ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) គ្រោងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងនេះ ពិនិត្យមើលឱ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។
លោកសោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ឱ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះ ដើម្បីឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងទិន្នន័យទាំងអស់ក្នុងបញ្ជីឱ្យឃើញថា ពិតជាត្រឹមត្រូវ ដូចទៅនឹងទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត នៅពេលខាងមុខ។
លោកពន្យល់ថា ក្នុងករណីពិនិត្យមើលឃើញឈ្មោះរបស់ខ្លួនហើយ ប៉ុន្តែឈ្មោះនោះបានកត់ត្រាទិន្នន័យខុស ប្រជាពលរដ្ឋទាំងនោះមានសិទ្ធិប្តឹង ដើម្បីស្នើសុំកែតម្រូវឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត ដោយត្រូវនាំយកមកជាមួយនូវឯកសារ ដើម្បីបញ្ជាក់ថា ទិន្នន័យរបស់ខ្លួន ដែលមិនបានកត់ត្រាត្រឹមត្រូវនោះ គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត។
លោកសោម សូរីដា បន្ថែមថា នៅពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះ ប្រជាពលរដ្ឋក៏មានសិទ្ធិប្តឹងជំទាស់ចំពោះជនណាមួយ ប៉ុន្តែពួកគាត់ត្រូវមានឯកសារភ័ស្តុតាងបញ្ជាក់គ្រប់គ្រាន់ថា ជននោះ គ្មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ លក្ខខណ្ឌដែលត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺមានសញ្ជាតិខ្មែរ និងមានអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត មានលំនៅឋាន ឬទីសំណាក់នៅក្នុងឃុំ-សង្កាត់ពិតប្រាកដ និងមិនមែនជាពិរុទ្ធជន។
លោកថ្លែងថា៖«ក្នុងពេលបិទផ្សាយបញ្ជីបោះឆ្នោតនេះ ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អាចរកមើលឈ្មោះរបស់គាត់នៅក្នុងបញ្ជីបោះឆ្នោតដំបូង ដែលបញ្ជីនេះមានបិទផ្សាយនៅតាមបណ្តាឃុំ-សង្កាត់ ឬទីប្រជុំជនណាមួយនៅក្នុងឃុំ-សង្កាត់នោះ ឬក៏អាចចូលទៅមើលឈ្មោះរបស់ពួកគាត់នៅលើគេហទំព័រ របស់ គ.ជ.ប. ឬក៏អាចចូលទៅមើលទូរសព្ទដៃ NEC KH»។
ជាមួយគ្នានេះ លោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប.ថ្លែងដែរថា បន្ទាប់ពីបានត្រួតពិនិត្យ និងសម្រេចលើទិន្នន័យអ្នកបោះឆ្នោត ដោយ គ.ជ.ប. និងបន្ទាប់ពីបញ្ចប់ការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការស្នើសុំចុះឈ្មោះបោះឆ្នោត គ.ជ.ប. ត្រូវចាត់ចែង រៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត តាមឃុំ-សង្កាត់នីមួយៗ ដើម្បីបិទផ្សាយជាសាធារណៈ។
លោកបញ្ជាក់ថា៖«គោលដៅនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋបានពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ករណីរកឃើញថា មានកំហុសឆ្គង នៅក្នុងបញ្ជីបោះឆ្នោតដំបូងនោះ»។
របាយការណ៍របស់គ.ជ.ប. បង្ហាញថា ក្នុងរយៈពេល៥០ថ្ងៃ នៃដំណើរការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នៅតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ជាង៥០ម៉ឺននាក់ និងការលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីមានជាង២៥ម៉ឺននាក់។
របាយការណ៍ដដែលបានបន្តថា សរុបប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង មានជាង១០លាននាក់ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ខណៈ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ មានជាង៩លាននាក់។
សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងត្រូវយកទៅបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