាស់របស់ពួកគាត់ អ៊ីចឹងយើងបើកចំហឱ្យគាត់យកគោរបស់គាត់ មកបង្កាត់នៅក្នុងកសិដ្ឋានរបស់យើងផ្ទាល់តែម្តង គឺរាប់សែនក្បាលក៏បានដែរ ព្រោះយើងមានក្រុមការងារអាចជឿទុកចិត្តបាន ហើយខ្ញុំគិតថា នេះជាយុទ្ធសាស្ត្រនៅក្នុងវិស័យកសិកម្ម ក្នុងការជួយបង្កើនចំណូលរបស់ពួកគាត់ ព្រោះគាត់ចំណាយថ្លៃដើមស្ទើរតែស្មើសូន្យ តែគាត់បានមកវិញនូវផលិតផលរបស់គាត់ ១គុណនឹង២ ទាំងតម្លៃ និងសាច់គោ»៕