ភ្នំពេញៈ មនុស្សជិត ៩០០ នាក់ បានស្លាប់ និងរងរបួស ដោយសារធ្វើអត្តឃាតនៅទូទាំងប្រទេសកម្ពុជា ក្នុងនោះភាគច្រើននៅរាជធានីភ្នំពេញ។ នេះបើតាមតារាងទិន្នន័យស្ដីពីគ្រោះថ្នាក់សង្គមប្រចាំឆ្នាំ ២០២២ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីមន្ត្រីជំនាញនៃអគ្គស្នងការនគរបាលជាតិ។
ទិន្នន័យនេះបានបង្ហាញថា «មនុស្សចំនួន ៨៧៣ នាក់បានស្លាប់ និង១៣នាក់ទៀតបានរងរបួស ក្នុងនោះរាជធានីភ្នំពេញ ត្រូវបានកត់ត្រាថា មានការធ្វើអត្តឃាតច្រើនជាងគេនៅក្នុងឆ្នាំនេះ ដោយមានចំនួន ១២៣ ករណី ក្នុងនោះអ្នកធ្វើអត្តឃាតចំនួន ១១៩ នាក់បានស្លាប់ និង៤នាក់ទៀតបានរងរបួស»។
បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ត្រូវបានគេកត់ត្រាថា មានមនុស្ស ៧១ នាក់ បានធ្វើអត្តឃាត ក្នុងនោះ ៦៤ នាក់បានស្លាប់ និង ៧នាក់ទៀតរងរបួស ខណៈខេត្តកំពង់ចាមដែលជាប់ចំណាត់ថ្នាក់លេខរៀងទី ៣ ដែលមានករណីអត្ឃាតច្រើន បន្ទាប់ពីរាជធានីភ្នំពេញនិងខេត្តបាត់ដំបងនោះ ត្រូវបានគេកត់ត្រាថា មានមនុស្ស ៦៦ នាក់បានធ្វើអត្តឃាត ហើយគ្មាននរណាម្នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលនោះទេ។
តាមរយៈតារាងទិន្នន័យដដែលនោះ ក្នុងចំណោមរាជធានី-ខេត្តទាំង ២៥ នៅទូទាំងប្រទេសកម្ពុជាគឺមានតែខេត្តរតនគិរី ប៉ុណ្ណោះ ដែលត្រូវបានគេកត់ត្រាថា មានករណីធ្វើអត្តឃាតតិចជាងគេ គឺមានចំនួន ៦ ករណី ហើយជនរងគ្រោះបានស្លាប់ទាំងអស់។
យោងតាមរបាយការណ៍ព័ត៌មានដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីអាជ្ញាធរមូលដ្ឋាននាពេលកន្លងមក បានបង្ហាញថា ជនធ្វើអត្តឃាត ភាគច្រើនធ្វើសកម្មភាពសម្លាប់ខ្លួនឯង ដោយការចងក លេបថ្នាំពុល លោតទឹក លោតពីលើអគារ ប្រើសាំងដុតសម្លាប់ខ្លួន និងប្រើអាវុធបាញ់សម្លាប់ខ្លួនឯង ហើយមូលហេតុនៃការធ្វើអត្តឃាត ភាគច្រើន ជាប់ពាក់ព័ន្ធនឹងបំណុលច្រើនហួសប្រមាណ បាក់ទឹកចិត្ត ព្រោះស្នេហាប្រេះឆា និងក្រោមស្ថានភាពធ្ងន់ធ្ងរនៃជំងឺរ៉ាំរ៉ៃ ឬវិកលចរិត ដោយសារឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀន។
«រាល់ការធ្វើអត្តឃាត គឺជាសោកនាដកម្ម ដែលជះឥទ្ធិពលយូរអង្វែងលើអ្នករស់រានមានជីវិត រួមទាំងក្រុមគ្រួសារ សហគមន៍ និងប្រជាជាតិទាំងមូល។ វាជាមូលហេតុធំបំផុតទី ៤ នៃការស្លាប់នៅទូទាំងពិភពលោក ក្នុងចំណោមអ្នកដែលមានអាយុពី ១៥-២៩ ឆ្នាំ»។ នេះបើតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO)។
របាយការណ៍នោះបានគូសបញ្ជាក់ថា ទោះបីជាមានការជាប់ទាក់ទងគ្នាខ្លាំងរវាងជំងឺផ្លូវចិត្ត និងការធ្វើអត្តឃាតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ជាពិសេសជំងឺធ្លាក់ទឹកចិត្ត និងការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនហួសប្រមាណក៏ដោយ ក៏ការធ្វើអត្តឃាតភាគច្រើនកើតឡើងដោយអន្ទះអន្ទែងក្នុងគ្រាមានវិបត្តិ ដោយសារការបែកបាក់នៃយន្តការទប់ទល់នឹងភាពតានតឹងក្នុងជីវិត ដូចជា ការឈឺចាប់រ៉ាំរ៉ៃ និងជំងឺ រួមទាំងការលំបាកផ្នែកហិរញ្ញវត្ថុ និងការបែកបាក់ទំនាក់ទំនងជាដើម។
