ភ្នំពេញៈ ក្រសួងមហាផ្ទៃត្រៀមផ្សព្វផ្សាយយន្តការថ្មីនៃប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទៅដល់ស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីគោលនយោបាយនេះត្រូវបានដំឡើងជាកម្រិតថ្នាក់ជាតិដែលមានវិសាលភាពអនុវត្តធំជាងមុន។
ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីផ្សព្វផ្សាយប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋានិងមានសមាសភាពចូលរួមពី ប្រធានក្រុមប្រឹក្សានីតិកម្ម និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។
រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃលោក សក់ សេដ្ឋាបានគូសបញ្ជាក់ថា គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ត្រូវបានដំឡើងកម្រិតគោលនយោបាយនេះជាកម្រិតរាជរដ្ឋាភិបាល កាលពីឆ្នាំ២០២១ ដែលត្រូវបានពង្រីកវិសាលភាពអនុវត្តស្ទើរគ្រប់ក្រសួង-ស្ថាប័ន។
លោក ថ្លែងថា៖«យន្តការថ្មីនេះមិនមែនមានវិសាលភាពអនុវត្តត្រឹមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលផ្ដោតតែទៅលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមប៉ុណ្ណោះទេ គឺមានការពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននានាពាក់ព័ន្ធនឹងការងារផ្ដល់សេវាសាធារណៈ បរិស្ថាន អនាម័យ សោភណភាព ការគ្រប់គ្រងគ្រោះមហន្តរាយ ឬជំងឺឆ្លងកាចសាហាវផងដែរ»។
លោកបន្តទៀតថា ផ្អែកលើស្មារតីនៃគោលនយោបាយនេះ តម្រូវឱ្យក្រសួងមហាផ្ទៃបង្កើតលេខាធិការដ្ឋានមួយសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានតួនាទីសម្របសម្រួលជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត។ លោកបញ្ជាក់ថា ការបង្កើតលេខាធិការដ្ឋានថ្មីនេះដើម្បីឱ្យអនុវត្ត និងការរៀបចំចលនាប្រឡងប្រណាំងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទៅតាមវិស័យនីមួយៗ និងរាយការណ៍ជូនរាជរដ្ឋាភិបាលអំពីលទ្ធផលនៃការអនុវត្តគោលនយោបាយ។
លោកបន្ថែមថា ផ្អែកតាមស្មារតីនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវប្រកាសមួយ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
លោកថ្លែងថា៖«ផ្អែកតាមកិច្ចពិភាក្សា អង្គប្រជុំគ្រោងនឹងរៀបចំពិធីផ្សព្វផ្សាយប្រកាសនេះ នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីយល់ជ្រាបអំពីយន្តការថ្មីនេះ»។
ទន្ទឹមនឹងនេះ ដោយសារប្រកាសស្តីពីការបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព កាលពីឆ្នាំ២០១១ និងសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមការងារទទួលខុសត្រូវដឹកនាំត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កាលពីឆ្នាំ២០១០ មានការប្រែប្រួលសមាសភាពមួយចំនួន ហេតុនេះក្រសួងមហាផ្ទៃ កំពុងរៀបចំធ្វើការកែសម្រួលសមាសភាពថ្មី ដើម្បីរៀបចំយន្តការអនុវត្តការងារ ស្របតាមស្មារតីនៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីឆ្នាំ ២០១០ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ លក្ខណសម្បត្តិភូមិ ឃុំ មានសុវត្ថិភាពមានចំណុចសំខាន់ចំនួន៥ រួមមាន១-គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ ២-គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៣-គ្មានអំពើអនាចារ ការជួញដូរស្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ៤-គ្មានក្មេងទំនើង និង៥-គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ។ប៉ុន្តែគោលនយោបាយនេះ ត្រូវបានដំឡើងទៅជាកម្រិតថ្នាក់ជាតិ ដោយមិនត្រឹមតែផ្តោតសំខាន់លើសន្តិសុខ សុវត្ថិភាពប៉ុណ្ណោះទេ ក៏ត្រូវផ្តោតលើមុខងារថ្មីបន្ថែមទៀត គឺការផ្ដល់សេវាសាធារណៈ បរិស្ថាន អនាម័យនិងសោភណភាពផងដែរ៕