កំពង់ឆ្នាំងៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត​ ទីណា ចង់ឱ្យមាន​កិច្ចសហការ​ល្អ រវាង​សហគមន៍​អ្នក​ផលិត​ពូជ អ្នក​ដាំ​ដំណាំ​ស្រូវ និង​រោង​ម៉ាស៊ីនកិនស្រូវ ដែល​ស្ថិតនៅ​សហគមន៍​កសិកម្ម​កំពង់​អុស​ពន្លឺ​ច័ន្ទ នៅ​ឃុំ​កំពង់​អុស ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង សំដៅ​កែទម្រង់​កសិកម្ម ដោយ​កាត់បន្ថយ​ថ្លៃដើម និង​ពង្រឹង​ភាព​ធន់​របស់​កសិករ តាមរយៈ​ការ​ចងក្រង​ជា​រចនាសម្ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​។​

​លោក​យ៉ង សាំង​កុមារ រដ្ឋ​ល​ខា​ធិ​ការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​២១ ខែធ្នូ ថា រូបលោក និង​លោក ​ឌិ​ត ទីណា រដ្ឋមន្ត្រី​​ក្រសួងកសិកម្ម បាន​ចុះ​បេសកកម្ម​ទៅកាន់ សហគមន៍​កសិករ​អ្នក​ផលិត​ស្រូវ​នៅ​ឃុំ​កំពង់​អុស ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​ ២០ ខែធ្នូ​។ ការចុះ​ទៅនេះ គឺ​ដើម្បី​ពិនិត្យមើល​ការផ្តួចផ្តើម​គំនិត​សហការ រវាង​សហ​គម​ន៍​អ្នក​ផលិត​ពូជ កសិករ​អ្នក​ដាំ​ស្រូវ និង​រោង​ម៉ាស៊ីន​ប្រមូល​ទិញស្រូវ​។

​លោក​បញ្ជាក់ថា អ្វីដែល​សំខាន់ ក្នុងនោះ គឺ​ទី​ ១ ក្រសួងកសិកម្ម សម្របសម្រួល​ធ្វើ​យ៉ាងណា ចង់ឱ្យ​ក្រុម​អ្នក​ផលិត​ពូជស្រូវ បានទទួល​ពូជ ដែល​បាន​ចុះ​បញ្ជិកា​ហើយ ដែល​ក្រសួង​ត្រួតពិនិត្យ​ទទួលស្គាល់ថា ជា​ពូជ​ល្អ ហើយ​កសិករ​ដែល​ផលិត​ពូជ តាម​ស្រូវពូជ​នោះ​ទទួលបាន​កិច្ចសន្យា​ទីផ្សារ​ស្រូវ ក្នុងតម្លៃ​ ១ ដែល​សមរម្យ​។​

​លោក​ថ្លែងថា​៖ «​ជារួម ការងារ​ដែល​យើង​ចាប់ផ្តើម​ធ្វើ​នេះ គឺ​យើង​មាន​កសិករ​​អ្នក​ផលិត​ស្រូវ​ចំណី មាន​អ្នក​ផលិត​ស្រូវ​​ពូជ មាន​អ្នក​ទិញស្រូវ​ចំណី​ពី​កសិករ​ទៅ​កែច្នៃ​ជា​អង្ករ ហើយ​លក់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ និង​ធ្វើយ៉ាងណា​ឱ្យ​តួអង្គ​ទាំង​៣​ហ្នឹង​ធ្វើការ​រួមគ្នា​» ។

​លោក​បន្តថា ការចុះទៅ​ខេត្តកំពង់ឆ្នាំង​នេះ ក្រសួងកសិកម្ម គាំទ្រ​ដល់​សហគមន៍​កសិករ ដើម្បី​ទទួលបាន​ពូជ​ល្អ បច្ចេកទេស និង​របៀប​កាត់បន្ថយ​ថ្លៃដើម​ផលិត ព្រម​​ទាំង​ទទួលបាន​កិច្ចសន្យា​ទីផ្សារ​ជាមួយ​រោង​ម៉ាស៊ីន​ចំនួន ៣ នៅ​ទីនោះ​ទៀតផង​។ លោក​ឱ្យដឹងថា ចេញពី​ខេត្តកំពង់ឆ្នាំង រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក​ឌិ​ត ទីណា បាន​បន្ត​បេសកកម្ម​ទៅកាន់​ខេត្តកំពង់ធំ​ទៀត​នៅ​ថ្ងៃទី ​២១ ខែធ្នូ ដែល​នេះ​ជាការ​ចាប់​ផ្តើម ដើម្បី​ឈានទៅ​សម្រេច​ផែនការ​ធំ សម្រាប់​កសិករ និង​សង្គមជាតិ​ទាំងមូល​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា ឱ្យដឹងថា បេសកកម្ម​នេះ​មាន​គោលដៅ​ចុះទៅ​ពិនិត្យមើល​ទីតាំង​បង្កាត់​ពូជស្រូវ ដែលមាន​​គុណភាព និង​ផ្ដល់​ទិន្នផល​ខ្ពស់ សម្រាប់​ប្រជាកសិករ នា​រដូវ​ធ្វើស្រែ​ខាងមុខ​។ ក្នុងឱកាស​ចុះទៅ​ខេត្តកំពង់ឆ្នាំង លោក​រដ្ឋមន្ត្រី​បានលើកឡើង​ពី​បេសកកម្ម​កែទម្រង់​ក​សិ​កម្ម​កម្ពុជា ឱ្យក្លាយ​ទៅជា​កសិកម្ម​ទំនើប ដោយ​ជំរុញ​ការប្រើប្រាស់​គ្រឿងយន្ត​ក​សិ​កម្ម​។