បើតាមអង្គការ WHO ករណីធ្វើអត្តឃាតបានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យមានការព្រួយបារម្ភខ្លាំងចាប់តាំងពីឆ្នាំ ២០១៦ មក។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ករណីនេះបានផ្ទុះឡើងខ្លាំងចាប់តាំងពីឆ្នាំ២០១៨ ដោយមានអ្នកស្លាប់ក្នុងករណីធ្វើអត្តឃាតចំនួន ៨៣៦ នាក់ ស្មើនឹង ១,០២ ភាគរយនៃចំនួនអ្នកស្លាប់ដោយជំងឺមិនឆ្លង ១ សែននាក់។
ទន្ទឹមនឹងនេះ គេក៏ពុំឃើញមានប្រទេសណាមួយនៅក្នុងពិភពលោកអះអាងថា បានដោះស្រាយបញ្ហានេះដោយជោគជ័យនៅឡើយទេ។
យ៉ាងណាក៏ដោយ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត (MDO) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការរងនូវសម្ពាធអយុត្តិធម៌សង្គម និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាកត្តាជំរុញឱ្យបុគ្គលមួយចំនួនជាប់គាំងផ្នែកគំនិត ហើយឈានទៅរកការកើតមានជំងឺធ្លាក់ទឹកចិត្ត ហើយបើធ្ងន់ធ្ងរ អ្នកជំងឺបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ហើយគិតចង់ធ្វើអ្វីមួយដែលខ្លួនចង់ធ្វើដោយចិត្តអន្ទះសាមិនខ្វល់អំពីជីវិតខ្លួនឯងហើយនឹកឃើញចង់ធ្វើអត្តឃាត។
លោកបានបញ្ជាក់ថា៖ «កង្វះយន្តការអប់រំផ្សព្វផ្សាយអំពីបញ្ហាសុខភាពផ្លូវចិត្តក៏ជាផ្នែកមួយដែលជំរុញឱ្យមនុស្សភាគច្រើនងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពធ្ងន់ធ្ងរនៃជំងឺធ្លាក់ទឹកចិត្ត...ឈានទៅរកការធ្វើអត្តឃាត ដូច្នេះដំណោះស្រាយចាំបាច់ និងបន្ទាន់នោះគឺការរៀបចំយន្តការបញ្ជ្រាបការអប់រំពីបញ្ហាសុខភាពផ្លូវចិត្តនិងការផ្ដល់ការគាំពារផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ច ឱ្យដល់សហគមន៍មូលដ្ឋាន»។
ចំណែកលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកជំងឺវិកលចរិតរ៉ាំរ៉ៃ និងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ដោយសារកង្វះការលើកទឹកចិត្ត ភាពក្រីក្រ ឬការទទួលរងនូវអំពើហិង្សានានា ច្រើនហួសប្រមាណ និងការរើសអើងក៏ជាកត្តាជំរុញឱ្យមានអំពើអត្តឃាតផងដែរ។
លោកបានបញ្ជាក់ថា៖ «ការដឹងខ្លួនជាមុនថា មានបញ្ហាសុខភាពផ្លូវចិត្ត ហើយទៅប្រឹក្សារកដំណោះស្រាយនៃបញ្ហា ដែលកំពុងកើតមាន ឬទទួលយកការព្យាបាលពីគ្រូពេទ្យជំនាញគឺជារឿងសំខាន់បំផុតដែលអ្នកជំងឺអាចគ្រប់គ្រងភាពតានតឹង និងថប់អារម្មណ៍របស់ខ្លួនបាន ជាពិសេស អាណាព្យាបាល ឬសមាជិកគ្រួសារ ត្រូវផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់អ្នកជំងឺឱ្យទទួលការព្យាបាលឱ្យបានទាន់ពេលវេលា»។
បើតាមលោក សុបុត្រា បច្ចុប្បន្ន ការស្វែងយល់អំពីបញ្ហាសុខភាព ជាពិសេសសុខភាពផ្លូវចិត្តរបស់ពលរដ្ឋខ្មែរ នៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យគ្រប់អង្គភាពនិងស្ថាប័នជំនាញទាំងអស់ដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាសុខភាព ត្រូវបង្កើនកិច្ចសហការ អប់រំផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ ចំណេះដឹងជាមូលដ្ឋាននៃការថែទាំសុខភាពរាងកាយ និងផ្លូវចិត្ត ដល់ពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទូលំលាយ និងប្រកបដោយបរិយាប័ន្ន៕