​ប្រើប្រាស់​ពូជស្រូវ​ដែលមាន​គុណភាព ដើម្បី​ឈានទៅ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាកសិករ និង​ពង្រឹង​ភាព​ធន់​របស់​ប្រជាកសិករ តាមរយៈ​ការរៀបចំ​ចងក្រង​ពួកគាត់​ឱ្យមាន​រចនាសម្ព័ន្ធ​សមស្រប ដែល អាចធ្វើ​ការ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បញ្ជាក់​នៅ​ថ្ងៃទី​ ២១ ខែធ្នូ ថា ក្នុងឱកាស​ចុះមក​ខេត្តកំពង់ឆ្នាំង​លោក​ ឌិ​ត ទីណា បាន​ចុះទៅ​សួរសុខទុក្ខ​សហគមន៍​ផលិត​ពូជស្រូវ សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ និង​ប្រាប់​ឱ្យ​សហគមន៍​ចូលរួម​ធ្វើការ​ប្រមូល​ផ្តុំគ្នា ដើម្បី​ចុះកិច្ចសន្យា​ប្រមូល​ទិញ ក្នុងតម្លៃ​ណាមួយ​ដែល​សមស្រប​។

​លោក​ថា ការងារ​ផលិត​នេះ​ជា​ជំហាន​ដំបូង សហគមន៍ និង​រោង​ម៉ាស៊ីន បាន​យល់ព្រម​ចុះ​កុងត្រា​ជាមួយគ្នា​លើ​ផ្ទៃដី​ ១០០ ​ហិកតា ក្នុង​សហគមន៍​កសិកម្ម​កំពង់​អុស​ពន្លឺ​ច័ន្ទ ដែលមាន​ ៣ ​រោង​ម៉ាស៊ីន​។ តាម​ការបញ្ជាក់​ពី​សហគមន៍ ទិន្នផល​ក្នុង​ ១ ​ហិកតា​ជា​មធ្យម ប្រមាណ​ ៥​ តោន​ក្នុង​ ១​ រដូវ ធ្វើបាន​ ២ ​ដង​។

​លោក​ថ្លែងថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី [​ឌិ​ត​ ទីណា​] លោក​ផ្តោត​សំខាន់​ឱ្យ​អ្នក​ផលិត ជាមួយនឹង​អ្នកប្រមូល​ទិញ មាន​ភាព​ស្មោះ​ត្រង់​នឹង​គ្នា ហើយ​ជជែក​គ្នា​ឱ្យ​បានល្អ​​ប្រសើរ​។ សំខាន់​អ្នក​ផលិត និង​អ្នកទិញ គឺ​និយាយ​គ្នា ចៀសវាង​ការផលិត​ហើយ មិនមាន​អ្នកប្រមូល​ទិញ​»​។

​លោក​ ងិន ហ៊ុន ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២​ ខេត្តកំពង់ឆ្នាំង​បាន​ប្រមូល​ផល​ស្រូវវស្សា លើ​ផ្ទៃដី​ប្រមាណ​ ៩ ​ម៉ឺន​ហិកតា​ហើយ ក្នុង​ផែនការ​ ១២​ ម៉ឺន​ហិកតា​ជាង​។ តាមរយៈ​ការចុះទៅ​ពិនិត្យ​ជាក់ស្តែង​នៅ​ថ្ងៃទី​ ២០ ធ្នូ ស្រូវប្រាំង​ឆ្នាំ​ ២០២២​ នេះ​នៅ​មិនទាន់បាន​ប្រមូល​ផល​នៅឡើយ​ទេ ខណៈ​អ្នកខ្លះ​នៅ​មិនទាន់បាន​ដាំ​ដុះ​ផងដែរ ដោយសារ​ទឹក​ទើបតែ​ស្រក​។ លោក​ថា ជារួម ផែនការ​ស្រូវ​ប្រាំង​មាន ៣៧ ០០០​ ហិកតា ប៉ុន្តែ​ពេលនេះ ទើបតែ​ធ្វើបាន​ប្រមាណ ២០% ​ប៉ុណ្ណោះ​៕

វីដេអូ៖